ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​ម្លប់​សន្តិភាព និង​ប្រជាធិបតេយ្យ​!

សៀមរាប:
​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ ជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ដែល​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន លើ​ពិភពលោក​បានរៀបចំ​អបអរសាទរ​។ រដ្ឋបាសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយឡែក​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ដែលមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រាជរដ្ឋាភិបាល ទាំង​អាជ្ញាធរ ទាំង​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុងនោះ​រួមមាន​៖
១-​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​អបអរសាទរ​នៅ​ខេត្ត​ព្រះសីហនុ​។​
២-​ក្រសួង​ការងារ រៀបចំ​នៅ​ទីស្តីការក្រសួង​ផ្ទាល់ មាន​អ្នកចូលរួម ៤០០​នាក់​។​
៣-​ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​ពីរ​ក្រុម ដែល​សហការ​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ រួមមាន​៖
-​ក្រុម​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា សម្ព័ន្ធ​សហជីព​កម្ពុជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បណ្ដាញ​យុវជន​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស និង​សម្ព័ន្ធ​សហគម​ហ៍​កសិករ​កម្ពុជា រៀបចំ​នៅ​ស្តា​ត​អូឡាំពិក ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣០០​នាក់​។​
-​ក្រុម​សហភាព​ការងារ​កម្ពុជា សម្ព័ន្ធ​សហជីព​ប្រជា​ធិ​តេ​យ្យកម្មករ​កាត់ដេរ​កម្ពុ​ជា សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ឧស្សាហកម្ម សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា សហព័ន្ធ​សហជីព​កម្មករ​កសិក​ម្ម​កម្ពុជា រៀបចំ​នៅ​របង​ស្ថានទូត​រុ​ស្ស៉ី ដែលមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​។​

រដ្ឋបាលរាជធានី បានបន្តថា ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០១៦​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ យោគយល់​គ្នា​រវាង​អាជ្ញាធរ និង​សង្គម​ស៊ីវិល បើទោះជា​សង្គម​ស៊ីវិល​ខ្លះ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក៏ដោយ​។​