5​ចំណុច​ជា​គន្លឹះ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​ក្លាយជា​ទីក្រុង​ប្រកបដោយ​គុណភាព​ខ្ពស់

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​ប៉ូ​ល​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​តំបន់​ទន្លេមេគង្គ និង​ជា​ចំណុចប្រសព្វ​នៃ​អ័ក្ស​អភិវឌ្ឍន៍​សំខាន់​ៗ​របស់​ជាតិ និង​តំបន់ ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ស្មើនឹង​៥៣%​នៃ​ប្រជាពលរដ្ឋ​ទីក្រុង​សរុប ។ ដូចនេះ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ដែល​អាច​រស់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ជម្នះ​នូវ​បញ្ហា​ប្រឈម និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ ព្រមទាំង​តម្រូវ​ឲ្យ​មាន​ជម្រើស​ដំណោះស្រាយ​ល្អ​ៗ និង​ការ​អនុវត្ត​ប្រាកដប្រជា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

ថ្លែង ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី « ការ​រៀបចំ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ បញ្ហា​ប្រឈម និង​ដំណោះស្រាយ » នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប​នី​កម្ម​ថ្នាក់​ជាតិ បាន​មាន​ប្រសាសន៍​ថា ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ មាន​ចក្ខុវិស័យ​រហូត​ដល់​ឆ្នាំ​២០៣៥ និង​មាន​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ៗ​ចំនួន​៥ ដូច​ជា ៖

១-​ភ្នំពេញ​ជា​ប៉ូ​ល​ស្នូល
២-​ភ្នំពេញ​ជាទី​ក្រុង​ប្រកបដោយ​គុណភាព​អន្តរជាតិ
៣-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បម្រុង​ទុក​ចាំបាច់
៤-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មានការ​រៀបចំ​នគរូបនីយកម្ម​ជាទី​ក្រុង​ធំ
៥-​ភ្នំពេញ​ជាទី​ក្រុង​ដែល​មានការ​ការពារ​បេ​តិក​ភ័​ណ្ឌ​តំបន់​ពិសេស​នានា និង​តំបន់​ទេសភាព​ទីក្រុង ។

ក្នុង ​នោះ​ក៏​មាន​យុទ្ធសាស្ត្រ​តូច​ៗ​ចំនួន​២៨ ផែនការ​សកម្មភាព​អភិវឌ្ឍន៍ និង​អភិរក្ស​រយៈពេល​វែង រយៈពេល​មធ្យម និង​ចំពោះ​មុខ​ផង​ដែរ ។ បន្ទាប់​ពី​ប្លង់​គោល​នេះ រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ផែនការ​ប្រើប្រាស់​ដី ប្លង់​លម្អិត​នគរូបនីយកម្ម និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​អភិវឌ្ឍន៍​ជា​ប្រចាំ​នៃ​កា​រវិ​វត្ត​របស់ ​រាជធានី​ភ្នំពេញ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​បច្ចុ​ប្បន្នភាព​ជា​ រៀង​រាល់​៥​ឆ្នាំ​ម្តង ។

លោក​រដ្ឋលេខាធិការ​បាន​កត់​សម្គាល់ថា ៖ « ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ គឺ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៥ គម្រោង​វិនិយោគ​មាន​ចំនួន​២.៣០៥​​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​៧.៦៨៦.១១២​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​៣.៣៣៨​លាន​ដុល្លារ ។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ គឺ​មានការ​កើនឡើង​ប្រមាណ​៣១,១៤% ។ ដោយឡែក នៅ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ គម្រោង​វិនិយោគ​មាន​ចំនួន​៤៧៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សំណង់​៣.៧៩៩.៤០៤​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​១.៦៤៧​លាន​ដុល្លារ » ។

គួរ​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បាន​អនុម័ត​ទាំងស្រុង​នូវ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០៣៥ ដែល​ជា​ឯកសារ​យុទ្ធ​សាស្ត្រ​គោល​បម្រើ​ឲ្យ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ​២០៣៥ ក្នុង​ការ​គ្រប់គ្រង​តម្រង់​ទិស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ជុំវិញ ។

ការ​អនុម័ត​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​វិនិយោគឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី តាម​រយៈ​ការ​តម្រង់​ទិស និង​ជំរុញ​ការ​វិនិយោគសាធារណៈ ស្រប​តាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ ៕