ប៉ូលិស​បើករថយន្ត​បុក​ផ្ទះ​អ្នកលក់​ទូ​ស័ព្ទ និង​អ្នកលក់​បាយ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ជា​ផ្ទះ​អ្នកលក់​ទូ​ស័ព្ទ និង​អ្នកលក់​បាយ​២​កន្លែង​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​លោក​ប៉ូលិស​បើករថយន្ត​បោល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេ​សា ២០១៦​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុ​ត្រពាំង​ប្រាសាទ​។

ម្ចាស់​ហាង​លក់​ទូ​ស័ព្ទ​ឈ្មោះ​ឆាយ  លី​អ័​រ និង​អាហារ​ដ្ឋា​ន​លក់​បាយ​ដែល​មាន​យីហោម៉ាក់​រក្សា ត្រូវ​បាន​លោក​អនុសេនីយ៍ទោ កែវ មឿ​ន ប៉ូលិស​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ
បើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំ​២AA.៥៣.៥៨ បើកបរ​ក្នុង​លឿន​បោះពួយ​ទៅ​បុក​ខូចខាត​ស្ទើ​ទាំងស្រុង​។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​លោក​ប៉ូលិស​រូប​នេះ ផឹកស្រា​ស្រវឹង​ជោកជាំ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ក្នុងស្រុក​យ៉ាង ស្រាប់តែ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ពួក​ខ្លួន​កំពុង​លង់លក់​ក្នុង​ដំណេក​ផង ក៏​ភ្ញាក់​នឹង​សម្លេង​បុក​ឮ​សូរដូច​គ្រាប់​ផ្ទុះ អ្នក​ភូមិ​ក្រោកពីដំណេក​រត់​មក​ចោមរោម​មើល តែ​សំណាងល្អ​មិន​មាន​មនុស្ស​នរណា​ម្នាក់​រង​របួស​។

ទាក់ទិន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នា​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ លោក​វរសេនីយ៍ត្រី អិុន កាយ អធិការ​ត្រពាំង​ប្រាសាទ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កដោយ​រថយន្ត​លោក​កែវ មឿ​ន ប៉ូលិស​អធិការ​ស្រុក​នោះ ខាង​ភាគី​ម្ចាស់​លំនៅ​ឋាន​បាន​ព្រមព្រៀង​ឲ្យ​ម្ចាស់​រថយន្ត​ចេញ​សង​ត្រឹមតែ​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​៕