លិច​កាណូត​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី​បាត់​ខ្លួន​84​នាក់

អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ខាង​ជនអន្តោប្រវេសន៍ OIM គូសបញ្ជាក់​ដោយ​ដកស្រង់​សម្តី​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ថា ការ​លិច​កាណូត​កៅស៊ូ​មួយ​ដែល​ដឹក​ពួក​អន្តោប្រវេសន៍​ក្នុង​ដែនទឹក​លី​ប៊ី​កាលពី​ថ្ងៃ​ទី​២៩ មេ​សា បណ្តាល​ឱ្យ​មនុស្ស​បាត់​ខ្លួន​៨៤​នាក់ ហើយ​មនុស្ស​២៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។

លោក FLAVIO DI GIACOMO អ្នកនាំពាក្យ​របស់ OIM នៅ​អីុតា​លី​អះអាង​ថា ជន​អន្តោ​ប្រ​វ​សន៍​២៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រោយ​ការ​លិច​កាណូត​នេះ ហើយ​មនុស្ស​៨៤​នាក់​បាត់​ខ្លួន ។

លោក DI GIACOMO ដែល​យោង​តាម​ការ​រៀបរាប់​របស់​អ្នក​នៅ​រស់រាន​មានជីវិត​២៦​នាក់​អះអាង​ប្រាប់ AFP ថា មនុស្ស​១១០​នាក់​មាន​ដើម​កំណើត​នៅ​អាហ្វ្រិក​ខាងលិច​បាន​នាំ​គ្នា​ឡើង​ជិះ​កាណូត​កៅស៊ូ​មួយ​នៅ​លី​ប៊ី ។ កាណូត​នេះ​ចាស់ ហើយ​ទឹក​ហូរ​ចូល​រួច​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ទៅ​ក្នុង​ទឹកសមុទ្រ​រួច​លង់​ស្លាប់ ។

នាវា​កា​ហ្គោ​អីុតា​លី​មួយ​គ្រឿង​នា​យប់​ថ្ងៃ​ទី​២៩ មេ​សា អាច​ជួយ​សង្គ្រោះ​មនុស្ស​២៦​នាក់ ខណៈ​នាវា​កៅស៊ូ​សល់​ពាក់កណ្តាល​កំពុង​តែ​លិច ៕