ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន ជិត​១​គីឡូក្រាម

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ប្រមាណ​ជិត​១​គីឡូក្រាម​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦​។ ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​១.​ឈ្មោះ វ៉ា​ន់ ប៊ុ​ន​ធឿ​ន ហៅ​វុ​ធ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ២.​ឈ្មោះ ឈិ​ន វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៧)​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​គឺ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។ កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹក​ក​មាន​ទំងន់​៨៩២​ក្រាម​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ផ្លូវ​ចូល​ស្តង់​តា​ងួ​ន ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា ជនសង្ស័យ​២​នាក់​នេះ​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿ​ញៀន​ទើប​ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​៕