សត្វព្រៃ​នៅ​តំបន់​ទំនាប​ទន្លេសាប​ជួប​មហន្តរាយ

សត្វព្រៃ​នៅ​តំបន់​ទំនាប​ទន្លេសាប​ជួប​មហន្តរាយ



ខេត្តបាត់ដំបង ៖ សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ដែល​រស់នៅ​តាម​តំបន់​ព្រៃរនាម​ជិត​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ជា​បន្តបន្ទាប់ នា​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ដោយសារ​ភាពរាំងស្ងួត​នៃ​អាកាសធាតុ​ក្ដៅ​ខ្លាំង គ្មាន​ទឹក​ផឹក និង​ភ្លើង​ឆេះ​ព្រៃ​គ្មាន​ទីជម្រក ជា​ពិសេស នៅ​តាម​តំបន់​ទំនាប​នានា​ដែល​ធ្លាប់​មានទឹក​ដក់​នា​រដូវប្រាំង ។

សហ​គម​នេសាទ​បាន​រាយការណ៍​ថា   សត្វព្រៃ​នានា ដែល​រស់​ក្នុង​ព្រៃរនាម​ក្បែរ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ពេល​នេះ​កំពុង​ប្រឈម​យ៉ាង​ខ្លាំង និង​ភាព​វិនាស​អន្តរាយ  ដោយសារ​កត្តា​មនុស្ស និង​កត្តា​គ្រោះ​ធម្មជាតិ​។ ប្រភព​ដដែល​បា​ន្យ​ដឹង​ថា ភ្លើង​ឆេះ​ព្រៃរនាម​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ហិ​កតា  ដែល​នាំ​ឱ្យ​សត្វព្រៃ​គ្មាន​ទីជម្រក គួប​ផ្សំ​ភាពរាំងស្ងួត​ធ្វើ​ឱ្យ​បឹងបួ​នានា​រីងស្ងួត គ្មាន​ទឹក​មួយ​ដំណក់​សម្រាប់​សត្វព្រៃ​ផឹក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សត្វព្រៃ​នៅ​តំបន់​ព្រៃរនាម​ងាប់​ពាស​វាល​ពាស​កាល យ៉ាង​អាណោចអាធ័ម​បំផុត ។ ជា​ពិសេស​គេ​សង្កេត​ឃើញ​តាម​តំបន់​ទំនាប ដែល​ធ្លាប់​មានទឹក​ដក់​នា​រដូវប្រាំង ដែល​ពេល​នេះ​មាន​តែ​ដី​ប្រេះ​បែក​ក្រហែង​នោះ ។

ប្រជាពលរដ្ឋ​និយាយ​ថា សត្វ​ស្វា សត្វ​អណ្ដើក និង​សត្វ​ពស់ កំពុង​ប្រឈម​មុខ​នឹង​ការ​ងាប់​ខ្លាំង​ជាងគេ ។ សត្វ​ស្វា​ងាប់ ដោយសារ​ក្ដៅ​ខ្លាំង​អត់​ទឹក​ផឹក រីឯ​សត្វ​អណ្ដើក និង​សត្វ​ពស់​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ និង​គ្មាន​ទីជម្រក ។ អ្នកស្រុក​បន្ត​ទៀត​ថា មនុស្ស​ដែល​ខ្វះ​ការ​យល់​ដឹង គ្មាន​ការ​ពិចារណា កំពុង​រុករាន​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ពេញ​តំបន់​ទន្លេសាប ដើម្បី​ស្វែងរក​សត្វ​ឃុំ និង​សត្វព្រៃ​នានា​ធ្វើ​អាជីវកម្ម ។ ជន​ទុច្ចរិត​ទាំងនេះ​ហើយ ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ស្ទើរ​រាល់ថ្ងៃ ខណៈ​សមត្ថកិច្ច​និង​អាជ្ញាធរ​សម្ងំ​ស្ងៀម​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។

អភិបាលស្រុក​ឯក​ភ្នំ លោក ឡុ​ង សុ​ភឿន បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ថា ភ្លើង​ឆេះ​ព្រៃ និង​គ្រោះ​រាំង​ស្ងួត គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​សត្វព្រៃ​ដេក​ងាប់​នៅ​តាម​តំបន់​ព្រៃរនាម​មែន​។ លោក​ថា គិត​ចាប់តាំងពី​ខែមីនា រហូត​ដល់​ចុង​ខែមេសា ២០១៦​នេះ ព្រៃរនាម​នៅ​តំបន់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ដែល​ជា​ជម្រក​សត្វព្រៃ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ពង​កូន​ក្នុង​រដូវវស្សា​កំពុង​រង​ការ​បំផ្លាញ​ដោយសារ​ភ្លើងព្រៃ​ឆេះ​អស់​ជាង​៥,២៦០​ហិ​កតា​ហើយ​។ លោក​អភិបាលស្រុក​រូប​នេះ​បាន​អះអាង​ថា លោក​បាន​ធ្វើ​របាយការណ៍​នេះ ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​ជ្រាប​ហើយ ។  ប៉ុន្តែ​លោក​អភិបាលស្រុក​ហាក់​មិន​បាន​បង្ហាញ​អំពី​ចំណាត់ការ​បែប​ណា ក្នុង​ការ​ទប់ស្កាត់​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ និង​វិធានការ​ជួយ​សង្គ្រោះ​សត្វព្រៃ​នៅឡើយ​ទេ បាន​ត្រឹម​រាយការណ៍​ទៅ​ថ្នាក់លើ ។

បើ​តាម​ប្រភព​ពី​សហគមន៍​នេសាទ​ស្ដី​ក្រោម​ព្រែក​ហ្លូ​ង ស្រុក​ឯក​ភ្នំ បានឱ្យ​ដឹង​ថា ប្រជា​សហ​គម​កំពុង​ចុះ​អនុ្ត​រាគ​មន៍​ជួយ​សង្គ្រោះ​សត្វព្រៃ​នៅ​តាម​តំបន់​រាំង​ស្ងួត​នានា ដែល​កំពុង​ប្រឈម​ខ្លាំង​។ ពួក​គេ​បាន​ជីកដី​ជា​រណ្តៅ​ក្រាល​តង់​កៅស៊ូ​ជា​ច្រើន​កន្លែង នៅ​តាម​តំបន់​ទំនាប​នានា ធ្វើ​អណ្តូង​អណ្ដូង​សិប្បនិម្មិត ដើម្បី​ដឹក​ទឹក​យក​ទៅ​ចាក់​សម្រាប់​ឱ្យ​សត្វ​ផឹក ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ឱ្យ​ក្រុម​មនុស្ស​ទុច្ចរិត ដែល​ស្វែងរក​សត្វព្រៃ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​សោះ ។

ប្រភព​ពី​សហគមន៍​នេសាទ​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ  គេ​បាន​ប្រទះ​ឃើញ​សត្វព្រៃ ដេក​ងាប់​រាប់​សិប​ក្បាល​នៅ​ក្បែរ​បឹងបួ​នានា ដែល​ធ្លាប់​មាន​ដក់​ទឹក ជា​ពិស​សេ សត្វ​ស្វា​ខ្មៅ ។ រីឯ​សត្វ​អណ្ដើក និង​សត្វ​ពស់ ភាគច្រើន​ងាប់​នៅ​ក្នុង​ព្រៃ ដោយសារ​ភ្លើង​ឆេះ ។ ប្រជា​សហ​គម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​មន្ត្រី​បរិស្ថាន និង​មន្ត្រី​ជលផល គួរតែ​មានការ​ចូលរួម​ទប់ស្កាត់ និង​មាន​វិធានការ​បង្ក្រាប​លើ​ជន​ទុច្ចរិត ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​សម្លាប់​សត្វព្រៃ​នៅ​តាម​តំបន់​ទន្លេសាប ។ ពួក​គេ​ថា ប្រសិនបើ​មិន​ដូច្នេះ​ទេ សត្វព្រៃ​នៅ​តំបន់​ទន្លេសាប​អាច​នឹង​ផុត​ពូជ​នៅ​ក្នុងឆ្នាំនេះ ជា​មិន​ខាន​ឡើយ ៕