ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជីក​ឬ​ស្ដារ​បឹង​និង​អូរ​ដើម្បី​ស្ដុក​ទឹក​ប្រើប្រាស់

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ និង​អភិបាល​ខេត្ត​នេះ ជួយ​ជីក ឬ​ស្ដារ​ស្រះ​ទឹក បឹង និង​អូរ​ធម្មជាតិ ជាដើម ដើម្បី​ស្តុក​ទឹក​ទុក​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាច់​ស្រយាល​ពី​ទីប្រជុំជន អាច​ប្រើប្រាស់​បាន​យូរ​អង្វែង។

មន្ត្រី​សង្គម​ស៊ីវិល ក៏​ស្នើ​ដល់​រដ្ឋាភិបាល ជួយ​ការពារ​បឹង ស្រះ ឬ​អូរ​ធម្មជាតិ ជាដើម កុំ​ឲ្យ​បាត់បង់ និង​ត្រូវ​ដក​ហូត​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​កន្លង​មក ត្រូវ​បុគ្គល​មួយ​ចំនួន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។

ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាច្រើន​ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​នានា អំពាវនាវ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ចំណី​មាត់​បឹង អូរ ទំនប់ ឬ​ស្រះ​ធម្មជាតិ ដែល​រង​ការ​រំលោភ​បំពាន​នា​មូលដ្ឋាន​នេះ។

មនុស្ស​វ័យ​ចាស់​ឈ្មោះ ហេង ខន ជា​តំណាង​អ្នក​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ស្ដារ​ទំនប់​បឹង​ទួល​តា​ព្រហ្ម និង​ជួយ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ក្រុមហ៊ុន ឬ​បុគ្គល​មួយ​ចំនួន។

បុរស​វ័យ​ចាស់​អាយុ ៧៤​ឆ្នាំ​រូប​នេះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ទំនប់​បឹង​ទួល​តា​ព្រហ្ម ត្រូវ​បាត់បង់​ដោយ​ប្រការ​ណា​មួយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​គ្មាន​បឹង​ស្តុក​ទឹក​ប្រើប្រាស់​ទាំង​មនុស្ស និង​សត្វ​ពាហនៈ៖ «បឹង​ទួល​តា​ព្រហ្ម នេះ គឺ​ពលរដ្ឋ​ពួក​ខ្ញុំ​បាន​ដាំ​ព្រលឹត ត្រកួន កញ្ឆែត ជាដើម នៅ​ក្នុង​បឹង​នេះ។ ហើយ​បឹង​នេះ គឺ​សត្វ​ពាហនៈ​គ្រប់​ប្រភេទ និង​សត្វ​ស្លាប ជាដើម បាន​មក​ផឹក ឬ​រក​ចំណី​ផ្សេងៗ​ក្នុង​បឹង​ទួល​តា​ព្រហ្ម នេះ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ គឺ​ទាំង​ងូត និង​ប្រើប្រាស់ ក៏​ត្រូវ​នាំ​ទឹក​ចេញ​ពី​បឹង​នេះ​ជា​ប្រចាំ​ថ្ងៃ​ដែរ។ ដូច្នេះ សូម​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ជួយ​ថែ​រក្សា​បឹង​នេះ​ឲ្យ​បាន​គង់វង្ស​ទុក​ជូន​ពលរដ្ឋ​មូលដ្ឋាន​នេះ​ប្រើប្រាស់ និង​ជួយ​ស្ដារ​បឹង​នេះ​ឲ្យ​បាន​ជ្រៅ ធំ​ទូលាយ​ដូច​ពេល​មុន​វិញ»

