ព្រឹត្តិការណ៍​ជិះ​រថភ្លើង របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល ដើម្បី​ស្វាគមន៍ នូវ​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​រថភ្លើង​កម្ពុជា​

ភ្នំពេញ:
​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អមដំណើរ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​តាម​រថភ្លើង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ រេល​វេ កម្ពុជា ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​ដទៃទៀត ដែល​បាន​អមដំណើរ សម្តេច​នាឱកាស​នោះ​រួមមាន​៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត រួមទាំង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រ៉ូយ៉ាល់ រេល​វេ កម្ពុជា ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក John Guiry នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ រេល​វេ កម្ពុជា​ផងដែរ​។​

​ព្រឹត្តិការណ៍​នេះ​ជាការ​ស្វាគមន៍ នូវ​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​ការធ្វើដំណើរ​តាមផ្លូវ​រថភ្លើង​កម្ពុជា សម្រាប់​សាធារណជន បន្ទាប់ពី​បាន​បិទ​ប្រតិ​ប​ត្ដិ​ការ​របស់ខ្លួន អស់​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក​។ ផ្លូវដែក​នៅ​កម្ពុជា​អាច​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព​ការធ្វើដំណើរ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រួមចំណែក​ដល់​ការសម្របសម្រួល ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពរលូន​។​

​ការធ្វើដំណើរ​នេះ មាន​ទូរ​រថភ្លើង​ចំនួន​ប្រាំ​ទូរ ផ្ទុក​អ្នកដំណើរ​ប្រមាណ ៣០០​នាក់ ក្នុងនោះ​រួមមាន​៖ មន្ត្រី​រដ្ឋាភិបាល និង​សាធារណជន​ទូទៅ​ផងដែរ​។ ការធ្វើដំណើរ​នេះ នឹងត្រូវ​ចំណាយពេល​ប្រហែល ៧​ម៉ោង ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​។​

​ការធ្វើដំណើរ​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ផ្លូវដែក បង្ហាញ​ពី​សមត្ថភាព​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ និង​រថយន្ត​របស់​ពួកគេ​នៅលើ​រថភ្លើង​ផងដែរ​!​។ ខ្សែ​ផ្លូវ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ប្រវែង​សរុប ២៦៦ គីឡូម៉ែត្រ បាន​កសាងឡើង ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ​។​

​ការសាងសង់​ផ្លូវដែក​ទាំងនេះ ត្រូវបាន​បែងចែក​ជា​បី​ដំណាក់កាល​៖ (​ក​) ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តតាកែវ មាន​ប្រវែង ៧៥​គីឡូម៉ែត្រ (​កសាង​ពី​ឆ្នាំ​១៩៦០ ដល់ ឆ្នាំ​១៩៦៦) (​ខ​) ពី​ខេត្តតាកែវ ទៅ​ខេត្តកំពត មាន​ប្រវែង ៩២​គីឡូម៉ែត្រ (​កសាង​ពី ឆ្នាំ​១៩៦៦ ដល់ ឆ្នាំ​១៩៦៧) និង (​គ​) ពី​ខេត្តកំពត ទៅកាន់​ខេត្ត​ព្រះសីហនុ និង​ទៅ​កំពង់ផែ​ព្រះសីហនុ មាន​ប្រវែង ៩៩​គីឡូម៉ែត្រ (​កសាង​ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៦៩) ៕​

ព្រឹត្តិការណ៍​ជិះ​រថភ្លើង របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល ដើម្បី​ស្វាគមន៍ នូវ​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​រថភ្លើង​កម្ពុជា​

ព្រឹត្តិការណ៍​ជិះ​រថភ្លើង របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល ដើម្បី​ស្វាគមន៍ នូវ​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​រថភ្លើង​កម្ពុជា​

ព្រឹត្តិការណ៍​ជិះ​រថភ្លើង របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល ដើម្បី​ស្វាគមន៍ នូវ​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​រថភ្លើង​កម្ពុជា​