P9 ចុងខែ​ឧសភា​មក​ដល់​ទីផ្សារ​ស្រុក​​ខ្មែរ

P9 អាច​ចេញ​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ​នៅ​សប្ដាហ៍​ទី ៣ ឬ​ចុងខែ​ឧសភា​នេះ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស និង​បាន​ចេញ​លក់​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​​រួច​មក។

 

ការ​ពី​ម្សិលមិញ​មាន​ការ​បង្ហាញ​ទូរសព្ទ P9 ដល់​បណ្តា​អ្នក​សារព័ត៌មាន​មក​ពី​ច្រើន​ស្ថាប័ន​ដើម្បី​ស្វែង​យល់​និង​ធ្វើ​តេស្ត​សាកល្បង​ដោយ​ផ្ទាល់​ទូរសព្ទ​ជំនាន់​ថ្មី​នេះ ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង​កញ្ញា មាស សុខសោភា។

 

លោក អែម យុទ្ធូ ប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា P9 នៅ​មិន​ទាន់​មាន​លក់​ទេ។ ទូរសព្ទ​នេះ​អាច​មក​ដល់​ទីផ្សារ​កម្ពុជា​នា​សប្ដាហ៍​ទី ៣ ឬ​ចុងខែ​ឧសភា​ខាង​មុខ។ ទោះ​បី​មិន​ទាន់​ចេញ​លក់ អតិថិជន​ក៏​អាច​បញ្ជា​ទិញ​មុន​បាន​ដែរ ជាមួយ​ចំនួន​មាន​កំណត់។

 

ក្នុង​ឱកាស​នោះ មាន​ការ​ធ្វើ​តេស្ត​លើ​បច្ចេកវិទ្យា​កាមេរ៉ា​ដែល​ជា​ចំណុច​ខ្លាំង​ទូរសព្ទ​ជំនាន់​ថ្មី​របស់ Huawei នេះ។

 

P9 អាច​ថត​រូប​ដំណើរការ​ព្រម​គ្នា ជាមួយ​កាមេរ៉ា​ក្រោយ​ភ្លោះ​ដែល​ជា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Leica។ ម្ខាង​អាច​ចាប់​ពណ៌ និង​ម្ខាង​ទៀត​អាច​ចាប់​ពណ៌​ស​ខ្មៅ​បង្កើត​រូបភាព​ភ្លឺ​និង​ដិត​ច្បាស់​ល្អ។ រូបភាព​និង​វីដេអូ​ដែល​ថត ក៏​អាច​កែកុន​បន្ថែម​ពី​លើ​តែ​ម្តង។

 

លោក​អែម យុទ្ធូ ឲ្យ​ដឹង​ថា P9 ចំណុច​ខ្លាំង​លើ​បច្ចេកវិទ្យា​កាមេរ៉ា ដោយ​សារ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន Leica ជា​ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​ខាង​ផលិត​កាមេរ៉ា ដើម្បី​នាំ​អ្វី​ជា​តម្រូវការ​របស់​អ្នក​ចូលចិត្ត​ថត​រូបលើស​ពី​ស្មាត​ហ្វូនធម្មតា។

 

 

កញ្ញា មាស សុខសោភា ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន Huawei ក៏​បាន​សរសើរ​ដល់​ការអភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ទូរសព្ទ​របស់ Huawei ដែល​តែងតែ​នាំ​ការ​ផ្លាស់ប្តូរ​ថ្មី​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ដូច P9 បាន​នាំ​បច្ចេកវិទ្យា​កាមេរ៉ា​ជំនាន់​ថ្មី​ដែល​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដ៏​ធំ ដែល​អាច​នាំ​ការ​ថត​រូប​ដ៏​ល្អ​ឥត​ខ្ចោះ ជាមួយ​មុខងារ​ប្រើប្រាស់​ស្ទើរ​តែ​អាច​ប្រជែង​កាមេរ៉ា​ធំៗ​បាន។

 

P9 ដែល​គ្រោង​ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ​មាន ៣ ពណ៌​មាន ស ប្រាក់ និង​ប្រផេះ​ហើយ​តម្លៃ​ប្រហែល ៥០០ ដុល្លារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា