សមត្ថភាព​គ្រូ ខ្លឹមសារ​មេរៀន ពង្រឹង​ការវាយតម្លៃ​ទៅលើ​សិស្ស ជា​ផ្នែក​នៃ​កំណែទម្រង់​ស៊ីជម្រៅ​

​ភ្នំពេញ​៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ លោក ពុត សា​មិត្ត បាន​លើកឡើងថា ការអនុវត្ត​ផែនការ​សកម្មភាព​គ្រូបង្រៀន ខ្លឹមសារ​បង្រៀន ការអនុវត្ត​ប្រព័ន្ធ​អធិការកិច្ច ពង្រឹង​ការវាយតម្លៃ​ទៅលើ​សិស្ស និង កំណែ​ទំរង់​ផ្នែក​ឧត្ដមសិក្សា គឺជា​ចំណុច​អាទិភាព​ក្នុង​ការធ្វើ​កំណែ​ទំរង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​។

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​« ការធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​»​ដែល​បាន​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែមេសា លោក ពុត សា​មិត្ត អគ្គនាយក​នៃ​អគ្គនាយក​អប់រំ បាន​លើកឡើងថា​ក្រសួង​អប់រំ​បានដាក់​ចេញ​ផែនការ​កំណែ​ទំរង់​ស៊ីជម្រៅ​ចំនួន​ប្រាំ​ដើម្បី​បង្កើន​គុណភាព​អប់រំ​នៅ​កម្ពុជា​។

​លោក ពុត សា​មិត្ត បាន​បញ្ជាក់ថា ការអនុវត្ត​សកម្មភាព​គ្រូបង្រៀន គឺជា​កត្តា​ដ៏​សំខាន់​នៅក្នុង​ការលើកកម្ពស់​គុណ​ភាព​អប់រំ​។ កត្តា​នេះ​ក្រសួង​អប់រំ​បានចាប់ផ្ដើម​គិតគូរ​ឡើងវិញ​ពី​ការជ្រើសរើស​គ្រូបង្រៀន​ដែលមាន​សមត្ថភាព​ពិតប្រាកដ​មក​ធ្វើ​គ្រូ និង​លើស​កម្ពស់​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​។ ក្នុងនោះ​ផងដែរ ការជ្រើសរើស​នាយក​សា​លា ដែលមាន​សមត្ថភាព​ក៏​ជា​កត្ដា​សំខាន់​ក្នុងការ​អនុវត្ត​សកម្មភាព​គ្រូបង្រៀន​នេះ​ផងដែរ​។​

​យ៉ាងណាមិញ ខ្លឹមសារ​មេរៀន ក៏​ជា​គន្លឹះ​សំខាន់​ដែល​រួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការរៀបចំ​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​របស់​សិស្ស​។ ក្នុងនោះ​ផងដែរ ក្រសួង​អប់រំ​បាន​ផ្ដោតជាសំខាន់​ទៅលើ​ការបណ្ដុះបណ្ដាល​គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា និង​អក្សរសាស្ត្រ​ជាដើម​។

​ចំណែក ការអនុវត្ត​ប្រព័ន្ធ​អធិការកិច្ច លោក​ពុត សា​មិត្ត បាន​បញ្ជាក់ថា ក្រសួង​អប់រំ​បាន​ផ្លាស់ប្ដូរ​ពី​ការត្រួតពិនិត្យ​ទៅលើ​គុណភាព​អប់រំ​មុខវិជ្ជា​នីមួយៗ មក​ការ​ពិនិត្យមើល​ទៅលើ​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​សាលា​ទាំងមូល​។ លោក​បន្តថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអនុវត្ត​ផែនការ​នានា​ដែល​ក្រសួង​បានដាក់​ចេញ របស់​ស្ថាប័ន​នីមួយៗ​។​

​បន្ថែម​ពីនេះ ការពង្រឹង​ការវាយតម្លៃ​ទៅលើ​សិស្ស​ក៏​ជា​កត្តា​ចម្បង​សម្រាប់​គុណភាព​អប់រំ​នៅ​កម្ពុជា​ផងដែរ​ក្នុង​បរិបទ​ថ្មី​នេះ​។ ហេតុនេះ គុណភាព​សិស្ស សមត្ថភាព​សិស្ស គឺជា​កត្តា​ចម្បង​ដែល​ក្រសួង​បានគិត​គូរ​ជា​ចាំបាច់​។ លោក ពុត សា​មិត្ត បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ត​ការប្រឡង​សាកល្បង​ដើម្បី​ស្ទាបស្ទង់​ពី​សមត្ថភាព​របស់​សិស្ស​។ ការប្រឡង​នេះ​ក្រសួង​និង​ធ្វើការ​ប្រឡង​នៅ​ថ្នាក់​ទី​៣ ថ្នាក់​ទី​៦ និង​ថ្នាក់​ទី​៨ ដើម្បី​ធ្វើការ​វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់​សិ​ស្ស​ផងដែរ​។

​ចំណែក ការធ្វើ​កំណែ​ទំរង់​កម្រិត​ឧត​ម្ដ​សិក្សា ក្រសួង​អប់រំ​ក៏​កំពុងតែធ្វើការ​សិក្សា​ដើម្បី​ធ្វើការ​កែប្រែ​ផងដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក ពុត សា​មិត្ត បានលើកឡើង​ពី​គោលបំណង​របស់​ក្រសួង​អប់រំ​មិន​ត្រឹមតែ​លើកកម្ពស់​គុណភាព​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រសួង​ចង់​ឲ្យ​ស្ថាប័ន​អប់រំ​នីមួយៗ​មានគុណ​ភាព មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​រចនាសម្ព័ន្ធ​អប់រំ​ច្បាស់លាស់​ផងដែរ​៕