បង្កើត​ស្នាដៃ​​ប្រកួត​ប្រជែង​ពាន​រង្វាន់​ ICT Award ​ទឹកប្រាក់​រង្វាន់​រហូត​ដល់ ៥ ពាន់​ដុល្លារ

នៅ​អង្គការ​ Development Innnovations Cambodia ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​បាន​រៀបចំ​បទ​បង្ហាញ​ស្តី​ពី​ការ​ប្រកួតប្រជែង ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា (ICT Award) ឆ្នាំ ២០១៦។

 

បង្កើត​ស្នាដៃ​​ប្រកួត​ប្រជែង​ពាន​រង្វាន់​ ICT Award ​ទឹកប្រាក់​រង្វាន់​រហូត​ដល់ ៥ ពាន់​ដុល្លារ

 

បទ​បង្ហាញ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ផ្តល់សេវាកម្ម​ ICT អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ អ្នក​ជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​និស្សិត​មក​ពី​បណ្តា សកលវិទ្យាល័យ​នានា។

 

លោក ស៊ុន​ រ៉ាពីដ​ អនុ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍  បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​រៀបរាប់​ពី​គោលបំណង​នៃ​ការ​រៀបចំ​ការប្រកួតប្រជែង​នេះ ដើម្បី​ជំរុញ​ឱកាស​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក៏​ដូចជា​លើកទឹកចិត្ត ដល់​ការ​បង្កើត​គំនិត​ថ្មីៗ ក្នុង​ចំណោម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​​ក្នុង​ប្រទេស​កម្ពុជា។

 

ការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ ក៏​នឹង​ផ្តល់​ឱកាស​ផ្ទាល់​ដល់​បេក្ខជន ក៏​ដូចជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​នេះ ក្លាយ​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់​អាស៊ាន ឆ្នាំ ២០១៦ (ASEAN ICT Awards 2016) នៅ​ប្រទេស​ប្រ៊ុយណេ។

 

ឆ្នាំ ២០១៦ ជា​ឆ្នាំ​ទី ២ ហើយ​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រៀបចំ​ការប្រកួតប្រជែង​ថ្នាក់​ជាតិ ICT Award ដោយ​ឆ្នាំ ២០១៥ កន្លងមក មាន​អ្នក​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ចំនួន ២៥ ។

 

កម្ពុជា​បាន​ទទួល​ជយលាភី​មេដាយ​មាស​ក្នុង​ប្រភេទ​វិញ្ញាសា​ការទទួលខុសត្រូវ​ក្នុង​សង្គម​នៅ​ក្នុង​ការប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់​អា​ស៊ាន ឆ្នាំ២០១៥។

 

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ICT អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ អ្នក​ជំនាញ អាច​ដាក់​ពាក្យ​ធ្វើការ ប្រកួតប្រជែង​លើ​វិញ្ញាសា ៦ ប្រភេទ​ដូចជា​​ ប្រភេទ​វិស័យ​សាធារណៈ ប្រភេទ​វិស័យ​ឯកជន ប្រភេទ​ការទទួលខុសត្រូវ​ក្នុង​សង្គម ប្រភេទ​មាតិកា​ឌីជីថល ប្រភេទ​ការបង្កើតធុរកិច្ច​ និង​ប្រភេទ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍។

 

ការ​ទទួល​ពាក្យ​រហូត​ដល់​ថ្ងៃទី២៥​ ខែ​ឧសភា ឆ្នាំ២០១៦ តាម​គេហទំព័រ​ www.cambodiaictaward.com ។

 

ជយលាភី​សម្រាប់​ការ​ប្រកួតប្រជែង​នេះ​ លេខ ១ ទទួល​បាន​ទឹកប្រាក់​ចំនួន ៥ ០០០ ដុល្លារ អាមេរិក ជយលាភី​លេខ​២ ទទួល​បាន​ទឹកប្រាក់​ចំនួន ២ ០០០ ដុល្លារ អាមេរិក ជយលាភីលេខ ៣ ទទួល​បាន​ទឹកប្រាក់​ចំនួន ១ ០០០ ដុល្លារ អាមេរិក​ និង​ជយលាភី​ក្នុង​ប្រភេទ​វិញ្ញាសា​នីមួយៗ​ទទួល​បាន​រង្វាន់​លួង​ចិត្ត​មួយ​ចំនួន​ រួម​ជាមួយ​វិញ្ញាបនបត្រ​ទទួលស្គាល់​ស្នាដៃ​របស់​ខ្លួន។

 

ប្រភេទ​ពាន​រង្វាន់ និង​វិញ្ញាសា​ប្រកួត​​​លម្អិត ​ចុច​ត្រង់​នេះ៕