មន្ត្រី​អង្គការ​អភិរក្ស​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​សត្វ​ព្រៃ​នៅ​តំបន់​ភាគ​ឦសាន​ដោយសារ​រាំង​ស្ងួត

អ្នក​អភិរក្ស​ផ្នែក​បរិស្ថាន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល មន្ត្រី​រាជ​រដ្ឋាភិបាល​មាន​ភារកិច្ច​អភិរក្ស​សត្វ​ព្រៃ យក​ចិត្ត​ទុក​ដាក់​ការពារ​សុវត្ថិភាព​ជីវិត​សត្វ​ព្រៃ​ក្នុង​តំបន់​អភិរក្ស។ សត្វ​ក្នុង​ព្រៃ​ទាំង​នោះ អាច​ប្រឈម​ទៅ​នឹង​កង្វះ​ទឹក និង​អាហារ គ្រា​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ប្រភព​ទឹក​ក្នុង​ព្រៃ​រីង​ស្ងួត​អស់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​គ្រា​ដែល​មាន​សេចក្តី​រាយការណ៍​ថា សត្វ​ពាហនៈ​ក្នុង​ស្រុក និង​សត្វ​ព្រៃ​មួយ​ចំនួន​បាន​ងាប់ ដោយសារ​ខ្វះ​ចំណី និង​ទឹក នៅ​អំឡុង​ចុង​រដូវ​ប្រាំង​ឆ្នាំ​នេះ។

ទីប្រឹក្សា​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន បញ្ជាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ថា ប្រសិន​គ្មាន​ការ​ចាប់​អារម្មណ៍​ទាក់ទិន​ទៅ​នឹង​សុវត្ថិភាព​ជីវិត​សត្វ​ក្នុង​តំបន់​ព្រៃ​ការពារ​ទេ​នោះ សត្វ​ព្រៃ​ដែល​រស់នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ និង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី អាច​នឹង​ប្រឈម​មុខ​បញ្ហា​ដោយ​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

លោក​កត់​សម្គាល់​ចុង​រដូវ​ប្រាំង​ឆ្នាំ​នេះ គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​ពេល​យូរ ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​ប្រភព​ទឹក​សម្រាប់​សត្វ​ផឹក រីង​ស្ងួត​អស់។ ហេតុ​នេះ ប្រសិន​អ្នក​អភិរក្ស​សត្វ​ព្រៃ​មិន​បាន​ត្រួត​ពិនិត្យ​ប្រភព​ទឹក​សម្រាប់​សត្វ​ផឹក​បាន​គ្រប់គ្រាន់​ទេ សត្វ​ក្នុង​ព្រៃ​ជ្រៅៗ​ដែល​ពឹង​អាស្រ័យ​ទឹក​បឹង ឬ​ត្រពាំង នឹង​ត្រូវ​ងាប់​ដោយសារ​គ្មាន​ទឹក​ផឹក ឬ​គ្មាន​ស្មៅ​ជា​ចំណី៖ «ខែ​ប្រាំង​វា​ងាប់​ស្មៅ​អស់​ទៅ ទឹក​វា​រីង​អស់​ទៀត ហើយ​ប្រភព​ទឹក​មួយ​ចំនួន​នៅ​សេសសល់ វា​ហ៊ុមព័ទ្ធ​ដោយ​ដី​សម្បទាន និង​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ក្បែរ​ប្រភព​ទឹក​អស់​ទៅ ធ្វើ​ឲ្យ​សត្វ​ខ្វះ​ទឹក​មិន​អាច​រស់នៅ​បាន»

កាល​ពី​ដើម​សប្ដាហ៍​នេះ នៅ​ឯ​ខេត្ត​ស្ទឹងត្រែង មន្ត្រី​អាជ្ញាធរ​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​សត្វ​គោ​ក្របី​អ្នក​ភូមិ​មិន​តិច​ជាង ៣០០​ក្បាល​បាន​ងាប់ ដោយសារ​ខ្វះ​ចំណី និង​ទឹក​ផឹក ខណៈ​បឹងបួ ឬ​ត្រពាំង​នៅ​តំបន់​អ្នក​ភូមិ​លែង​គោ​ក្របី​ឲ្យ​ស្វែងរក​ចំណី​ក្នុង​ព្រៃ​រីង​ស្ងួត​គ្មាន​ទឹក និង​គ្មាន​ស្មៅ​សម្រាប់​ចំណី​សត្វ។ ដោយឡែក​នៅ​ខេត្ត​បាត់ដំបង ក៏​មាន​សេចក្តី​រាយការណ៍​ថា សត្វ​ស្វា​ប្រមាណ ៣០​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់ ដោយសារ​គ្មាន​ទឹក​ផឹក និង​រស់នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ទន្លេ។

