បុរស​ប្រមឹក​ម្នាក់​ ជិះ​ម៉ូតូ​កាន់​ដប​ស្រា និង​សាច់​ក្លែម​ ទៅ​មុខ​លែង​រួច​ ចត​ម៉ូតូ​ចោល ដេក​សន្លប់​ក្នុង​ដី​ឡូត៍

បុរស​ប្រមឹក​ម្នាក់​ ជិះ​ម៉ូតូ​កាន់​ដប​ស្រា និង​សាច់​ក្លែម​ ទៅ​មុខ​លែង​រួច​ ចត​ម៉ូតូ​ចោល ដេក​សន្លប់​ក្នុង​ដី​ឡូត៍



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ​ ដោយ​ជិះ​កាន់​ដប​ស្រា​ និង​មាន​សាច់​ក្លែម ​នៅ​ក្នុង​ស្បោង​​ លុះ​ជិះ​ម៉ូតូ​ទៅមុខ​លែង​រួច គាត់​ក៏បាន​ចត​ម៉ូតូ​ទុកចោល​តាម​ចិញ្ចើម​ផ្លូវ ​​​ហើយ​ដើរ​ចេញពី​ម៉ូតូ​បាន​បន្តិច ​ក៏​ដួល​សន្លប់​ស្ដូកស្ដឹង​មិន​ដឹង​ខ្លួន។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ព្រោះ​គេ​នឹកស្មាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ឬ​ជា​អំពើ​ឃាតកម្ម​អ្វី​ផ្សេងៗ ​ប៉ុន្ដែ​នៅ​ពេល​គេ​មក​មើល​ដល់​ចំណុច​កើតហេតុ ទើប​ដឹង​ថា ជា​មនុស្ស​ប្រមឹក​សោះ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​បេ​តុ ជាប់​ដី​ឡូត៍​​ទំនេរ ខាងក្រោយ​ស្ថានីយ​ប្រេងសាំង​កាល់​តិច ស្ថិតក្នុង​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ប្រមឹក​នោះ​ ​​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​​​នោះ​ឡើយ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​សេ 90 ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ឍ​6819 ភព​1 តាម​ផ្លូវ​បេតុង​ពី​ត្បូង​ទៅ​ជើង ដោយ​ស្ថាន​ភាព​ស្រវឹង​ជោកជាំ​។​

តាម​ប្រភព​ព័ត៌មាន ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​នេះ ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា ដោយ​បើក​រេ​ចុះ​រេ​ឡើង ដោយ​នៅ​ក្នុង​ដៃ​មាន​កាន់​ដប​ស្រា​ថ្នាំ​កន្លះ​ដប និង​សាច់​ក្លែម​មួយ​ស្បោង​ទៀត​ផង។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ បាន​ចត​ម៉ូតូ​ទុកចោល នៅក្បែរ​ចិញ្ចើមផ្លូវ ហើយ​ដើរចូល​ក្នុង​ដី​ឡូ​ត៍​ទំនេរ​មួយកន្លែង នៅក្បែរនោះ។ ប៉ុន្ដែ​គ្រាន់តែ​ដើរ​ចេញពី​ម៉ូតូ​បាន​បន្ដិច ស្រាប់តែ​ដួលសន្លប់​ស្តូកស្តឹង នៅ​ទីនោះ​តែម្តង។

ប្រភព​បន្ដថា នៅពេល​ឃើញ​ដូច្នេះ គេ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច លុះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មក​ពិនិត្យមើល ទើប​ដឹងថា ជា​មនុស្ស​ស្រវឹងស្រា​សោះ មិនមែនជា​ករណី​ឃាតកម្ម ឬ​គ្រោះថ្នាក់​ចរាចរ​នោះឡើយ​។ ទោះជា​យ៉ាងណា នគរបាល បាន​ជួយ​អន្តរាគមន៍​ហៅ​រថយន្ដ​​សង្គ្រោះ​ដឹក​ជន​ប្រមឹក​ទៅ​ពេទ្យ​ឯកជន ដើម្បី​ជួយសង្គ្រោះ និង​បាន​យក​ម៉ូតូ​ទៅ​រក្សាទុក នៅ​ប៉ុស្ដិ៍​ចោមចៅ​មួយ​អន្លើ​​សិន​រង់ចាំ​ក្រុម​គ្រួសារ​មក​យក​ទៅ​វិញ។

គេ​និយាយថា មិនគួរ​ណា​គាត់​ផឹកស៊ី​រហូតដល់​ពិបាក​ដល់​សមត្ថកិច្ច​បែប​នេះ​ទេ។ នេះ​បាន​ចំ​ជា​អ្នក​ផឹក​ប្រាកដ​មែន៕

បុរស​ប្រមឹក​ម្នាក់​ ជិះ​ម៉ូតូ​កាន់​ដប​ស្រា និង​សាច់​ក្លែម​ ទៅ​មុខ​លែង​រួច​ ចត​ម៉ូតូ​ចោល ដេក​សន្លប់​ក្នុង​ដី​ឡូត៍