13​ថ្ងៃក្រោយ​រញ្ជួយ​ដី​នៅ​អេក្វាទ័រ​បុរស​អាយុ​72​ឆ្នាំ​ម្នាក់​រក​ឃើញ​នៅ​រស់

ស្ថានទូត​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រចាំ​ក្រុង​គី​តូ​រាយការណ៍​ថា ១៣​ថ្ងៃក្រោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​អេក្វាទ័រ​បុរស​អាយុ​៧២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់​ពីក្រោម​គំនរ​បាក់បែក ។

ប្រភព​នេះ​និយាយ​ថា លោក MANUEL VASQUEZ ត្រូវ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ក្នុង​មូលដ្ឋាន JARAMIJO ខេត្ត​ម៉ា​ណា​ប៊ី ភាគ​ខាងលិច​ប្រទេស ដោយ​អ្នក​ជួយ​សង្គ្រោះ​មួយ​ក្រុម ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ស្តាប់​ឮ​សំឡេង​ចេញ​មក​ពី​អគារ​មួយ​ដែល​បាក់​អស់​មួយ​ផ្នែក ហើយ​ក្នុង​អគារ​នេះ បុរស​ម្នាក់​ត្រូវ​កាយ​រក​ឃើញ​ជាប់​ក្នុង​បន្ទប់​មួយ ។ បុរស​នេះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ដោយ​មាន​បញ្ហា​តម្រងនោម ខ្សោះ​ជាតិ​ទឹក និង​ដាច់​អាហារ ហើយ​ក៏​ដាច់​ម្រាមជើង ។

ការ​រញ្ជួយ​ដី​មាន​កម្លាំង​៧,៨​រី​ស្ទ័​រ​នេះ​ជា​ការ​រញ្ជួយ​ដី​យ៉ាង​អាក្រក់​បំផុត​នៅ​អា​មេ​រិ​កឡា​ទី​ន​ចាប់តាំងពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃ​ទី​កាលពី​ឆ្នាំ​២០១០​មក​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៥៩​នាក់ បាត់​ខ្លួន​៣៣​នាក់ និង​របួស​៤.៦០៥​នាក់​។ ក្រោយ​ការ​រញ្ជួយ​ដី​នេះ​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់​ក្រោម​គំនរ​បាក់បែក ៕