ចំណែក​តំណាង​ប្រជាពលរដ្ឋ​ភូមិ​បិតត្រាំង ស្រុក​ព្រៃនប់ ឈ្មោះ ស៊ឹម ទូច ក៏​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ថែ​រក្សា​ទំនប់​បឹង​ទួល​តា​ព្រហ្ម ឲ្យ​បាន​គង់វង្ស និង​ជួយ​ស្ដារ​បឹង​នេះ​ឲ្យ​បាន​ជ្រៅ ដើម្បី​ស្តុក​ទឹក​ជូន​ពលរដ្ឋ​មូលដ្ឋាន​នេះ​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង។ លោក​ឲ្យ​ដឹង​ថា បឹង​អូរ​ធម្មជាតិ​នៅ​ស្រុក​ព្រៃនប់ ភាគ​ច្រើន​ត្រូវ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ ហើយ​ពេល​នេះ ទំនប់ បឹង ឬ​អូរ​ធម្មជាតិ​ដែល​នៅ​សេសសល់​ខ្លះ ក៏​ត្រូវ​រីង​ទឹក​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជួយ​ស្ដារ ឬ​ជីក​បឹង​ទួល​តា​ព្រហ្ម ស្ថិត​ក្នុង​ឃុំ​បិតត្រាំង នេះ ដើម្បី​អាច​ស្តុក​ទឹក​បាន​ច្រើន និង​ធំ​ទូលាយ​ទុក​សម្រាប់​ប្រជាពលរដ្ឋ និង​សត្វ​ពាហនៈ​ប្រើប្រាស់​នៅ​តំបន់​នេះ។ ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ គឺ​បាន​ពឹង​ផ្អែក​ទៅ​លើ​ទឹក​សាប​នៅ​ក្នុង​បឹង​នេះ ហើយ​បឹង​ក្រៅ​ពី​នេះ គឺ​ភាគ​ច្រើន​ត្រូវ​រីង​ស្ងួត និង​មាន​តែ​ទឹក​ប្រៃ​ហូរ​ចូល​ពី​សមុទ្រ។ សូម​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់​ស្រុក និង​ខេត្ត ជួយ​ចុះ​មក​ពិនិត្យ​មើល​បឹង​ទួល​តា​ព្រហ្ម ដែល​ប្រឈម​ការ​រីង​ទឹក និង​ឈ្មួញ​មាន​មហិច្ឆតា​រំលោភ​កាន់​កាប់​បឹង​នេះ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​អង្កេត និង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន គឺ​ស្រះ​ទឹក បឹង ឬ​អូរ​ធម្មជាតិ​មួយ​ចំនួន ត្រូវ​ឈ្មួញ​រំលោភ​ធ្វើ​កម្មសិទ្ធិ និង​រីង​ទឹក​ស្ទើរ​ទាំង​ស្រុង។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​គង់វង្ស និង​ជួយ​ស្ដារ​ធនធាន​ធម្មជាតិ​ទាំង​នេះ​ឲ្យ​បាន​ជ្រៅ និង​ធំ​ទូលាយ ទុក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ​ប្រើប្រាស់​រយៈពេល​វែង។

អ្នកស្រី ជៀប សុធារី ស្វាគមន៍​គម្រោង​ស្ដារ​ទំនប់ ស្រះ​ទឹក បឹង ឬ​អូរ​ធម្មជាតិ​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ក៏​ត្រូវ​ដក​ហូត​ដី​មាត់​បឹង ឬ​អូរ​ធម្មជាតិ ដែល​មន្ត្រី​ជំនាញ​បាន​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នា​ពេល​កន្លង​ទៅ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ។ ព្រម​គ្នា​នេះ អ្នកស្រី ជៀប សុធារី ក៏​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ស្ដារ​បឹង​សំរ៉ុង​ក្នុង និង​បឹង​ត្រាវ ដែល​ជា​បឹង​ធម្មជាតិ​មាន​ទីតាំង​នៅ​ជាប់​ភូមិ​អ្នក​ស្រុក ស្ថិត​ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ដើម្បី​ទុក​ជូន​ពលរដ្ឋ​មូលដ្ឋាន​នេះ​អាស្រ័យ​ផល​ឡើង​វិញ ព្រោះ​បឹង​ទាំង​ពីរ​នេះ​កំពុង​រង​ការ​រំលោភ​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច៖ «មេត្តា​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នា​ខេត្ត​ព្រះសីហនុ ជួយ​យក​ចិត្ត​ទុក​ដាក់​ស្ដារ​បឹង ត្រពាំង ស្រះ​ទឹក បឹង ឬ​អូរ​ធម្មជាតិ​ទាំងអស់​នៅ​ស្រុក​ព្រៃនប់ និង​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជ្រៅ និង​ធំ​ទូលាយ​វិញ ព្រោះ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​ស្ដារ ឬ​ជីក​ឲ្យ​បាន​ជ្រៅ ដើម្បី​ស្តុក​ទឹក​ប្រើប្រាស់​ឲ្យ​បាន​ច្រើន និង​មាន​រយៈពេល​យូរ​អង្វែង។ ពិសេស​បឹង​ត្រាវ និង​បឹង​សំរ៉ុង​ក្នុង មាន​ទីតាំង​នៅ​ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ដែល​រីង​ទឹក​ទៅ​ហើយ​នោះ»