ប្រធាន​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី លោក កែវ សុភ័ក្រ ទទួល​ស្គាល់​ដែរ​ថា ប្រភេទ​សត្វ​ស្វា​កន្ទុយ​ស ឬ​ស្វា​ព្រាម ត្រូវ​បាន​មន្ត្រី​អភិរក្ស​រក​ឃើញ​ងាប់​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភព​ទឹក​ទន្លេ។ បន្ថែម​លើ​នេះ​ទៀត ទឹក​ក្នុង​ត្រពាំង​បឹងបួ​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ ៩៥​ភាគរយ​រីង​ស្ងួត​គ្មាន​ទឹក​សម្រាប់​សត្វ​ផឹក។ លោក​បារម្ភ​ថា ជីវិត​សត្វ​ក្នុង​ព្រៃ​ប្រឈម​ទៅ​នឹង​ព្រាន​ព្រៃ​បាញ់​សម្លាប់ ដោយសារ​សត្វ​ព្រៃ​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​មាន​ប្រភព​ទឹក៖ «សត្វ​ពិបាក​រក​កន្លែង​ទឹក​ក៏​ឃើញ​ងាប់​ខ្លះ​ដែរ​នៅ​តាម​ត្រពាំង តែ​ប្រភេទ​សត្វ​ប្រភេទ​តូចៗ។ ការ​ប្រឈម​របស់​វា​មាន​ច្រើន ទី​១ ខ្វះ​ទឹក។ ទី​ពីរ ព្រាន។ អ៊ីចឹង​ក្រុម​ការងារ​ខ្ញុំ​ធ្វើ​ការ​ល្បាត​ច្រើន​ថ្ងៃ​ដែរ សំខាន់​ផ្ដោត​នៅ​កន្លែង​មាន​ទឹក»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​រតនគិរី ​លោក ព្រិន សំបូរ ទទួល​ស្គាល់​ដែរ​ថា បច្ចុប្បន្ន​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​បឹងបួ ឬ​ត្រពាំង​ក្នុង​ព្រៃ​រីង​ស្ងួត ក៏ប៉ុន្តែ​នៅ​តំបន់​ឧទ្យាន​ជាតិ​នៅ​មាន​ប្រភព​ទឹក​អូរ​ធម្មជាតិ​ច្រើន​ដែល​នៅ​សល់​ទឹក​សម្រាប់​សត្វ​ព្រៃ​ផឹក​បាន។ លោក​ថា រហូត​ថ្ងៃ​នេះ ទឹក​ភ្លៀង​បាន​ធ្លាក់​ខ្លះៗ​វិញ​ហើយ។ ហេតុ​នេះ សត្វ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ អាច​ចៀស​ផុត​ពី​កង្វះ​ទឹក​ផឹក ឬ​គ្មាន​ស្មៅ​ជា​អាហារ៖ «អូរ​ក៏​រីង​ខ្លះ​ហើយ តំបន់​ខ្លះ​ក៏​នៅ​មាន​ទឹក​ដែរ មិន​រីង​អស់​ទេ ហើយ​សត្វ​ក៏​វា​ស្វែងរក​ប្រភព​ទឹក​ដែរ។ សម្រាប់​ឆ្នាំ​ក្រោយ បើ​មាន​គ្រោះ​រាំង​ស្ងួត​ទៀត នៅ​តំបន់​យើង​ក៏​នៅ​មិន​ទាន់​ហួត​អស់​ដែរ ព្រោះ​ប្រភព​ទឹក​សំខាន់ៗ​នៅ​ក្នុង​តំបន់​មាន​អូរ»

សេចក្តី​រាយការណ៍​របស់​មន្ត្រី​អភិរក្ស​តំបន់​ការពារ​មណ្ឌលគិរី ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​អភិរក្ស​បាន​ជីក​ស្រះ​ចំនួន​ប្រាំ​នៅ​ក្នុង​ព្រៃ​សម្រាប់​ស្តុក​ទឹក​ឲ្យ​សត្វ​ព្រៃ​ផឹក ប៉ុន្តែ​បច្ចុប្បន្ន ទឹក​ស្រះ​បាន​រីង​អស់​ទៀត។ តាម​ការ​គ្រោង​ទុក គម្រោង​ស្ដារ​ស្រះ ឬ​ត្រពាំង​ធ្វើ​នៅ​តំបន់​ក្បែរ​ស្នាក់ការ​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ ប្រយោជន៍​រក្សា​ទឹក​ឲ្យ​សត្វ​ព្រៃ​ផឹក និង​ជាពិសេស​ការ​ជីក​ស្រះ​នៅ​ក្បែរ​ស្នាក់ការ​មន្ត្រី​អភិរក្ស អាច​ការពារ​ជីវិត​សត្វ​ព្រៃ​បាន​ងាយ​ស្រួល​ពី​ព្រាន​ព្រៃ​លួច​ប្រមាញ់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អភិរក្ស​សត្វ​ព្រៃ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ ចៀសវាង​កុំ​រំខាន​តំបន់​ប្រភព​ទឹក​ដែល​នៅ​សេសសល់​ក្នុង​ព្រៃ ទុក​លទ្ធភាព​ឲ្យ​សត្វ​ព្រៃ​ចិញ្ចឹម​ជីវិត​គ្រា​មាន​គ្រោះ​រាំង​ស្ងួត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។