ប្រមុខ​ការទូត​ចិន​៖​ជប៉ុន​គួរ​ឈប់​មើលឃើញ​ការលូតលាស់​របស់​ចិន​ជា​គ្រោះថ្នាក់​

​រដ្ឋមន្ត្រីការបរទេស​ចិន បានស្នើ​ឲ្យ​សម​ភាគី​ជប៉ុន ឈប់​ចាត់ទុក​ការលូតលាស់​របស់​ចិន ជា​គ្រោះថ្នាក់​សម្រាប់​ខ្លួន ដើម្បី​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​ទាំងពីរ​។ ទំនាក់ទំនង​ទ្វេភាគី​នេះ ហាក់​បាន​ប្រសើរឡើង​បន្តិច​ហើយ ក្រោយ​មាន​ជំនួប​រវាង​លោក ស៊ី ជិន​ពីង និង​លោក ស៊ីន​ហ្សូ អា​បេ កាលពី​ឆ្នាំមុន​។ តែ​ចិន​នៅមាន​មន្ទិលសង្ស័យ ចំពោះ​នយោបាយ​ជប៉ុន ក្នុងការ​ពង្រឹង​អំណាច​យោធា​ឡើងវិញ​។ នេះ​ក៏​ព្រោះតែ​បញ្ហា​ប្រវត្តិសាស្ត្រ និង​ជម្លោះ​ដែន​កោះ​សមុទ្រ​ចិន​ខាងកើត នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ភាគី​ទាំងពីរ​។

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង​យី (Wang Yi) ថ្ងៃ​សៅរ៍​ទី​៣០​មេសា​ម្សិលមិញ​នេះ បាន​ថ្លែងប្រាប់​សម​ភាគី​ជប៉ុន​លោក Fumio Kishida ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន ចាំបាច់​ត្រូវ​ឈរលើ​គោលការណ៍​សហប្រតិបត្តិ​ការ​គ្នា​មិនមែន​ប្រឈមមុខ​ដាក់គ្នា​ទេ​។ ជប៉ុន​ក៏ត្រូវ​លុបចោល​នូវ​ផ្នត់គំនិត ចាត់ទុក​ការ​រះ​ត្រដែត​ឡើង​របស់​ចិន ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​ជប៉ុន និង​បន្ត​មើល​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​ទៀត​។​

​ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រុង​ប៉េកាំង ក្រោយ​លោក វ៉ាង យី បាន​ជជែក​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ជុំវិញ​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី រវាង​មហាអំណាច​ទាំងពីរ​ផង​។ វត្តមាន​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida នៅ​ចិន​នេះ បង្ហាញ​ពី​ការ​ស្វះ​ស្វែងរក​ការពង្រឹង​ចំណង​ការទូត ជាមួយ​ក្រុង​ប៉េកាំង ដើម្បី​បញ្ចៀស​ឲ្យ​បាន នូវ​ការប្រឈមមុខ​ដាក់គ្នា និង​អាចមាន​ការប៉ះទង្គិច​គ្នា​កើតមានឡើង​។​

​ថ្លែង​បើក​សន្និសីទ លោក វ៉ាង យី បានចាប់ផ្តើម​ផ្ញើ​សារ​រំលែក​ទុក្ខ និង​ចូលរួម​សោកស្តាយ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កន្លងមកនេះ​។ បន្ទាប់មក ទើប​លោក​ចាប់ផ្តើម​លើកឡើង​ពី​ទំនាក់ទំនង​ចិន និង​ជប៉ុន​បច្ចុប្បន្ន និង​ឈានឆ្ពោះ​ទៅធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ កាន់តែ​ប្រសើរឡើង​ផង​។​

​តែ​លោក វ៉ាង យី លើកឡើង​ចំពោះមុខ​ប្រមុខ​ការទូត​ជប៉ុន​ថា​៖«​យើង​បានឃើញ​ភាគី​ជប៉ុន បន្ត​បង្ហាញ​ចំណាប់អារម្មណ៍​ម្តង​ហើយ ម្តងទៀត ក្នុងការ​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ ប្រសើរឡើង​។ អ្នក​បានបង្ហាញ​ឆន្ទៈ ក្នុងការ​ចាប់ផ្តើម​។ ហើយ​ប្រសិន​អ្នក​អញ្ជើញ​មក​ដោយ​ការគោរព និង​ភាពស្មោះត្រង់ យើង​ពិតជា​ស្វាគមន៍​អ្នក​»​។​

​លោក​បន្តថា​៖« យើង​មិនគួរ​វាយតម្លៃ ដោយ​ផ្អែកលើ​អ្វីដែល​មនុស្ស​និយាយ​ទេ តែ​ត្រូវ​វាយតម្លៃ​នូវ​អ្វី ដែល​ពួកគេ​បានធ្វើ​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ស្តាប់​គំនិត​យោបល់​របស់លោក ពី​ការធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​ជប៉ុន​ប្រសើរឡើង​។ ហើយ​ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ​ថា តើ​ភាគី​ជប៉ុន នឹង​បំពេញ​តាម​ពាក្យសម្តី​របស់គេ ឬ​អត់​»​។

​ក្រៅពីនេះ លោក ក៏បាន​ឆ្លៀតឱកាស​ផ្តល់យោបល់ ពាក់ព័ន្ធ​វិធីសាស្ត្រ និង​គោលនយោបាយ​នានា ដែល​អាច ជំរុញ​ឲ្យ​ទំនាក់​ចិន និង​ជប៉ុន​ប្រសើរឡើង​ដែរ​។ ជប៉ុន​គួរ​មើលឃើញ​ការរីកលូតលាស់​របស់​ចិន ក្នុង​ផ្លូវ​វិជ្ជមាន និង​បញ្ឈប់​ឲ្យ​បាន​នូវ​ការចាត់ទុក​ចិន ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​ចិន ដែល​បាន​បន្ថែមថា ចិន និង​ជប៉ុន គួរ​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក និង​បន្ត​ការ​សហប្រតិបត្តិការ និង​ទំនាក់ទំនង​គ្នា ឲ្យ​បាន​ជិតស្និទ្ធ​ផងដែរ​។

​តាមពិតទៅ​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​ទ្វេភាគី​ដែល​ធ្លាប់តែ​ប្រេះឆា​នោះ បាន​ត្រលប់​មករក​ភាពប្រសើរ​បន្តិច​ហើយ ក្រោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ កន្លងមក​។  តែ​វា​នៅសល់​បញ្ហា​ច្រើន​ទៀត​ដែល​ភាគី​ត្រូវ​ដោះស្រាយ​។ បញ្ហា​ប្រវត្តិសាស្ត្រ និង​ជម្លោះ​ដែន​កោះ សេន​កា​គូ នៅតែ​ជា​បញ្ហា និង​ឧបសគ្គ​ធំ​មួយ ដែល​ធ្វើ​ឲ្យ​ភាគី​នៅ​មិនទាន់​ទុកចិត្ត​គ្នា​ឡើយ​។ ម្យ៉ាងទៀត​ក្រុង​ប៉េកាំង កំពុង​បន្ត​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​សកម្មភាព​ជប៉ុន ជាពិសេស​ការបន្ត​ស្វះ​ស្វែងរក ការធ្វើ​ទំនើបកម្ម​កងទ័ព និង​បង្កើន​សមត្ថភាព​ការពារជាតិ ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ​៕