ព្រះរាជអាជ្ញា កំពុង​សាកសួរ​មន្ត្រី​អាដហុក និង​មន្ត្រី គ​.​ជ​.​ប​

​ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ និង​លោក មាស ច័ន្ទ​ពិសិដ្ឋ  កំពុង​សាកសួរ​មន្ត្រី​មន្ត្រី​អាដហុក និង​មន្ត្រី​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​ទៅ​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា នេះ​។ មន្ត្រី​អង្គការ​អាដហុក​៤ រូប​រួមមាន​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី ចំណែក​មន្ត្រី គ​.​ជ​.​ប គឺ​លោក នី ចរិយា​។

​យ៉ាងណាក៏ដោយ ម​ន្រី្ត​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប មិនទាន់​ត្រូវបាន​ចោទប្រកាន់​ពីបទ​អ្វី​នោះទេ ព្រោះ​ដំណាក់កាល​នេះ គ្រាន់តែ​ជា​នីតិវិធី​ដំបូង​នៃ​ការសួរនាំ ទាក់ទង​នឹង​អង្គហេតុ ដែល​ACU​បញ្ជូនទៅ​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា កាលពី​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​៣០ ខែមេសា ម្សិលមិញ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​ខ្លួន​អ្នក​ទាំង​៥ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​ហើយ  ប៉ុន្តែ​ក្រោយពី​នាំខ្លួន​ចូលក្នុង​តុលាការ​បាន​ជាង​១០ នាទី សមត្ថកិច្ច​ក៏​បញ្ជូន​ពួកគេ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​៕