ចង់​ស្គាល់​ផ្លូវនរក​អត់ ?

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ច្បារ​អំពៅ​ទី​២​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១​ទៅ​កៀនស្វាយ ស្រុក​លើក​ដែក អ្នក​លឿង ព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម បាន​ហៅ​កំណាត់​ផ្លូវជាតិ​លេខ​១​ពី​ចំណុច​ភ្លើងស្តុប​ច្បារ​អំពៅ​ទៅ​ដល់​វត្ត​និរោធ​ថា​ជា​«​ផ្លូវនរក​» ។

ការ​ហៅ​បែប​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ ឬ​អ្នក​រស់នៅ​សងខាង​កំណាត់​ផ្លូវ​ខាងលើ​អះអាង​ថា ដី​និង​ធូលី​ហុយ​ខ្លាំង​ពេក​មើល​មិនឃើញ​ផ្លូវ ខណៈ​ដែល​កំណាត់​ផ្លូវជាតិ​លេខ​១​ពី​ផ្លូវនរក​ទៅ​ក្តី​តា​កុយ​នោះ​កំពុង​ពង្រីក​និង​ចាក់​កៅស៊ូ ។ ប្រជា​ព​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ជា​ពិសេស​អ្នកមាន​លំនៅ​ដ្ឋា​ន​អម​សងខាង​ផ្លូវ​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ផង​ដែរ ដោយសារ​ស្រូប​យក​ធូលី​និង​ដី​ដែល​ហុយ​ចូល​ម្ហូបអាហារ ព្រោះតែ​គ្មាន​អ្នក​ស្រោច​ទឹកជា​ប្រចាំ ។

ប្រជាពលរដ្ឋ​ទាំងនោះ​ក៍បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ជំរុញ​ការ​ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​កំណាត់​ផ្លូវ​ពី​ភ្លើងស្តុប​ច្បារ​អំពៅ​ទៅ​វត្ត​និរោធ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​និង​ប៉ះពាល់​សុខភាព​។

ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខាងលើ​នេះ នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ឧសភា ២០១៦ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ៕