ដូច​គ្នា​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជួយ​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ មាន​ដី​ព្រៃ​កោងកាង ដី​ឆ្នេរ​សមុទ្រ ដី​បឹង ឬ​អូរ​ធម្មជាតិ​ជាដើម ឲ្យ​បាន​គង់វង្ស៖ «ខ្ញុំ​គិត​ថា គួរ​តែ​អាជ្ញាធរ​ដែនដី ត្រូវ​តែ​អភិរក្ស​បឹង​ទាំងអស់​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ពិសេស​បឹង​អូរ​ធម្មជាតិ​នៅ​ក្នុង​ស្រុក​ព្រៃនប់ ទាំង​មូល ដើម្បី​ស្តុក​ទឹក​ឲ្យ​បាន​ច្រើន​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​បរិភោគ​ប្រចាំ​ថ្ងៃ ឬ​ស្តុក​ទឹក​ប្រើប្រាស់​ក្នុង​រយៈពេល​វែង​ឡើង​វិញ»

ជាង​នេះ លោក ប៊ួន ណារិទ្ធិ ស្នើ​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ទើប​ទទួល​តំណែង​ថ្មី ត្រូវ​ពិនិត្យ​សើរើ​ទៅ​លើ​រាល់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នៅ​លើ​ដី​ចំណី​ឆ្នេរ ដី​បឹង ឬ​អូរ​ធម្មជាតិ​របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ៖ «ខ្ញុំ​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត មេត្តា​រៀបចំ​គោល​នយោបាយ​ថ្នាក់​ជាតិ​មួយ ដើម្បី​ស្ដារ​បឹង ស្ដារ​ប្រឡាយ ត្រពាំង ស្រះ អូរ​ធម្មជាតិ​ជាដើម ឲ្យ​បាន​នៅ​ទូទាំង​ប្រទេស ព្រោះ​រាល់​ថ្ងៃ​នេះ តាម​ការ​សង្កេត​ឃើញ​មាន​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​មាន​កម្តៅ​ក្តៅ​ខ្លាំង​ខុស​ពី​ធម្មតា។ ជាង​នេះ បឹង​ធម្មជាតិ​ភាគ​ច្រើន​នៅ​ក្នុង​ស្រុក​ព្រៃនប់ គឺ​ត្រូវ​រីង​ទឹក​ស្ងួត​ហួតហែង ហើយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ»

ឆ្លើយ​តប​កង្វល់​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ កំពុង​យក​ចិត្ត​ទុក​ដាក់​ស្ដារ​ទំនប់​ទឹក ស្រះ ត្រពាំង បឹង ឬ​អូរ​ធម្មជាតិ ដែល​មាន​ទំហំ​ធំៗ​ជិត ១០​កន្លែង​នៅ​ស្រុក​ព្រៃនប់ ក្នុង​គោល​បំណង​ស្តុក​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង។ លោក​បន្ត​ថា នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ ទំនង​ជា​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឆ្ងាយ​ពី​ទីប្រជុំជន នឹង​មិន​ខ្វះ​ទឹក​ទទួល​ទាន ឬ​ទឹក​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​នេះ​ទៀត​ទេ។

