លោក​អភិបាលខេត្ត​ និង​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្តែក

លោក​អភិបាលខេត្ត​ និង​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្តែក



កំពង់ចាម ​៖ ​នៅ​ក្នុង​ពេល​ដែល​អាកាសធាតុ​ក្តៅ​រាំងស្ងួត​​ ​បឹងបួ​​ព្រែក​ស្ទឹង​អណ្ដូង​បាន​រីង​គ្មាន​ទឹក ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​កង្វះ​ទឹក​យ៉ាង​ខ្លាំង ​សូម្បីតែ​សត្វ​ពាហនៈ​ក៏​ខ្វះ​ទឹក​ដែរ​នោះ ​ដំណោះស្រាយ​ចំពោះ​មុខ​​​លោក​ឧត្ដមសេនីយ៍ទោ​ បែន​រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និង​លោក​លន់ លឹម​ថៃ​អភិបាលខេត្ត​កំពង់ចាម​បាន​ចុះ​ចែក​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​គឺ​៖១​ភូមិ​ត្រប់​ ២​​ភូមិ​កប៉ាល់ ​និង​ភូមិ​ពោធិ​ស្ទាវ​ ស្ថិតនៅ​ឃុំ​សណ្តែក​ ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម។

លោក​ឧ​ត្ត​ម​សេនីយ​ទោ ​បែន ​រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ថា​បន្ទាប់ពី​​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ប្រជាជន​នៅ​ក្នុង​ឃុំ​សណ្តែក​ ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​យ៉ាង​ខ្លាំង​ លោក​និង​លោក​អភិបាលខេត្ត​ ក៏បាន​ដឹកនាំ​កម្លាំង ​នគរបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ចែក​ទឹក​ស្អាត​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។

លោកស្នងការ​បាន​បញ្ជាក់​ថា​ ការ​ដឹកជញ្ជូន​ទឹកស្អាត​នេះ​គឺ​លោក​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ចំនួន​២​គ្រឿង​ដឹក​ទឹក​ស្អាត​ក្នុង​១​ថ្ងៃ​ចំនួន​១២​ឡាន​ស្មើនឹង​១២០០០​លីត្រ​ជូន​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ដែល​ស្ថិតក្នុង​ឃុំ​សណ្តែក។

លោកស្នងការ​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ផ្តល់​ទឹក​ជូន​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​២៨-២៩​ខែ​មេសា​ ឆ្នាំ​២០១៦ ​និង​បន្ត​ទៀត​ជា​រៀងរាល់ថ្ងៃ​រហូត​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់ ​និង​រហូតដល់​ភ្លៀង​ធ្លាក់​មាន​ទឹក​បរិបូណ៌។

ក្នុងនោះដែរ​លោកស្នងការ​ក៏បាន​យក​ទឹក​មួយ​ចំនួន​ចាក់​ក្នុង​ស្រះ​ដើម្បី​សង្គ្រោះ​មច្ឆា​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ផុត​ពូជ​នៅពេល​ស្រះ​ត្រូវ​រីង​ទឹក​អស់។

លោក​លន់លឹម​ថៃ​ អភិបាលខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ថា ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ទុក្ខ​លំបាក​របស់​ថ្នាក់ដឹកនាំ​ ហើយ​រូបលោក​ផ្ទាល់​(​លន់លឹម​ថៃ​) និង​លោកស្នងការ​បែន​ រ័ត្ន​ ដែល​ពេលនេះ​បាន​យក​ទឹក​មក​ចែកជូន​ប្រជាពលរដ្ឋ​បំពេញ​តាម​តម្រូវការ​ជាបន្ទាន់​គឺ​មិន​អាច​ព្រងើយកន្តើយ​ឡើយ។

ក្នុងនោះដែរ​លោក​លន់លឹម​ថៃ​បានផ្តល់​ថវិកា​​មួយចំនួន​ជូន​កងកម្លាំង​នគរបាល​
(​សម្រាប់​ដោះស្រាយ​បាយទឹក​) ​ដែល​បាន​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​គ្រា​លំបាក​នេះ។

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សណ្តែក​បាន​ថ្លែងអំណរគុណ​ដោយ​ក្ដី​សោមនស្ស​ចំពោះ​កាយវិការ​និង​ការ​យកចិត្តទុកដាក់​ពី​លោក​អភិបាលខេត្ត ​និង​លោកស្នងការ​ នៅ​គ្រា​លំបាក​ ដោយ​បញ្ហា​កង្វះ​ទឹក​ពេលនេះ​ពួកគាត់​ដឹងគុណ​ និង​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​របស់​ថ្នាក់ដឹកនាំ៕​

​ ​ ​ ​ ​ ​ ​ ​ ​
លោក​អភិបាលខេត្ត​ និង​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្តែក