ទាហាន​ម្នាក់​ដើរ​ល្បាត​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ឆ្វេង​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ទាហាន​ម្នាក់​ដើរ​ល្បាត​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ឆ្វេង​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ប្រាសាទ​ព្រះវិហារ



ព្រះវិហារ ​៖ ​ទាហាន​ម្នាក់​បម្រើ​ការងារ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្រុក​ជាំ​ក្សាន្ត​ បាន​​រង​បួស​ធ្ងន់ធ្ងរ​ ដោយសារ​ដើរ​ជាន់​មីន​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​នៃ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ ខណៈ​បំពេញ​កាតព្វកិច្ច​ដើរ​ល្បាត​ការពារ​បូរណភាព​ទឹកដី​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១៦។

គ្រាប់មីន ​ដែល​ផ្ទុះ​នោះ​ ជា​ប្រភេទ​មីន​ខ្យល់​ ឬ​ប្រភេទ​មីន​ណាំតាំ ​​ហើយ​ប្រសិទ្ធភាព​របស់​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ នៅ​ពេល​ទៅ​ប៉ះ​ ឬ​ដើរ​ជាន់​ពីលើ​វា។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កើតហេតុ​​​ភ្លាមៗ​នោះ​ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ និង​សហការី​ បាន​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះវិហារ​ ​​ទាន់​ពេល​វេលា​ផង​ដែរ។

លោក​សា​ ម៉ែន ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ថា ​ជនរងគ្រោះ​​​​ឈ្មោះ​លី លូន​ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​២​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ បាន​ដើរ​ល្បាត​ ហើយ​​ក៏​ជាន់​មីន​ខ្យល់​បណ្ដាល​ឲ្យ​រង​របួស​ដាច់​ជើង​ឆ្វេង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា​ឆ្នាំ​២០១៦។

លោក​មេបញ្ជាការ​បាន​​បន្ត​ថា​ មុនពេល​កើតហេតុ​ កម្លាំង​ទាហាន​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​មាន​ចំនួន​០៩​នាក់​ រួម​ទាំង​ជនរងគ្រោះ​ បាន​ចុះ​បំពេញការងារ​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ចាប់ពី​ចំណុច​ត្របែកព្រៃ​ដល់​ចំណុច​ភ្នំ​ខ្មោច​ ឬ​ភ្នំ​៥០០ ​ហើយ​ទីតាំង​កើតហេតុ​ផ្ទុះ​គ្រាប់មីន​ស្ថិត​ចំណុច​និយាម​ការ​៧៤៩២០២​ត្រង់​ចំណុច​ភ្នំ​ខ្មោច​ឬ​ភ្នំ​៥០០។ រហូតមកដល់​ថ្ងៃ​ទី​០១​ ខែ​ឧសភា​នេះ​ជនរងគ្រោះ​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​ឡើយ ​ហើយ​លោក​បាន​ជួយឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​ផង​ដែរ៕