សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៧​នាក់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉េ​អឹ​ម​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​-​ស្រី​ចំនួន​៧​នាក់ ក្នុង​ថ្ងៃ​តែ​មួយ​នៅ ចំណុច​២​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​។

ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៧​នាក់​ខាងលើ ក្នុង​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នៅ​២​ចំណុច​ផ្សេង​គ្នា ចំណុច​ទី​១ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ ស្ថិត​នៅ​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម និង​ចំណុច​ទី​២ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​-​ស្រី​ចំនួន​៣​នាក់ ១-​ឈ្មោះ ណៃ សុខ​ឌី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប (​ជួញដូរ​) ២-​ឈ្មោះ ណៃ តារា ហៅ​ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប (​ជួញដូរ​) និង​៣-​ឈ្មោះ គឹ​ម សុ​ផា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ (​ជួញដូរ​) ហើយ​អ្នក​ទាំង​៣​នាក់​រស់នៅ​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​​ស្ល​ក្រាម ក្រុង​សៀមរាប ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣២​កញ្ចប់ (​ធំ​៥ តូច​២៧) ទម្ងន់​សរុប​ចំនួន​២៣,៩​ក្រាម និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ទៀត​។

ចំណែក​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន​រហូត​ឈាន​ដល់​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ១-​ឈ្មោះ ថន សុភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ត្រឡោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ រឿ​ត ភា​រុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិស្រ​យោង ឃុំ​ភ្នំ​លៀប  ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ ៣-​ឈ្មោះ អ៊ា​ន ប៊ុ​ន​កាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​៤-​ឈ្មោះ កង ធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​វត្ថុ​តាង​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​ធ្វើការ​បោះចោល ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​យើង​ចុះ​ទៅ​ដល់ ដូច្នេះ​វត្ថុ​តាង​គ្មាន​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់ នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០១ ឧសភា ២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