ខេត្ត​កំពង់ឆ្នាំង​រៀបចំ​ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៦

ខេត្ត​កំពង់ឆ្នាំង​រៀបចំ​ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៦



កំពង់ឆ្នាំង ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ ២០១៦ ​​នៅ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​ប្រធានបទ “​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​” ក្នុង​គោលបំណង​កៀរគរ រក​មូលនិធិ​ពង្រឹង​បណ្ដាញ​ជា​សកល​របស់​ចលនា និង​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​អ្នក​ស្ម័គ្រចិត្ត ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ ផ្តល់​សេវា​មនុស្សធម៌ ​ជួយ​ដល់​មនុស្សជាតិ ដែល​រងគ្រោះ ​ដោយ​គ្រោះធម្មជាតិ និង​ឧបទ្ទវហេតុ​ផ្សេងៗ។ ពិធី​នេះ​ ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ចៅហ្វា​វាំង គង់ សំអុល ​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា និង​លោកជំទាវ។

អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា​ សម្រាប់​ខេត្ត​យើង​ឃើញ​​ ការរៀបចំ​ទិវា​កាកបាទក្រហម អឌ្ឍចន្ទ ក្រហម គឺជា​ការងារ​មួយ បានធ្វើ និង មាន​បទពិសោធន៍​ច្រើន​ណាស់​មកហើយ កត្តា​សំខាន់ គ្រប់​មន្ទីរ អង្គភាព និង បងប្អូន​អាជីវករ​យើង​នៅក្នុង​ខេត្ត មាន​ទឹកចិត្ត​ចូល​រួម​ទាំង​កម្លាំងកាយ និង ធនធាន ជួយ​គាំទ្រ និង ទ្រទ្រង់​ដល់​ចលនា​កាកបាទក្រហម​ខេត្ត​កាន់​តែ​មាន​ភាព​រលូន។ នា​ឱកាស​នោះ​ លោក​បាន​បន្ត​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​ ​​គឺ​ក្រុមការងារ​​ត្រូវ​ចុះ​ទៅ​តាម​មូលដ្ឋាន​ជនបទ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះខាត​កន្លង​មក​នេះ​ ​ ​ហើយ​មាន​ភាព​ធូរ​ស្រាល​ផងដែរ​ដោយមាន​ភ្លៀង​ធ្លា​ក់​នៅ​យប់​ថ្ងៃ​ទី​២៩ ​ខែ​មេសា​​ គ្រប​​ដណ្ប់​លើ​ភូមិ​ចំនួន​១០ ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

លោកជំទាវ កែ​ច័ន្ទ​មុនី អ្នកតំណាង​មណ្ឌល​កំពង់ឆ្នាំង បាន​អាន​សេចក្តី​ថ្លែង​ការ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដោយបាន​ពាំនាំ​នូវ​ព្រះរាជទាន​សេចក្តី​នឹករលឹក និង​ទួល​ថ្វាយ​សួរសុខទុក្ខ​ប្រកបដោយ​ព្រះហឫទ័យ​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ បំផុត​អំពី ព្រះករុណា​ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនី​នាង​សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស កាកបាទក្រហម​កម្ពុជា​ ជូន​ចំពោះ​អង្គ​មិ​ទ្ទិញ​ទាំងមូល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង។

សម្តេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា ថ្លែង​ថា​ លទ្ធផល​ដែល​កាកបាទក្រហម​កម្ពុជា​សម្រេច​បាន​ គឺ​មិន​អាច​​កាត់​ផ្តាច់​បាន​ពី​ការឧបត្ថម្ភ​គាំទ្រ​ ដ៏​ថ្លៃថ្លា​ ទាំង​ស្មារតី សម្ភារៈ ថវិកា រយៈពេល​កន្លងមក ក៏​ដូចជា​បច្ចុប្បន្ន​របស់​ឯកឧត្ដម និង​លោកជំទាវ លោក​ឧកញ៉ា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន​នានា ក្នុង​និង​ក្រៅ​ខេត្ត សម្រេច​ជា​មធ្យោបាយ​ក្នុង​សកម្មភាព​មនុស្សធម៌​ដ៏​មាន​ប្រសិទ្ធភាព​ស្រប​តាម​ពាក្យស្លោក ទីណា​មាន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា៕