កេ​ន​យ៉ា​ដុត​បំផ្លាញ​ចោល​ភ្លុក​ដំរី​ជាង​100​តោន

ប្រធានាធិបតី​កេ​ន​យ៉ា លោក UHURU RENYATTA កាលពី​ថ្ងៃ​ទី​៣០ មេ​សា បាន​ចូលរួម​ដុត​ចោល​ភ្លុក​ដំរី​ដល់​ទៅ​១០៥​តោន និង​កុយរមាស​១,៣​តោន ដោយ​មាន​វត្តមាន​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​អភិរក្ស​ជីវិត​សត្វព្រៃ ព្រមទាំង​មនុស្ស​មានឈ្មោះ​ល្បី​ៗ​នៃ​ពិភពលោក​ដែល​មក​ចូលរួម​ក្នុង​ពិធី​ដុត​កម្ទេច​ចោល​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​ហ្គា​បុ​ង លោក ALI BONGO ផង ។

ប្រធានាធិបតី​កេ​ន​យ៉ា​ថ្លែង​ថា នេះ​ជា​ភ្លុក​ដំរី​ក្នុង​ចំនួន​យ៉ាងច្រើន​ដែល​ដុត​ចោល​រួច​លោក​អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​លោក​លុប​បំបាត់​ចោលការ​បរបាញ់ ដែល​គំរាមកំហែង​ដល់​ពពួកសត្វ​ព្រៃ ពិសេស​ដំរី និង​រមាស ។ លោក​ធ្វើការ​កត់​សម្គាល់ថា យើង​ពិនិត្យ​ឃើញ​ពី​ការ​បាត់បង់​សត្វ​ដំរី​អាហ្វ្រិក​យ៉ាងច្រើន​រយៈពេល​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​ដោយសារ​ការ​បរបាញ់ ។

ប្រទេស​កេ​ន​យ៉ា​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ដោយ​ដុត​ចោល​ភ្លុក​ដំរី និង​កុយរមាស​ចោល​យ៉ាងច្រើន​បែប​នេះ ។ ភ្លុក​ដំរី និង​កុយរមាស​ទាំងនេះ​មាន​តម្លៃ​លើ​ទីផ្សារ​ដល់​ទៅ​ជាង​៥០០​លាន​ដុល្លារ ។

ប្រធានាធិបតី​កេ​ន​យ៉ាប​ន្ត​ថា កាយវិការ​នេះ​សំដៅ​អះអាង​ជា​ថ្មី​ថា កេ​ន​យ៉ា​ពុំ​យក​ទឹកប្រាក់​ដាក់​ពីលើ​ជីវិត​ពពួកសត្វ​ព្រៃ​ទាំងឡាយ​ឡើយ និង​ថា​ប្រទេស​របស់​លោក​នឹង​ខិតខំ​បន្ត​ទៀត​ដើម្បី​អភិរក្ស​ពួក​វា ។ កេ​ន​យ៉ា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ហើយ​ភ្លុក​ដំរី​នឹង​គ្មាន​តម្លៃ​ឡើយ បើ​វា​នៅ​ជាប់​ជាមួយ​ដំរី ។ បណ្តា​មនុស្ស​ជំនាន់​ក្រោយ​ៗ​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេចចិត្ត​ដែល​យើង​បាន​ធ្វើ ។

លោក​បន្ត​ថា កេ​ន​យ៉ា​ចូលរួម​ក្នុង​បណ្តា​យុទ្ធនាការ​អន្តរជាតិ ដើម្បី​ធ្វើការ​គាបសង្កត់​សំដៅ​ហាមឃាត់​ទាំងស្រុង​ការ​ធ្វើ​ពាណិជ្ជក​កម្ម​បណ្តា​ផលិតផល​ពី​ភ្លុក​ដំរី ព្រមទាំង​បណ្តា​សត្វព្រៃ​ឯទៀត​ៗ ។ ដំណាក់កាល​ខាង​មុខ​របស់​យើង​ក្រោយ​ការ​ដុត​ចោល​ភ្លុក​ដំរី​លើក​នេះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​អនុវត្ត​ច្បាប់ ដើម្បី​តស៊ូ​ប្រឆាំង​ការ​បរបាញ់​សត្វ ។ យើង​នឹង​ធ្វើការ​គាបសង្កត់​ដើម្បី​ហាមឃាត់​ទាំង​ស្រុក​ការ​ធ្វើ​ពាណិជ្ជកម្ម​ភ្លុក​ដំរី​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​របស់ CTTES ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែកញ្ញា​ខាង​មុខ​នេះ នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។

ចំណែក​ប្រធានាធិបតី​ហ្គា​បុ​ង លោក ALI BONGO បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​កេ​ន​យ៉ា​ដុត​ចោល​ភ្លុក​ដំរី​យ៉ាងច្រើន​បែប​នេះ ។ លោក​បន្ត​ថា បណ្តា​ប្រទេស​អាហ្វ្រិក​ត្រូវ​ចាត់វិធានការ​យ៉ាង​តឹងតែង​នានា ដើម្បី​ធានា​ដល់​កិច្ច​ការពារ​បេតិកភណ្ឌ​សត្វព្រៃ ។ លោក​គូសបញ្ជាក់​ថា ពាណិជ្ជកម្ម​ភ្លុក​ដំរី​ត្រូវ​តែ​បញ្ឈប់ ដើម្បី​ជួយ​រក្សា​សន្តិសុខ​ពពួកសត្វ​ដំរី និង​សត្វ​រមាស​របស់​យើង​ដែល​ជា​និមិត្តរូប​នៃ​បេតិកភណ្ឌ​រួម ៕