បញ្ជូន​មន្ត្រី​អាដហុក និង​មន្ត្រី​គ.ជ.ប ទៅ​ACUវិញ ក្រោយ​សាកសួរ​ជាង១១ម៉ោង

រូបភាពពីហ្វេសប៊ុកលោកChhay Thiព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចំណាយពេល​ជាង១១ម៉ោង នៅ​ថ្ងៃទី១ខែឧសភា​នេះ ដើម្បី​សាកសួរ​មន្ត្រី​អាដហុក​ទាំង៤រូប និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត១រូប។ យ៉ាងណាក៏ដោយ ព្រះរាជអាជ្ញា មិនទាន់​ចោទប្រកាន់​អ្នក​ទាំង៥ ពីបទ​ល្មើស​អ្វី​នៅឡើយ​ទេ ​ក្រោយ​បញ្ចប់​ដំណើរការ​សាកសួរ​យ៉ាង​សស្រាក់សស្រាំ​សម្រាប់​ថ្ងៃនេះ ដែល​បានចាប់ផ្តើម​តាំងពី​ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង៧កន្លះ​យប់។

មន្ត្រី​អាដហុក៤រូប គឺលោក នី សុខា,​ លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរងរបស់​គ.ជ.ប គឺលោក នី​ ចរិយា ត្រូវ​បានដាក់​ខ្នោះ​និង​ដឹក​តាម​រថយន្ត​ចំនួន៥គ្រឿង ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​ភ្លាម​ ក្រោយ​បញ្ចប់​ការសាកសួរ។

ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ ដែល​បាន​រង់ចាំ​នៅ​ខាងក្រៅ​តាំងពី​ព្រឹកព្រលឹម​មក​នោះ បានស្រែកយំ​ផង និង​ខ្លះ​ស្រែក​តិ​ទៀន​តុលាការ​ថា​អយុត្តិធម៌​ផង ពេល​ឃើញ​មន្ត្រី​អាដហុក និង​មន្ត្រី​គ.ជ.ប ត្រូវ​បានដាក់​ខ្នោះ​ និង​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ។ 

អ្នកស្រី គា សុផល មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក​ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ព្រះរាជា​អាជ្ញា​បានបញ្ចប់​ការសាកសួរ​ហើយ ប៉ុន្តែ​មិនទាន់​ធ្វើការ​ចោទប្រកាន់​កូនក្តី​របស់ខ្លួន នៅឡើយ។ លោកស្រីបន្ថែមថា នៅពេលព្រឹក ថ្ងៃ២ ខែឧសភា សមត្ថកិច្ចនឹងបញ្ជូនអ្នកទាំង៥រូប ទៅកាន់តុលាការវិញ ដើម្បីបន្តនីតិវិធី។

មេធាវី​រូបនេះ​ពន្យល់ថា៖«សម្រាប់ថ្ងៃស្អែក កូនក្តី​របស់ខ្ញុំ​មាន​ផ្លូវ២ គឺ​ទី១. ព្រះរាជអាជ្ញា​តម្កល់​រឿង​មិន​ចាត់ការ និង​ទី២ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់។  ប្រសិនបើ​ព្រះរាជអាជ្ញា​ចោទប្រកាន់​អ្នក​ទាំង៥ ពីបទ​ល្មើស​អ្វីមួយ  នោះ​ព្រះរាជអាជ្ញា នឹង​បន្ត​សំណុំ​ទៅកាន់​ចៅក្រម​ស៊ើបសួរ»។

យ៉ាងណាក៏ដោយ អ្នកស្រី គា សុផល សង្ឃឹម​យ៉ាង​មុតមាំ​ថា ព្រះរាជអាជ្ញា នឹង​លើក​លែ​ង​ការចោទប្រកាន់ ហើយ​តម្កល់​សំណុំរឿង​មិន​ចាត់ការ។ ការជឿជាក់​យ៉ាង​ដូច្នេះ ព្រោះ​អ្នកស្រី​សំអាងថា កូនក្តី​របស់ខ្លួន មិនបាន​ប្រ​ព្រឹ​ត​បទល្មើស​ណាមួយ ដូច​ការចោទប្រកាន់ នៅក្នុង​លិខិត ដែល​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ បាន​លាតត្រដាង​កន្លង​មក​ទេ។ អ្វីដែល ព្រះរាជអាជ្ញា​លើក​មក​ចោទសួរ គឺ​ទាក់ទង​នឹង​អំពើពុករលួយ ដែល​ទទួល​ព័ត៌មាន​បាន​ពី​ACU ហើយ​ព័ត៌មាន​ដែល​ACU បញ្ជូន​ទៅកាន់​តុលាការ គឺ​ផ្អែកលើ​លិខិត​ចំហ ចំនួន៤ទំព័រ របស់​ស្រីមុំ។ នេះ​ជាការ​បន្ថែម​របស់ មេធាវី​ដដែល៕