រដ្ឋ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​បាន​ជាង​២៤​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ខែ​

​នៅក្នុង​ខែមេសា ឆ្នាំ​២០១៦ ស្ថិតិ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន ១៤៦,១៩៦​នាក់​។ ចំនួន​នេះ​ថយចុះ ៤.៨០​ភាគរយ បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ​២០១៥ ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ការលក់​សំបុត្រ​របស់​រដ្ឋ​ចំណូល​ដែល​ដែល​បានមកពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងនោះ​សរុប​មាន​ចំនួន ៤,១៤៨,៥៦០​ដុល្លារ ថយចុះ​៣.៧៦​ភាគរយ បើ​ធៀប​នឹង​ខែ​ឆ្នាំ​២០១៥ ។

​បើតាម​ការសរុប​នៃ​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​មើល​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៦​នេះ​វិញ មាន​សរុប​ចំនួន​៨៤៧,៥៥៤​នាក់​។  ចំណែកឯ​ចំណូល​រយៈពេល​៤​ខែ​នេះ មាន​ចំនួន ២៤,៥០០,១៦០​ដុល្លារ​។​

​រដ្ឋាភិបាល​បាន​ដកសិទ្ធិ​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ពី​ក្រុមហ៊ុន​សុខាអូតែល មក​គ្រប់គ្រង​ខ្លួនឯង​វិញ ចាប់ពី​ខែមករា ឆ្នាំ​២០១៦​នេះ ក្រោយពី​មានការ​ចោទប្រកាន់​នានា​ពី​មហាជន ជាពិសេស​ពី​គណបក្សប្រឆាំង​ថា ការប្រមូល​ចំណូល​គ្មាន​តម្លាភាព​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ មាន​ទេសចរ​បរទេស​ចំនួន ជាង​២​លាន​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន​នេះ​កើនឡើង​ជិត​២​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤ ចំណែក​ចំណូល​ពី​ការលក់​សំបុត្រ​វិញ មាន​ចំនួន ៦០,០៥៣,៧០០​ដុល្លារ​៕