វីរ​កីឡាការិនី កែ ឡេង អាច​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក​១​លើក​ទៀត ប៉ុន្តែ​ប្រហែល​គ្មាន​វត្ត​មាននៅ​ស៊ី​ហ្គេម​

​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់​ប្រហែលជា​មិនមាន​វត្ត​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ឡើយ ប៉ុន្តែ​កីឡាការិនី​ម្នាក់នេះ​ប្រហែលជា​អាច​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​លំដាប់​ពិភពលោក​បាន​ម្តងទៀត​។ នេះ​បើ​យោងតាម​ការវាយតម្លៃរ​ប​ស់លោក អ៊ឹង គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

​វិ​រៈ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់ ត្រូវបាន​លោក អ៊ឹង គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​វាយតម្លៃថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ប្រហែលជា​មិនមាន​វត្តមាន​របស់​វីរៈ​កីឡាការិនី​ប៉េតង់​ម្នាក់​នេះឡើយ ពោលគឺ លោក បាន​វាយតម្លៃថា កីឡាការិនី​ម្នាក់នេះ​អាច​ប្រកួត​បានតែ​២ ទៅ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ការវាយតម្លៃ​បែបនេះ​ដោយ​លោក​គិតថា ទម្រាំ​ដល់​ការប្រកួត​នោះ​ចាប់ផ្តើម​កីឡាការិនី​ម្នាក់នេះ​មាន​អាយុ​កាន់តែច្រើន ហើយ​កម្លាំង និង​ភ្នែក​របស់គេ​ក៏មាន​ការថយចុះ​ផងដែរ​។  

​លោក​អគ្គលេខាធិការ​រូបនេះ​បាន​រៀបរាប់​ដូចនេះ​ថា​៖«​ចំពោះ កែ ឡេង ទស្សនៈ​ខ្ញុំ​គិតថា គាត់​ប្រហែលជា​អាច​លេង​បានតែ​២​ទៅ​៣​ឆ្នាំ​ទៀត​នោះទេ ប៉ុន្តែ​ចំពោះ​ការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ខ្ញុំ​មិន​សង្ឃឹម​នោះទេ ព្រោះថា​ទម្រាំ​ដល់​៧​ឆ្នាំ​គាត់​មាន​អាយុ​កាន់តែច្រើន ដូច្នេះ​ភ្នែក និង​កម្លាំង​ក៏មាន​ការ​ថមថយ​ដែរ​។ ការប្រកួត​ប៉េតង់​ភាគច្រើន​គឺ​ប្រកួត​ពេលយប់ ប៉ុន្តែ​បើ​គាត់​ខ្សោយ​ភ្នែក​គឺ​មិនអាច​ទៅរួច​នោះទេ​»​។

​ទោះបីជា​យ៉ាងនេះ​ក្តី លោក​អគ្គលេខាធិការ​រូបនេះ​កំណត់ថា យ៉ាងហោចណាស់​លោក​នឹង​កំណត់​ឲ្យ វីរៈ​កីឡាការិនី កែ ឡេង បាន​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​បាន​ម្តងទៀត ហើយ​ប្រសិនបើ​កីឡាការិនី​រូបនេះ​នៅតែ​បន្ត​ឈ្នះ​មេដាយមាស​ពិភពលោក ពោលគឺ​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា នោះ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ឯក​ត្ត​កម្ម ហើយក៏​ក្លាយជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ផងដែរ​។

​លោក​បញ្ជាក់ថា​៖«​អញ្ចឹង​យ៉ាងហោចណាស់​ខ្ញុំ​ឲ្យ កែ ឡេង បាន​ប្រកួត​ពិភពលោក​ម្តងទៀត ប្រសិនបើ​គាត់​នៅតែ​ប្រកួត​ដណ្តើមបាន​មេដាយមាស​បី​ដង ខ្ញុំ​ចាត់ទុកថា​ខ្មែរ​គឺ​ចងក្រង​ជា​ឯក​ត្ត​កម្ម ហើយក៏​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា វីរៈ​កីឡាការិនី កែ ឡេង   បច្ចុប្បន្ន​មាន​អាយុ​៥៤​ឆ្នាំ ធ្លាប់​បានឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​ចំនួន​ពីរលើក​ពោលគឺ ឆ្នាំ​២០១៣ កីឡាការិនី​រូបនេះ​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Women’s Pétanque World Championships 2013 នៅ​ទីក្រុង Montauban ប្រទេស​បារាំង និង​បន្ត​ឈ្នះ​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ដដែល នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ​៕