ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​មួយ​គ្រាប់ និង​វាយ​ក្បាល​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ អំពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នោះ​ចូល​ទៅ​លួច​កង់​មួយ​គ្រឿង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​នោះ​។​ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣ (​ក្បែរ​វត្ត​ឧណ្ណាលោម​) ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ងួ​ន វិចិត្រ អាយុ​២៧​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​ពិតប្រាកដ ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយ​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​។ បុរស​ជា​ម្ចាស់​កង់​មានឈ្មោះ មាស ម៉ា​ដែន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រើ​អាវុធ​ម៉ា​កឡុក បាញ់​មួយ​គ្រាប់​ឡើង​លើ និង​វាយ​ទៅ​លើ​ក្បាល​របស់​បុរស​ជា​ជនសង្ស័យ​មួយ​ស្នាប់​កាំភ្លើង​នៅ​ក្នុង​ការ​ចាប់ខ្លួន​នោះ​។​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់​កង់​បាន​បញ្ឈរ​កង់​មួយ​គ្រឿង​របស់​ខ្លួន​នៅ​ខាង​មុខ​ផ្ទះ បាន​បន្តិច​ក៏​បានឃើញ​បុរស​ជា​ជនសង្ស័យ​ចូល​មក​លួច​បណ្តើរ​កង់​របស់​ខ្លួន​ចេញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។

ភា្ល​ម​នោះ​បុរស​ជា​ម្ចាស់​កង់​ក៏​បាន​ស្ទុះ​រត់​ចេញ​មក​ពី​ក្នុងផ្ទះ និង​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​ចាប់​បុរស​ជា​ជនសង្ស័យ​រូប​នោះ​បាន ហើយ​ក៏​វាយ​បន្ថែម​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បែកក្បាល​រយះ​ចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន រង​របួសធ្ងន់ និង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង​។ មតិ​ខ្លះ​ក៏​បាន​ធ្វើការ​រិះគន់​ទៅ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​រូប​នោះ​ផង​ដែរ ដោយ​គ្រាន់តែ​សម្បត្តិ​ត្រឹម​ចោរលួច​កង់​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បែប​នេះ​ទាល់តែ​សោះ​។ ក្រោយ​ពេល​កើតហេតុ​បុរស​ជនសង្ស័យ​ជា​ចោរលួច​កង់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​ទោស​តាម​ផ្លូវច្បាប់ ចំណែកឯ​កង់​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​វិញ​ផង​ដែរ ៕