ឃាត់ខ្លួន​បុគ្គលិក អង្គការ​អភិរក្ស ការពារ​ធនធាន​ជលផល និង​ព្រៃឈើ

ខេត្តកំពង់ឆ្នាំង  ៖ បុគ្គលិក​អង្ក​ការ​មួយ​ឈ្មោះ អង្គការ​អភិរក្ស ការពារ​ធនធាន​ជលផល និង​ព្រៃឈើ ចំនួន២​នាក់ ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ ស្រុក ធ្វើការ​ឃាត់ខ្លួន​សាកសួរ បន្ទាប់​ពី​បុគ្គល​ទាំង​ពីរនាក់​នេះ បាន​ទៅ​គំរាម​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ចំនួន​១៤​ម៉ឺន​រៀល  ពេល​ជួល​អា​ត្រាក់​ឈូស ពង្រាបដី​ស្រែប្រាំង នៅ​ចំណុច​ថ្នល់​ដាច់ ភូមិ​កោះ​តា​ម៉ូ​វ  ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែ ឧសភា ឆ្នាំ​២០១៦ ។

លោក រ៉ែ​ម ដេ​ត អភិបាលរង​ស្រុក បរិបូរណ៍​បាន​ឲ្យ​ដឹង​ថា  នៅ​ម៉ោងជាង​៩​ព្រឹក លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា មាន​មន្ត្រី​បរិស្ថាន បាន​ដើរ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​គ្រឿងយន្ត ឈូស​ពង្រាបដី​ស្រែប្រាំង ពេល​នោះ​លោក​បាន​សុំ​ការ​សហ​ការណ៍​ជាមួយ អាជ្ញាធរ​ឃុំ មេលុំ និង​ឃុំ​ខុន រ៉​ង និង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ មន្ត្រី​ការ​រិ​យា​ល័យ​បរិស្ថាន ស្រុក​ចុះ​ទៅ​ពិនិត្យ ឃើញ​បុគ្គលិក​របស់ អង្គការ​២​រូប តែ​មិនមែន​ជា​មន្ត្រី​បរិស្ថាន​នោះ​ទេ ជា​មន្ត្រី​អង្គការ  អភិរក្ស ការពារ​ធនធាន​ជលផល និង​ព្រៃឈើ  ដែល​ពួក​គាត់​បាន​ទារប្រាក់​ពី​ម្ចាស់​គ្រឿងយន្ត ឈូស​ពង្រាបដី​ព្រៃ​ពិតប្រាកដ​មែន ។

ប៉ុន្តែ​បុគ្គលិក​ទាំង​ពីរ​នាក់​នេះ  គ្មាន​ឯកសារ​អ្វី​ទេ ក្នុង​ចំណោម​ពីរ​នាក់​មាន​តែ​ម្នាក់​មាន​ប័ណ្ណសម្គាល់ខ្លួន របស់​អង្គការ​ខាងលើ ហើយ​ក៏​បាន​នាំ​គាត់​មក​សាលាឃុំ​មេលុំ ដើម្បី​សួរនាំ​បន្ថែម  និង​អោយ​ប្រធាន​អង្គការ នោះ​មក​ពិនិត្យ​មើល ។​ក្រោយមក​មាន​លោក លី ប៊ុ​ន​លៀង អនុប្រធាន​តំបន់​២ ត​ចំណុះ​លើ​៤​ខេត្ត  របស់​អង្គការ​ខាងលើ​បាន​មក​ទទួលយក​បុគ្គលិក​របស់​ខ្លួន និង​បាន​ធ្វើ​លិខិត​ស្នាម កិច្ចសន្យា រួច​អាជ្ញាធរ​បាន​ឲ្យ​បុគ្គលិក​អង្គការ​នោះ ត្រឡប់​ទៅ​វិញ​ព្រម​ជាមួយ​ការ​ធ្វើ​លិខិត​ស្នាម​ទុកជា​ឯកសារ និង​បាន​ដកហូត​ប្រាក់​ចំនួន​១៤​ម៉ឺន​រៀល ដែល​ជំរិត​បាន​ពី​ម្ចាស់ គ្រឿងយន្ត​ឲ្យ​ទៅ​ម្ចាស់​គេ​វិញ ។

ប្រភព​ផ្សេង​ពី​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​ពីរ​នាក់​ម្នាក់​មាន​ប័ណ្ណសម្គាល់ខ្លួន​ឈ្មោះ សៀង ឌឿ​ន និង​ម្នាក់​ទៀត​ដែល​មិន​ទាន់​មាន​ប័ណ្ណ ឈ្មោះ ឃុន សុ​ជា អាយុ​៣៤​ឆ្នាំ ទាំង​ពីរ​នាក់​បាន​ទៅ ជំរិត​ទារប្រាក់​ក្នុង​ចំនួន​ច្រើន​ជាង​នេះ​ពី​ម្ចាស់ គ្រឿងយន្ត​ឈ្មោះ ជួន សេ​លី អាយុ​៣៤ នៅ​ភូមិ​ទួលរ​ការ ឃុំ​មេលុំ និង​ម្នាក់​ទៀត ឈ្មោះ ប្រុស នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​កំពុង​ពង្រាបដី ហើយ​បាន​ត្រូវ​គ្នា​ត្រឹម គ្រឿងយន្ត​២​គ្រឿង បង់​១៤​ម៉ឺន​រៀល ទើប​ផ្ទុះ​រឿង​ដឹង​ដល់​សមត្ថកិច្ច​បែប​នេះ ។

ជុំវិញ​ករណី គ្រឿងយន្ត​ឈូស​ដី ពង្រាប​ស្រែប្រាំង ពេល​ខ្លះ​គ្រាន់តែ​ជា​ប្រធានបទ​យក​លេស​ប៉ុណ្ណោះ ព្រោះ​ខ្លះ​ឈូស​ដីស្រែ តែ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ដែល​នៅ​ជាប់​ព្រំ​ដី​របស់​ខ្លួន ខ្លះ​កាប់​ព្រៃ​លិច​ទឹក ឲ្យ​ងាប់​រួច​ដុត​ចោល​មួយ​ឆ្នាំ​២​ឆ្នាំ​ក្រោយមក ឈូស​យក​ធ្វើ​ដី​កម្ម​សិទ្ធ ។ ប្រពៃណី​នេះ បាន​កើត​មាន​រាល់​ឆ្នាំ គួរតែ​មន្ត្រី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ខេត្ត មាន​វិធានការ​អោយ​បាន​ម៉ឺងម៉ាត់​បំផុត​៕