មេទ័ព​កម្ពុជា«ញី​កែងជើង»នៅ​មូ​ស្គូ

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​រាំ​បទ«រាំ​ញី​កែងជើង» ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី។ បទ«រាំ​ញី​កែងជើង» របស់លោក ងួន ចាន់​ដេ​វិត  ដែល​កំពុងតែ​ល្បីល្បាញ និង​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ផង​នោះ។

តាមរយៈ​សំណេរ​ខ្លី អមដោយ​វីដេអូ​ជិត១នាទី ដែល​លោក​មេទ័ព​កម្ពុជា បាន​រាំ​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​ផង​នោះ លោក​រដ្ឋមន្ត្រីបាន​បញ្ជាក់ថា ខ្លួន​មិន​នឹកស្មាន​សោះ​ថា​បទ«រាំ​ញី​កែងជើង»នេះ ល្បី​ដល់​ប្រទេស​រុស្ស៊ី​នោះឡើយ។ លោក​មេទ័ព​កម្ពុជា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«កាល​មក​សួរសុខទុក្ខ​សិក្ខាកាម នៅ​ទីក្រុង​ម៉ូស្គូ​លើក​នេះ។ ខ្ញុំ​ស្មាន​មិន​ដល់​សោះ នឹង​រាលដាល​ដល់ទី​នេះ។ សូម​គោរព​ឯកឧត្តម សូម​ញី​កែងជើង​មួយ...»។

មិន​ដល់​មួយ​ម៉ោង​ផង វីដេអូ​នេះ មាន​អ្នក​ចែករំលែក​បន្ត​គ្នា​ជាង២ពាន់​នាក់ និង​អ្នក​ចុច​ទស្សនា​ជិត៤ពាន់​ដង។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​រយៈពេល៩ថ្ងៃ ចាប់ពី​ថ្ងៃទី២៣ខែ មេសា រហូតដល់​ថ្ងៃទី១ខែឧសភា។ ក្នុងពេល​ស្នាក់នៅ​រុស្ស៊ី លោក​រដ្ឋមន្ត្រី​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ក្រៅផ្លូវការ ព្រមទាំង​ចូលរួម​ក្នុង​សន្និសីទ​ក្រុង​មូ​ស្គូ៕

សូមទស្សនាវីដេអូ៖