ប្រភពទម្លាយថា លោក ប៉ែន ចំរ៉ុង កំពុងដាក់ពាក្យប្តឹងលែង ភិន សុដាលីស

ភ្នំពេញ៖ ដំណឹងដ៏រស៊ើបពាក់ព័ន្ធនឹងលោក ប៉ែន ចំរ៉ុង ជាមួយ ភិន សុដាលីស ត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃអាទិត្យ ទី១ ឧសភា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថាតារាសម្តែងលោក ប៉ែន ចំរ៉ុង ពិតជាបានដាក់ពាក្យសុំលែងភរិយារបស់ខ្លួន ឈ្មោះ ភិន សុដាលីស ប្រាកដមែន ដោយបញ្ជាក់ថា មិនអាចរស់នៅចុះសម្រុងគ្នាបន្តទៅទៀតបាន។

យ៉ាងណាមិញ លោកប៉ែន ចំរ៉ុង បានប្រាប់ពេលប្រភពព័ត៌មាន វីអូឌី សុំការបកស្រាយថា៖ «ខ្ញុំកំពុងរវល់! សម្រាប់រឿងហ្នឹងខ្ញុំអត់ចង់បកស្រាយ សុំទោស!»។ ចំណែកភាគីខាង ភិន សុដាលីស ដែលត្រូវគេដឹងថាកំពុងពរពោះកូនដំបូងប្រមាណជាង ៣ខែ មិនអាចសុំការបំភ្លឺបាន ព្រោះខលចូលមិនមានអ្នកលើក។

ក្នុងនោះប្រភពពីតារាមួយរូបដែលស្និទ្ធខាងប្រុស សុំមិនបញ្ចេញឈ្មោះ ប្រាប់ប្រភពព័ត៌មានដដែលថា ពួកគេទាំងពីរនាក់ (ចំរ៉ុង និងដាលីស) មិនដឹងនរណាខុសទេ តែដឹងថាឈ្លោះគ្នាខ្លាំងនៅអំឡុងដើមខែមីនា ចំណែករឿងដាក់ពាក្យប្តឹងលែង ខ្លួនទើបតែបានដឹងដែរទេ។

ប្រភពដែលទម្លាយបានអះអាងទៀតថា ទំនងជាមានអ្នកទីបីជ្រៀតជ្រែក ស្របពេល ភិន សុដាលីស បានប្រើពាក្យសម្តីធ្វើឲ្យ លោក ប៉ែន ចំរ៉ុង អត់ទ្រាំមិនបាន ព្រោះលឺថានាងមានសភាពកាចខ្លាំង។

បន្ថែមពីនេះផងដែរ បើក្រឡេកមើលលើហ្វេសប៊ុកវិញ ភិន សុដាលីស ខ្មែរឡូតសង្កេតឃើញថា នាងបានបង្ហោះសារក្រៀមក្រំមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសរសេរថា៖ «អ្នកខ្លះប្រហែលជាមិនជឿនោះទេ តែនេះពិតជាអ្វីដែលកំពុងកើតឡើងមកលើខ្ញុំក្នុងពេលបច្ចុប្បន្ន។ វាគឺជាជម្ងឺបាក់ទឹកចិត្ត ដែលតែងតែតាមលងខ្ញុំគ្រប់ពេល បើខ្ញុំមានសភាពនឹងនរ និងគ្រាន់បើជាងនេះ ខ្ញុំនឹងចែករំលែកវាដល់អ្នកទាំងអស់គ្នា។ វាមិនមែនជារឿងមួយ ដែលគួរឲ្យអៀនខ្មាសនោះទេ តែវាជាការពិត ដែលត្រូវតែទទួលយក និងប្រឈមមុខជាមួយវា»។

នេះជាព័ត៌មានជំហានដំបូង បើមានព័ត៌មានលម្អិតបន្ថែម ខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាបនៅពេលបន្ទាប់៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ ចំពោះដំណឹងដ៏ភ្ញាក់ផ្អើល នាដើមខែឧសភានេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload