ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

 

ប្រជាពលរដ្ឋ​ចំនួន ៣ ឃុំ នៅ​ភាគ​ខាងកើត​ខេត្ត​តាកែវ​កំពុង​ត្រូវការ​ទឹក​ស្អាត​កើន​ឡើង​ខ្លាំង ស្រប​ពេល​ដែល​អាកាសធាតុ​ក្តៅ​បណ្តាល​ឲ្យ​បឹង​បួរ ត្រពាំង និង​ស្រះ​ទឹក​តាម​វត្តអារាម​នានា​រីងស្ងួត​ស្ទើរ​តែ​ទាំងអស់។

 

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

 

លោក ណី ចណ្ឌីម នាយក​សិប្បកម្ម​ផលិត​ទឹក​ស្អាត​មាន​ទីតាំង​នៅ​ភូមិ​ស្នួល​ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង​ខេត្ត​តាកែវ​ ​ថ្លែង​ប្រាប់ Sabay ថា សិប្បកម្ម​របស់​លោក​បាន​បង្កើន​បរិមាណ​ផលិត​ទឹក​ស្អាត​កាន់តែ​ច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវ​ក្តៅ​នេះ។

 

លោក​ថា កាល​ពី​រដូវវស្សា​សិប្បកម្ម​ផលិត​ទឹក​មាន​បរិមាណ​តែ ៦០០០ ម៉ែត្រ​គូប​ក្នុង​១​ខែ​។ ដោយឡែក​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ​តម្រូវការ​ប្រើប្រាស់​បាន​កើន​ឡើង​ខ្លាំង​ជាពិសេស​ដើមខែ​មេសានេះ​តម្រូវការ​អស់​ជាង ៨០០០ម៉ែត្រគូប។

 

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

 

ទាក់ទង​ការ​កើន​ឡើង​នេះ លោក ​ចណ្ឌីម​ បាន​ប្រាប់​ថា ដោយសារ​តែ​ទឹក​អណ្តូង ត្រពាំង​និង​ស្រះទឹក​មួយ​ចំនួន​នៅ​តាម​វត្តអារាម​រីងស្ងួត ដែល​ស្ថានភាព​អាក្រក់​នេះ​បាន​កំពុង​អូស​បន្លាយ​រយៈពេល​យូរ​​នាំ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ ដែល​ត្រូវការ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ។

 

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

 

កញ្ញា ពុទ្ធារី អាយុ ២៥ ឆ្នាំ​និស្សិត​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ភ្នំពេញ​ទើប​មក​លេង​ផ្ទះ​បាន​ប្រាប់​ថា នៅ​រដូវ​វស្សា​គ្រួសារ​របស់​នាង​ប្រើប្រាស់​ទឹក​អស់​តែ ៣ ម៉ែត្រ​គូប​ប៉ុណ្ណោះ ខណៈ​ពេលនេះ​ប្រើ​អស់​ដល់​ទៅ ៥ ម៉ែត្រ​គូប​ក្នុង ​១ ខែ​ដោយសារ​ឪពុក​ម្តាយ​ចិញ្ចឹម​ជ្រូក​និង​គោ​។ ម្យ៉ាងទៀត​ស្រះទឹក​ដែល​ធ្លាប់​ប្រើ​ដើម្បី​លាង​សម្អាត​នោះ​រីងស្ងួត​ទៅ​ហើយ។

 

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

កញ្ញា ពុទ្ធារី

ចំណែក​ឯ​លោកតា ព្រំ ជួន​មាន​អាយុ ៧០ ឆ្នាំ​កសិករ​នៅភូមិ​ស្នួល​និយាយ​ថា​លោក​ទើប​ចាប់ផ្ដើម​ត​បណ្ដាញ​ទឹក​ស្អាត​ប្រើ​លើកដំបូង​ប្រើ​អស់​តែ៦ គូប​ប៉ុណ្ណោះ តែ​ចាប់​ពី​ខែ​មិនា​មក​អស់​ដល់​ទៅ ១៥ គូប។

 

លោកតា​ ជួន ប្រាប់ថា ​គ្រួសារ​លោក​មាន​កូនចៅ ៥ នាក់ ព្រម​ទាំង​មាន​ការ​ចិញ្ចឹម​សត្វ​ផង​ជា​ហេតុ​ត្រូវការ​ចំណាយ​ទឹក​ច្រើន។

 

ធាតុអាកាសក្តៅ តម្រូវការទឹកស្អាតពលរដ្ឋ​ខេត្ត​តាកែវ​កើនឡើងខ្លាំង

លោកតា​ ជួន

 

បើ​តាម​ការ​ឲ្យ​ដឹងពី លោក​ចណ្ឌីម​បាន​ឲ្យ​ដឹង​ថា ចាប់​ដំណើការ​ដំបូង​នៅ​ខែ​មករា ឆ្នាំ​២០១១ មាន​ពលរដ្ឋ​ត​បណ្តាញ​ប្រើទឹក​ពី​សិប្បកម្ម​លោក​តែ​ប្រមាណ​តែ​ជាង ៣០០ គ្រួសារ ខណៈ​ពេលនេះ​អ្នកប្រើប្រាស់​មាន​ជាង ១៤០០ គ្រួសារ។ ។
​​​​
​អត្ថបទនិងរូបភាពៈ​ជិន វេន