ជម្លោះ​សាច់ញាតិ​ដោះស្រាយ​មិន​ចេញ ពិតជា​អស្ចារ្យ​…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​៥​គ្រួសារ​ដែល​មាន​សមាជិក ក្មេង ចាស់ ប្រុស ស្រី សរុប​ជិត​៣០​នាក់ បាន​ដង្ហោយ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត ក្រុង ជួយ​អន្តរាគមន៍​ដក​បង្គោល​ក្រាក់​ឈើ​​ដែល​ភាគី​ជម្លោះ​បាន​យក​មក​បោះ​បិទផ្លូវ បន្ទាប់​ពី​ពួក​គាត់​បាន​ដើរ​ចេញចូលត្បុល​តាម​ក្រោមផ្ទះ​របស់​គាត់​អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​ហើយ ។

ករណី​ជម្លោះ​បិទផ្លូវ​ទុក​មិន​បាន​កន្លះ​ម៉ែត្រ​ផងឱ្យ​ក្រុម​គ្រួសារ​ខាងក្រោយ​ដើរ​ចេញចូល​មិន​រួច​នោះ មាន​ទីតាំង​ខាងលិច​ភ្លើងស្តុប​ផ្សារ​កណ្តាល (​អតីត​ឡា​ប៉េ​) ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ស្ត្រី​ម្នាក់ ជា​ពលរដ្ឋ​ក្នុង​ចំណោម​៥​គ្រួសារ ឈ្មោះ កុយ សុ​ថា​នី អាយុ​៤២​ឆ្នាំ បាន​រៀបរាប់​ថា អ្នក​ដែល​បិទផ្លូវ​មិន​ឱ្យ​ពួក​គាត់​ដើរ​ចេញចូល​នោះ​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​ទេ ដែល​ម្ចាស់​ដី​ខាង​មុខ​មានឈ្មោះ អ៊ា​ម ពុន អតីត​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ​គាត់​ត្រូវ​ជា ពូ អ៊ំ និង​ជា​ជីតា របស់​ពួក​ខ្ញុំ​ជា​អ្នក​រង​គ្រោះ​ទាំង​៣០​នាក់​នេះ​ផង ។ ស្ត្រី​នោះ​បាន​រៀបរាប់​បន្ត​ថា ដី​នេះ​ក្រោយ​ថ្ងៃ​រំដោះ​១៩៧៩ ក្រុម​សាច់ញាតិ​របស់​នាង​ខ្ញុំ​បាន​មក​រស់នៅ​ជុំ​គ្នា លុះដល់​ឆ្នាំ​២០០៨​ក្រោយ​អាជ្ញាធរ​រៀបចំ​ផ្លូវ​ប្រព័ន្ធ​លូ​ទឹក លោក អ៊ា​ម ពុន (​ជា​ពួ​បង្កើត​) បាន​សង់ផ្ទះ​ពីមុខ​ផ្ទះ​ពួក​នាង​ខ្ញុំ ហើយ​បន្សល់​ផ្លូវ​ប្រហែល​២​ម៉ែត្រ បន្ទាប់​មក​លោក អ៊ា​ម ពុន បាន​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់​នៅ​ពី​ខាងកើត ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​ធ្វើ​របង​ថ្ម ដោយ​អះអាង​ថា រូប​គាត់ (​អ៊ា​ម ពុន​) ជា​អ្នក​ចាត់ចែង​រឿង​ផ្លូវ ថែម​ទាំង​ទុក​ផ្លូវ​ឱ្យ​ចេញចូល​៣,៥​ម៉ែត្រ ។ ប៉ុន្តែ​ក្រោយ​ពី​ម្ចាស់ផ្ទះ​សំណាក់​ធ្វើ​របង​ថ្ម​រួច លោក អ៊ា​ម​ពុន បែរជា​មក​ធ្វើ​តូប​លក់ដូរ​បិទផ្លូវ​ផ្នែក​ខាង​មុខ ដោយ​បន្សល់​ផ្លូវ​តែ​១​ម៉ែត្រ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ថា នៅ​ពេល​ពួក​គាត់​តវ៉ា​កុំឱ្យ​សាងសង់​តូប​លក់​បិទផ្លូវ លោក​ អ៊ា​ម ពុន