ករណី​នេះ លោក យន្ត មីន ឲ្យ​ដឹង​ថា បាន​ណែនាំ​ដល់​គ្រប់​អភិបាល​ក្រុង ស្រុក​ទាំង ៤ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ចុះ​បញ្ជី​ទៅ​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ មាន​ស្រះ​ទឹក និង​បឹង​អូរ​ធម្មជាតិ​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ដល់​អភិរក្ស ឬ​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​រំលោភ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទាំង​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នា​ថ្ងៃ​អនាគត៖ «ខ្ញុំ​គិត​ថា ឆ្នាំ​ក្រោយៗ​ទៅ​អាច​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​ប្រសើរ​ជាង​ឆ្នាំ​នេះ ព្រោះ​អាជ្ញាធរ​ខេត្ត​បាន​ស្ដារ​អាង​ទឹក ឬ​ទំនប់​ទប់​ទឹក​ធំៗ​ជាច្រើន​កន្លែង ព្រម​ទាំង​បាន​ជីក​ស្ដារ​ស្រះ ត្រពាំង បឹង ឬ​អូរ​ធម្មជាតិ​ជាច្រើន​កន្លែង​នៅ​តាម​ឃុំ-ស្រុក​មួយ​ចំនួន មាន​ស្រុក​ព្រៃនប់ ជាដើម ដើម្បី​ស្តុក​ទឹក​ទុក​ឲ្យ​បាន​ច្រើន​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​ប្រើប្រាស់​ក្នុង​រយៈពេល​វែង។ ហើយ​សកម្មភាព​នេះ អាជ្ញាធរ​ស្រុក-ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អនុវត្ត​ការងារ​នេះ​ជា​ប្រចាំ​ចាប់​ពី​ពេល​នេះ​ត​ទៅ»

ទោះ​បី​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ក្រុង​ព្រះសីហនុ ដែល​បារម្ភ​ខ្លាច​បាត់បង់​ស្រះ​ទឹក បឹង ឬ​អូរ​ធម្មជាតិ​នានា​ក្នុង​មូលដ្ឋាន​នេះ បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់​ខេត្ត​ព្រះសីហនុ ឲ្យ​ការពារ និង​ដក​ហូត​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​បឹង​ធម្មជាតិ ដែល​ត្រូវ​ឯកជន​កាន់​កាប់​កន្លង​មក ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

ពលរដ្ឋ​ចោទ​ថា បច្ចុប្បន្ន ដី​ព្រៃ​លិច​ទឹក​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដី​ឆ្នេរ​សមុទ្រ ដី​ចំណី​មាត់​បឹង ឬ​អូរ​ធម្មជាតិ​ដែល​ត្រូវ​រង​ការ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ និង​មាន​ចេញ​ប្លង់​កម្មសិទ្ធិ​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ មាន​ដូចជា ដី​ចំណី​ឆ្នេរ​សមុទ្រ​រាម ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ និង​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ជាដើម។ ឈ្មោះ​អ្នក​ជាប់​ពាក់ព័ន្ធ​កាន់​កាប់​ដី​ឆ្នេរ​សមុទ្រ ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ និង​បឹង​កង្កែប គឺ​ភាគ​ច្រើន​ជា​មន្ត្រី​មាន​តួនាទី​ធំៗ​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ជំនាញ​ខ្លះ​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ឋានៈ​ធំៗ​មួយ​ចំនួន​ទៀត កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ប្រដាប់​អាវុធ មាន​ស្ថាប័ន​នគរបាល​ជើង​ទឹក និង​ស្ថាប័ន​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​ថ្នាក់​ដឹក​នាំ​ខ្លះ​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។