ផ្ទះ​៧៦​ខ្នង​ត្រូវ​ខ្យល់កួច​ប៉ើង​ដំបូល​នៅ​ស្រុក​ឱ​រ៉ា​ល់

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​៧៦​ខ្នង​ត្រូវ​ខ្យល់កួច​ប៉ើង​ដំបូល កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ក្នុង​ភូម​ចំនួន​៥ ឃុំ​សង្កែ​សាទ​ប ស្រុក​ឳ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សាលាស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ២០១៦ នេះ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ក្នុង​នោះ​មាន​ទាំង​ខ្យល់​បក់​បោក​ជា​ខ្លាំង​ផង​ដែរ និង បណ្តាល​ឱ្យ​កួច​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៧៦​ខ្នង​ផ្ទះ​។ មន្ត្រី​ដដែល​បន្ត​ថា ពិតមែនតែ​មានការ​បក់​កួច​ប៉ើង​ដំបូលផ្ទះ តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ករណី​នេះ​ទេ​។

នៅ​ព្រឹក​ថ្ងៃនេះ​នឹង​មាន​វត្តមាន​ក្រុមការងារ​លោក​ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​ខេត្តកំពង់ស្ពឺ និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ដើម្បី​ស្រង់​ឈ្មោះ​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​ដែរ​ថា ពេល​នេះ​ក្រុមការងារ​កំពុង​តែ​ធ្វើការ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ឧសភា យើង​នឹង​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​គ្រួសារ​ដែល​រង​ការ​ខូចខាត​ផ្ទះសម្បែង ដោយសារ​ខ្យល់កួច បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មេ​សា មាន​ភ្លៀង​បង្អុរ​ធ្លាក់​ទូ​ទាំង​៨​ក្រុង​-​ស្រុក​តែ​ម្តង តែ​តំបន់​ខ្លះ​គ្រាន់តែ​ភ្លៀង​មិន​មាន​ខ្យល់​ក​ន្ក្រា​ក់​នោះ​ទេ​។