ក៏​បាន​យក​បង្គោល​ក្រាក់​ឈើ​ទៅ​បោះ​បិទផ្លូវ​ដែល​នៅ​សល់​១​ម៉ែត្រ​នោះ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​បង្ខំចិត្ត​ទៅ​ដក​បង្គោល​ក្រាក់​នោះ​ចេញពី​ផ្លូវ ដើម្បី​បាន​ដើរ​ចេញចូល​ផ្ទះ​របស់​ពួក​គាត់​នៅ​ពី​ខាងក្រោយ​ផង ។ ខណៈ​ពេល​នោះ លោក អ៊ា​ម ពុន ក៏​បាន​ប្តឹង​ទៅ​តុលាការ ហើយ​តុលាការ​ក៏​បាន​កាត់ក្តី​ឱ្យ​ស្មើគ្នា តែ​រឿង​បិទផ្លូវ​គឺ​នៅ​ដដែល ។

ស្ត្រី​ដដែល​ឱ្យ​រៀបរាប់​បន្ត​ទៀត​ថា ក្រោយ​ពី​លោក អ៊ា​ម ពុន យក​បង្គោល​ក្រាក់​នោះ​មក​បោះ​បិទផ្លូវ ពួក​គាត់​ទាំង​៥​គ្រួ​សារបាន​ដើរ​ត្បុល​ក្រោមផ្ទះ​លោក អ៊ា​ម ពុន រហូត​តាំងពី​ឆ្នាំ​២០០៨​មក​ទល់​បច្ចុប្បន្ន​នេះ ។ ទោះបី​ពួក​គាត់​ខំប្រឹង​ស្វែងរក​អន្តរាគមន៍​ពី​គ្រប់​ថ្នាក់ ហើយ​រហូត​ទៅ​ដល់​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បាន​ចេញ​លិខិត​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ និង​អាជ្ញាធរ​ក្រុង ដើម្បី​ជួយ​ដោះស្រាយយ៉ាងណា ក៏​នៅ​តែ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ។ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ក្រុង​ពេល​ចុះ​មក​ដល់​បាន​ត្រឹមតែ​និយាយ​ពាក្យ​មួយ​ម៉ាត់​ថា ឱ្យ​រង់ចាំ​សិន​ទៅ ប៉ុន្មាន​ឆ្នាំ​ចាំ​បាន​ចុះ​ប៉ុន្មាន​ខែ​ចាំ​មិន​បាន ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ក្នុង​ចំណោម​៥​គ្រួសារ​នោះ​ដែរ​មានឈ្មោះ សុ ថា​នី បាន​រៀបរាប់​ថា ពេល​នេះ​ពួក​គាត់​ទាំង​៣០​នាក់​ដែល​ដើរ​ត្បុល​ក្រោមផ្ទះ​លោក អ៊ា​ម ពុន នោះ​កំពុង​បារម្ភ​អំពី​ហា​នី​ភ័យ ប្រសិនបើ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ មិន​ត្រឹមតែ​ឡានទឹក​ចូល​មិន​បាន​នោះ​ទេ គឺ​ពួក​គាត់​អាច​ស្លាប់​ក្នុង​អណ្តាតភ្លើង ដោយសារ​តែ​គ្មាន​ផ្លូវ​ រត់​ចេញ​មិន​រួច ។ ក្នុង​ជំ​ហ៊ាន​ដំបូង ពួក​គាត់​សុំ​ត្រឹមតែ​ឱ្យ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ក្រុង មេត្តា​ជួយ​អន្តរាគមន៍​ដក​បង្គោល​ក្រាក់​ឈើ​នោះ​ចេញពី​ផ្លូវ ដើម្បី​ឱ្យ​ពួក​គាត់​នៅ​ខាងក្រោយ​បាន​ដើរ​បណ្តោះអាសន្ន​សិន ចំពោះ​រឿង​បើកផ្លូវ​៣,៥​ម៉ែត្រ​តាម​គោលការណ៍​របស់​អាជ្ញាធរ​នោះ គឺ​ពួក​គាត់​អាច​រង់ចាំ​បាន ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ រហូត​ដល់​រសៀល​ថ្ងៃ​ទី​០១​ឧសភា​នេះ «​កោះសន្តិភាព​» ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ា​ម ពុន ដែរ​តែ​ទំនង​ទំនង​មិន​អាច​ធ្វើ​ទៅ​បាន ៕