ប៉ូលិស​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​រោង​អ្នក​លក់ដូរ​ស្លាប់​ខ្លួនឯង

ខេត្តកណ្តាល ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​បើក​ម៉ូតូ​ទៅ​បុក​នឹង​រោង​អ្នក​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ មេ​សា ២០១៦ លើ​បណ្តោយ​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ។

ជន​រង​គ្រោះ​ឈ្មោះ​ប៉ុក វី​រៈ ហៅ​សុង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ បើក​ម៉ូតូ​ម៉ា​កនិច ពណ៌​ត្រួយ​ចេក គ្មាន​ស្លាក​លេខ បាន​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​។

ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​ច្បារ​អំពៅ​មក​ផ្ទះ​នៅ​ឃុំ​កំពង់ស្វាយ ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុក​រោង​អ្នក​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​។  ភ្លាម​នោះ​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ហើយ​សង្ស័យ​ថា ករណី​នេះ ប្រហែលជា​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ងងុយដេក​ងោក​មួយភាំង ពេល​ម៉ូតូ​កំពុង​មាន​ល្បឿន​ផង ក៏​រេ​ចង្កូត​ទៅ​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ​បុក​នឹង​រោង​គ្រែ​លក់ដូរ​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​តែ​ម្ដង​។

ដោយសារ​ករណី​នេះ ជន​រង​គ្រោះ​បង្ក​ខ្លួនឯង សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