ជំងឺ​ជាប់​កាយ​រហូត​ងាប់​មួយ​ចំហៀង​ខ្លួន​ ​​មិន​អាច​ទ្រាំ​បាន​ សម្រេច​ចិត្ត​ធ្វើ​អត្តឃាត

ជំងឺ​ជាប់​កាយ​រហូត​ងាប់​មួយ​ចំហៀង​ខ្លួន​ ​​មិន​អាច​ទ្រាំ​បាន​ សម្រេច​ចិត្ត​ធ្វើ​អត្តឃាត



ពោធិ៍សាត់ ​៖ ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​បាន​សម្រេច​ចិត្ត​ ធ្វើ​អត្តឃាត​ ដោយ​ចង.ក​សម្លាប់​ខ្លួន​នឹង​បង្កាន់​កាំជណ្ដើរ​ផ្ទះ​ខ្លួនឯង​ ដោយ​គ្មាន​​​​ស្ដាយ​ប្រពន្ធ​កូន ​ព្រោះ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ងាប់​មួយ​ចំហៀង​ខ្លួន។

ហេតុការណ៍​នេះ​បាន​បង្ក​​ឲ្យ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦​ស្ថិត​ក្នុង​ភូមិ​កូន​ក្រាយ ឃុំ​កញ្ជរ​ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

លោក​ហែម សុផល ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​កញ្ជរ​បាន​ឲ្យ​ដឹង​​ថា​ ៖​ ជនរងគ្រោះ​នេះ​ ក្រុម​គ្រួសារ​បាន​ប្រាប់​ថា​ ឈ្មោះ កែវ អុល​អាយុ​៥៧​ឆ្នាំ​ ភេទ​ប្រុស​រស់នៅ​ក្នុង​ភូមិ​ហេតុការណ៍​ខាងលើ។ នៅ​មុន​ពេល​កើត​ហេតុ​​ ​លោក​មេ​ប៉ុស្តិ៍​ប្រាប់​ថា​ គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ជាប់​ខ្លួន​យូរ​ឆ្នាំ​ហើយ​ ហើយ​ជំងឺ​​​នោះ ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​គាត់​រហូត​ងាប់​មួយ​ចំហៀង​ខ្លួន​ទៀត​ ដែល​ធ្វើ​ឲ្យ​គាត់​រស់នៅ​ក្នុង​ក្ដី​ឈឺចាប់​គ្រប់​វិនាទី​ ព្រម​ទាំង​បង្ក​ក្ដី​លំបាក​គ្រប់បែប​​យ៉ាង​ដល់​ក្រុម​គ្រួសារ​ផង​ដែរ។ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ​ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ទៅ​ណា​មួយ​ភ្លែត​អស់​ បុរស​នេះ​ក៏​បញ្ចប់​ជីវិត​ខ្លួនឯង​ ដោយ​គ្មាន​​អាល័យ​ប្រពន្ធ​កូន​ឡើយ គឺ​គាត់​បាន​​ទាញ​ខ្សែ​នីឡុង​ទាក់​នឹង​បង្កាន់ដៃ​ផ្ទះ​ខ្លួន​ត្រង់​កាំ​​ជណ្ដើរ​​​ចង.ក​សម្លា​ប់ខ្លួន​ស្លាប់​ភ្លាម​មួយ​រំពេច​តែម្ដង។

លោក​ហែម សុផល​ឲ្យ​ដឹង​ទៀត​ថា ​៖​ ក្រោយ​ពេល​​​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ​ប្រទះ​ឃើញ​បុរស​នេះ​ចង.ក​ស្លាប់​ហើយ ​ក្រុម​គ្រួសារ​​ក៏​នាំគ្នា​ស្រែក​បង្ក​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​អ្នក​ភូមិ ​និង​សមត្ថកិច្ច​នាំគ្នា​ចុះ​មក​ពិនិត្យ​ ហើយ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​​ ​ព្រោះ​ពុំ​ពាក់ព័ន្ធ​នឹង​អំពើ​អ្វី​ផ្សេង​ក្រៅពី​អត្តឃាត​​ឡើយ៕