ស្នេហា​ប៉ែន ចំ​រ៉ុ​ង និង​ភិន សុ​ដា​លី​ស ដល់​វេលា​ត្រូវ​បែក

រាជធានី​ភ្នំពេញ ៖ ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺថា​តារា​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង និង​នាង​ភិន សុ​ដា​លី​ស បែក​ស្នេហ៍ បែកផ្លូវ​ជីវិត​ហើយ ។ លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យ​បណ្តឹងសុំ​លែងលះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ ។

ដំណឹង​នៃ​ការ​បែកបាក់​គ្នា​នេះ​ត្រូវ​លោក​ប៉ែន ចំ​រ៉ុ​ង ព្យាយាម​លាក់បាំង​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ពេល​មានការ​សាកសួរ ខណៈ​ពេល​នាង​ភិន សុ​ដា​លី​ស ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ។

បើ​យោង​តាម​អ្នកសិល្បៈ​បង្ហើប​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ឧសភា ២០១៦​ថា  លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​លែង​នាង​ភិន សុ​ដា​លី​ស បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ផ្ទុះ​ជម្លោះ​នឹង​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

ទោះជា​យ៉ាងណា​ក្តី​ប្រភព​នោះ​មិន​បានដឹង​ច្បាស់​ទេ​ថា អ្វី​ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ ប៉ុន្តែ​គ្រាន់តែ​ធ្លាប់​ឮ​ថា​ភាគី​ខាង​ស្រី គឺ​នាង​ភិន សុ​ដា​លី​ស បាន​សកម្មភាព​កាច​ឆ្នាស​ឆ្នើម​ខ្លាំង​ពេក មិន​អាច​ឲ្យ​លោក​ប៉ែន ចំ​រ៉ុ​ង តស៊ូ​រួម​រស់នៅ​ជាមួយ​បាន ។

ជុំវិញ​រឿង​នេះ លោក​ហ៊ិ​ន សុ​ភិន ឪពុក​របស់​ភិន សុ​ដា​លី​ស អះអាង​ប្រាប់​គេហទំព័រ​ព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា រឿង​លែងលះ​របស់​កូនស្រី​លោក​នោះ គឺ​លោក​មិន​លូកដៃ​ចូល​ឡើយ ប៉ុន្តែ​លោក​ព្យាយាម​បញ្ចុះបញ្ចូល​នាង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ក្រោយ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់ ភិន សុ​ដា​លី​ស និង​ប៉ែន ចំ​រ៉ុ​ង បាន​ជួល​ផ្ទះ​មួយ​រស់នៅ ដោយ​មាន​អ្នកធ្វើការ​ផ្ទះ​ម្នាក់​រស់នៅ​ជាមួយ ប៉ុន្តែ​លោក​ហ៊ិ​ន សុ​ភិន មិន​បានដឹង​ថា​ផ្ទះ​ជួល​នោះ ស្ថិត​នៅឯណា​ទេ ភរិយា​និង​ម្ដាយ​របស់​លោក​ទើប​ជា​អ្នក​ចេញ​ចូល ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ហ៊ិ​ន សុ​ភិន ស្នេហា​របស់​ប៉ែន ចំ​រ៉ុ​ង និង​ភិន សុ​ដា​លី​ស ឈាន​ដល់​ផ្លូវបំបែក​តាំងពី​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម៉្លេះ ដោយ​ដា​លី​ស​ខឹង ហើយ​ដេញ​ចំ​រ៉ុ​ង​ចេញពីផ្ទះ​ទៀត​ផង ។

លោក​ហ៊ិ​ន សុ​ភិន ត្រៀមខ្លួន​ទទួល ភិន សុ​ដា​លី​ស ដៃ​ដប់ ប៉ុន្តែ​សម្រាប់​បណ្ដឹង​របស់​លោក​ប៉ែន ចំ​រ៉ុ​ង លោក​សុំ​មិន​លូកដៃ​ដើម្បី​ឲ្យ​ឆាប់​ទេ ដោយ​លោក​បញ្ជាក់​ថា ទុក​សិទ្ធិ​ឲ្យ​កូន​សម្រុះសម្រួល ឬ​លែងលះ​តាម​ការ​សម្រេចចិត្ត ព្រោះ​បច្ចុប្បន្ន​លឺដំណឹង​ថា កូនស្រី​របស់​លោក​កំពុង​ពពោះ​ជាង​៣​ខែ ។

លោក​ហ៊ិ​ន សុ​ភិន បាន​បន្លុយ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា ទោះបី​កូនស្រី​របស់​លោក​ធ្លាក់​ក្នុង​សភាព​បែប​ណា​ក៏​ដោយ លោក​នៅ​តែ​ស្រឡាញ់​នាង​រហូត​ដល់​ថ្ងៃ​ស្លាប់ ។

មហាជន​នឹង​រង់ចាំ​តាមដាន​មើល​ថា ចំណង​ស្នេហ៍​រវាង​លោក​ប៉ែន ចំ​រ៉ុ​ង និង​នាង​ភិន សុ​ដា​លី​ស ពិតជា​ដល់​ផ្លូវបំបែក​មែន ឬ​យ៉ាងណា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​មង្គលការ  ។

កន្លង​មក​លោក​ប៉ែន ចំ​រ៉ុ​ង ធ្លាប់​អះអាង​ថា ស្នេហា​រវាង​លោក និង​ភិន សុ​ដា​លី​ស ជា​ស្នេហា​ពិត បើ​ទោះបីជា​លោក​ជា​មនុស្ស​គ្មាន​ទ្រព្យ​ដូច​គេ តែ​លោក​អាច​ឲ្យ​ភិន សុ​ដា​លី​ស សប្បាយ​ចិត្តច្រើន​ជាងគេ ៕