មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​គ្រោង​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ ឧសភា​នេះ

មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​គ្រោង​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ ឧសភា​នេះ



ភ្នំពេញ​ ៖ ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​គ្រោង​នឹង​បើក​ដាក់​ឲ្យ​ដំណើរ​មជ្ឈមណ្ឌល​ព្យាបាល​​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​ហើយ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​មាន​ជំងឺ​បេះដូង។

មានន័យថា​ចាប់ពី​ចុងខែ​នេះ​ទៅ ​អ្នកជំងឺ​បេះដូង​កម្ពុជា​នឹង​មិន​ចាំបាច់​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ ឬ​បរទេស​ទៀត​ទេ​ ដោយសារ​តែ​មាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ​ដែល​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ និង​អ្នកឯកទេស​ផ្នែក​ជំងឺ​បេះដូង​មាន​បទពិសោធន៍​ខ្ពស់។

លោក​វេជ្ជបណ្ឌិត​សំអាត​វង់​ឃុំ​ថង​(Samarch Wong Khomthong)​អគ្គនាយក​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​លំដាប់​ពិភពលោក​ដើម្បី​បង្ហាញ​ស្តីពី​ជំងឺ​បេះដូង​នៅ​សណ្ឋាគារ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​មេសា​ថា​ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​បាងកក​សហការ​ជាមួយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ។ ដោយមាន​វាគ្មិន​ពីររូប​មកពី​មន្ទីរពេទ្យ​បាងកក​ប្រទេស ​ដែល​ទី​១​មានឈ្មោះ​វេជ្ជបណ្ឌិត​រ៉ា​ពី​ន​គុប​គ្រិ​យ៉ា​ ប្រធាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​បាងកក​ និង​លោក​VITOON PITIGUAGOOL​នាយរង​ផ្នែក​វះកាត់​ជំងឺ​បេះដូង មក​ធ្វើ​បទ​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​បាន​យល់ដឹង​ពី​របៀប​ការពារ​ និង​ព្យាបាល​ដ៏​ត្រឹមត្រូវ​នៃ​ជំងឺ​បេះដូង។

លោក​បាន​បន្ត​ថា ​មន្ទីរពេទ្យ​បាងកក​ជា​មន្ទីរពេទ្យ​មួយ​ដ៏​ល្បី​នៅ​ប្រទេស​ថៃ​ ហើយ​មាន​អ្នកឯកទេស​ជំងឺ​បេះដូង​ចំនួន​៨​នាក់ ​ក្នុង​នោះ​មាន​ផ្នែក​បេះដូង​ និង​វះកាត់​បេះដូង។ រីឯ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ជា​បណ្ដាញ​របស់​មន្ទីរពេទ្យ​បាងកក។ សព្វថ្ងៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​បាន​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​ផ្នែក​បេះដូង​នៃ​មន្ទីរពេទ្យ​បាងកក​ និង​ពេទ្យ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ថៃ។

លោក​បាន​រំលឹក​ថា ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​បាន​ចាប់​បើក​ដំណើរការ​នៅ​ ខែ​តុលា ​ឆ្នាំ​២០១៤។ ទោះបីជា​មន្ទីរពេទ្យ​នេះ​ ទើបតែ​បើក​បាន​ជាង​១​ឆ្នាំ​ក្ដី​ ក៏​យើង​បាន​បំពាក់​នូវ​សម្ភារៈ​គ្រប់គ្រាន់​ និង​វេជ្ជបណ្ឌិត​ថៃ​ចំនួន​១៣​នាក់ ​និង​វេជ្ជបណ្ឌិត​មកពី​អាមេរិក​​​ និង​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត។

លោក​វេជ្ជបណ្ឌិត​សំអាត​វង់​ឃុំ​ថង​បាន​បញ្ជាក់​ថា ​«​យើង​ត្រៀម​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ខែក្រោយ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ។ នៅ​ពេល​ដែល​មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​នោះ ​អ្នកជំងឺ​បេះដូង​កម្ពុជា​ ដែល​តែងតែ​ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស​ ឬ​បរទេស​មិន​ចាំបាច់​ទៅ​ព្យាបាល​ទៀត​ទេ​ ​​ព្រោះ​​​ថា​មជ្ឈមណ្ឌល​នេះ​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ និង​មាន​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​បេះដូង​ល្បីៗ​មកពី​ប្រទេស​ប្រចាំ​នៅ​មន្ទីរពេទ្យ​នេះ​តែម្តង​»​។​

បើ​តាម​មន្ត្រី​នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​យើង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២០​ឧសភា​ និង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៣១ ខែ​​ឧសភា ​ឆ្នាំ​២០១៦​ខាងមុខ។ ក្នុង​នោះ​យើង​មាន​បំពាក់​ម៉ាស៊ីន​ខេ​ប​លែ​ប​សម្រាប់​ដាក់​ថ្ម​បេះដូង​ និង​ពង្រីក​សរសៃ​ឈាម​បេះដូង​ និង​មាន​ពិនិត្យ​ការ​ចង្វាក់បេះដូង​ផង​ដែរ។
មន្ត្រី​ដដែល​នោះ​បាន​បន្ត​ថា​ ចំពោះ​តម្លៃ​នៃ​ការពិនិត្យ​ព្យាបាល​វិញ​គឺ​យើង​កំណត់​ទៅ​តាម​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​ដោយ ​តម្លៃ​អាច​លើស​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​ប្រមាណ​១៥​ភាគរយ។

ជំងឺ​បេះដូង​ជា​ជំងឺ​មួយ​ ដែល​មាន​ការ​លំបាក​ក្នុង​ការ​ការពារ​ និង​ព្យាបាល​ ដោយសារ​ជំងឺ​នេះ​មិន​អាច​ដឹង​ពី​រោគសញ្ញា​ច្បាស់លាស់​ទេ។ មានន័យថា​ជំងឺ​បេះដូង​ជា​ឃាតក​​សម្ងាត់។ ដូចនេះ​ការ​ការពារ​ជំងឺ​បេះដូង​ជា​រឿង​សំខាន់​ ដោយ​អ្នកជំងឺ​ត្រូវតែ​មក​ពិនិត្យ​សុខភាព​ពាក់ព័ន្ធ​នឹង​បេះដូង​នេះ​ឲ្យ​បាន​ទៀងទាត់៕

​ ​
មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​គ្រោង​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ ឧសភា​នេះ