តា​យាយ​ចាស់ជរា​រស់នៅ​យ៉ាង​វេទនា​លើកដៃ​សំពះ ​សុំ​រស់នា​ជីវិតចុងក្រោយ​

6 Videos


តាយាយចាស់ជរារស់នៅពីរនាក់ប្តីប្រពន្ធបានប្រកាសសុំជំនួយពីសប្បុរសជនដើម្បីឲ្យជីវីតរស់នៅចុងក្រោយរបស់ពួកគាត់ទទួលបាននូវការហូបចុកបានឆ្អែតមុននិងពួកគាត់លាចាកលោកនេះទៅ ។ ពេលនេះពួកគាត់រស់នៅតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះពុំមានអ្វី ជាទីពឹងឡើយ ក្រៅតែពីអ្នកជិតខាងផ្តល់បាយទឹកឲ្យបន្តិចបន្តួចនោះ ។

គ្រួសារទីទ័លក្រទុគ៌តពីរនាក់យាយតានេះ លោកតាជាប្តីឈ្មោះ ចេង សែម អាយុ ៨៣ ឆ្នាំ លោកយាយ តែន ញ៉ញ អាយុ ៨០ ឆ្នាំរស់នៅភូមិជៃអាខោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃនេះលោក យាយលោកតារស់នៅតែពីរនាក់ប្តីប្រពន្ធ គ្មានកូនចៅនៅជាមួយឡើយលោកតាលោកយាយអត់មានមុខ របរអ្វីធ្វើទេ ។

សព្វថ្ងៃរស់នៅដោយសារប្អូនអ្នកជិតខាងចិញ្ចឹមសង់កូនខ្ទមតូចមួយនៅលើដីរបស់អ្នកភូមិដើម្បីឲ្យលោក យាយលោកតាស្នាក់នៅបណ្តោះអាសន្ន ចំពោះការហូបចុកគឺបានអ្នកជិតខាងនិងប្អូនចិញ្ចឹមគេអាណិតជួយផ្តល់បាយទឹកខ្លះៗតែមិនបានគ្រប់គ្រាន់នោះទេពេលខ្លះគឺដាច់អត់មានអ្វីសម្រាប់ហូបទេ ។

ចំពោះលោកតានៅមានសុខភាពមាំតែចំពោះលោកយាយវិញឈឺគាត់មានជំងឺលើសឈាមបានដួលកាលពី ៥ ឆ្នាំមុន តែឥឡូវមិនអាចដើរបានព្រោះស្លាប់មួយចំហៀងខ្លួនមួយថ្ងៃៗនៅតែសម្រាន្តលើកន្ទេលអង្គុយក៏មិនកើតនិយាយក៏មិនរួច ស្តាប់ក៏មិនឮ មើលក៏មិនឃើញហើយមិនបានព្យាបាលអ្វីទេព្រោះគាត់គ្មានប្រាក់ សម្រាប់មើលជំងឺរបស់លោកយាយ ។

សព្វថ្ងៃលោកតាមិនអាចទៅណាបានទេដោយនៅមើលថែទាំលោកយាយបញ្ចុកបាយទឹកឲ្យលោកយាយ លោកទាំងពីរបានសំណូមពរដល់សប្បុរសជនទាំងឡាយមេត្តាជួយដល់ពួកគាត់នូវជីវិតចុងក្រោយរបស់ពួកគាត់ផង បើមិនដូចនោះទេពួកគាត់ទាំងពីរ ប្រាកដជាដាច់ពោះស្លាប់ជាមិនខានឡើយ ៕ សុថាត់