ពលរដ្ឋ​ជាង​១០០​នាក់ កំពុង​រិះគន់ថា​តុលាការ​អយុត្តិធម៌ និង​ស្នើ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប

​ប្រជាពលរដ្ឋ​ជិត​១០០​នាក់ កំពុង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​របស់ គ​.​ជ​.​ប ជាបន្ទាន់​។ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នានៅមុខ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា​នេះ ដោយបាន​សម្តែង​ការមិន​ពេញចិត្ត​​ចំពោះ​នីតិវិធី​របស់​តុលាការ​ និង​អះអាងថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​សម​ន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ​។

«​តុលាការ​អយុត្តិធម៌​ណាស់​! រឿង​អយុត្តិធម៌​មិន​កាន់​ក្តី មកកាន់​ក្តី​អ្នក​គ្មាន​កំហុស អ្នកធ្វើ​ការការពារ​សិទ្ធិមនុស្ស​ទៅវិញ​»​។ នេះ​ជា​ពាក្យពេចន៍ ដែល​ប្រជាពលរដ្ឋ​ទាំងនោះកំពុង​ស្រែក​រិះគន់​តុលាការ​ ទន្ទឹមនឹង​ការ​ឌឺដង​ថា តុលាការ​ធ្វើការ​ក្រោម​សម្ពាធ​របស់​អ្នកមានអំណាច និង​បក្ស​កាន់អំណាច​។

​ខណៈដែល​ប្រជាពលរដ្ឋ​កំពុងតែ​ទិតៀន​តុលាការ ក្រុម​សមត្ថកិច្ច​ប្រហែល​៥០​នាក់ បានមក​បញ្ឈប់​សកម្ម​ភាព​របស់​ពួកគេ ដោយ​លើក​ហេតុផល​ថា ទង្វើ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​គ្នា​នោះទេ​។ ក្រុម​សមត្ថកិច្ច គ្រាន់​រុញច្រាន​ប្រជាពលរដ្ឋ​ឲ្យ​ចៀស​ចេញពី​ដងផ្លូវ​ប៉ុណ្ណោះ​ ហើយ
 កម្លាំង​នគរបាល ក៏មិនអាច​បញ្ចប់​ការស្រែក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ពួកគេ​នៅតែ​បន្ត​ស្រែក​តវ៉ា និង​រិះគន់​តុលាការ​ដដែល​។​

​សូមបញ្ជាក់ថា ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ២​រូប គឺ​លោក​សៀង សុខ និង​លោក មាស ច័ន្ទ​ពិសិដ្ឋ  កំពុង​សាកសួរ​មន្ត្រី​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ជុំវិញ​អង្គ​ហេតុដែល​ACU​បញ្ជូនទៅ​។  មន្ត្រី​អង្គការ​អាដហុក​ រួមមាន​លោក នី សុខា​, លោក យី សុខ សាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី ចំណែក​មន្ត្រី គ​.​ជ​.​ប គឺ​លោក នី ចរិយា​។ មន្ត្រី​ទាំង​៥​ខាងលើ មិនទាន់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ​នោះទេ ព្រោះនេះ​គ្រាន់តែ​ជា​នីតិវិធី​ដំបូង នៃ​ការសាកសួរ​រក​អង្គហេតុ​ប៉ុណ្ណោះ​៕