កម្តៅ​ប្រែប្រួល​៖​ក្រសួង​ប្រាប់​ឲ្យ​ប្រយ័ត្ន​ចំពោះ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ពីថ្ងៃ​ទី​៣-១១​ឧសភា​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង​ចន្លោះ​ថ្ងៃទី​៤​ខែឧសភា ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ។

​បន្ទាប់ពី​បាន​តាមដាន​ស្ថានភាព​អាកាសធាតុ​យ៉ាង​យក​ទុកដាក់ ស្ថាប័ន​ជំនាញ​មួយ​នេះ ក៏បាន​បញ្ជាក់ដែរថា សីតុណ្ហភាព​អតិបរមា​មានការ​ប្រែប្រួល​ចុះឡើង​។ យោងតាម​ព្យាករណ៍ ចាប់ពី​ថ្ងៃទី​៣ និង​ទី​៤​ខែឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹងមាន​ការកើនឡើង​បន្តិច​ក្នុង​រង្វង់ ៣៧​អង្សា ទៅ​៤០​អង្សា នៅ​តំបន់​ទំនាប ពី​៣៦​អង្សា ទៅ​៤០​អង្សា នៅ​តំបន់​ខ្ពង់រាប និង​ក្នុង​រង្វង់​៣៥​អង្សា ទៅ​៣៧​អង្សារ នៅ​តំបន់​មាត់សមុទ្រ​។

​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១​ខែឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹង​ថយចុះ​បន្តិច​ក្នុង​រង្វង់  ៣៦​អង្សា ទៅ​៣៨​អង្សា​នៅ​តំបន់​ទំនាប ពី​៣៥​អង្សា ទៅ​៣៩​អង្សា នៅ​តំបន់​ខ្ពង់រាប និង​ក្នុង​រង្វង់​៣៤​អង្សា ទៅ​៣៧​អង្សារ នៅ​តំបន់​មាត់សមុទ្រ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក ដែល​បាន​បន្ថែម​ដែរ​ថា ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១១​ខែឧសភា នៅតាម​បណ្តា​ខេត្ត រាជធានី​នានា​អាចមាន​ភ្លៀង​កក់ខែ ធ្លាក់​ជា​បន្តបន្ទាប់​។ ដូច្នេះ ក្រសួង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ក្នុងពេល​ភ្លៀង​កក់ខែ​នោះដែរ​៕