សមុទ្រ​ចិន​​ខាង​ត្បូង៖ កម្ពុជា​នៅ​ចន្លោះ​រវាង​មហា​យក្ស និង​មហា​មិត្ត

តើប្រទេសកម្ពុជា ត្រូវប្រកាន់យកជំហរបែបណា នៅក្នុងសំនុំរឿងទឹកដី នៃសមុទ្រចិនខាងត្បូង ដែល​ប្រទេស​ជាច្រើន​ក្នុង​តំបន់ កំពុង​ឈ្លោះ​ដណ្ដើមថា​ជា​របស់​ខ្លួន តែរៀងៗខ្លួននោះ? ក្នុងពេល​កន្លង​មក កម្ពុជា​ចង់​យក​ចិត្ត​ចិន ដែលជា​មហាយក្ស​ក្នុងតំបន់ តែកម្ពុជា​ក៏មិនចង់​ធ្វើឲ្យឃ្នើសចិត្ត ដល់​ប្រទេស​វៀតណាម ដែលមហាមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ដែរ។
សមុទ្រ​ចិន​​ខាង​ត្បូង៖ កម្ពុជា​នៅ​ចន្លោះ​រវាង​មហា​យក្ស និង​មហា​មិត្ត

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)

ចាប់ដៃអោបជើងចិន កម្ពុជានឹងទទួលបានមកវិញ នូវផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន​ដ៍​សំខាន់​មួយ​ទៀត គឺការគាំទ្រ​ផ្នែក​នយោបាយ។ សម្រាប់ប្រទេសចិនវិញ ត្រូវការឲ្យកម្ពុជា​ក្នុងថានៈជារដ្ឋឯករាជ្យផង ជា​សមាជិក​របស់អាស៊ាន (ASEAN = សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ផង ធ្វើការបង្ហាញជំហរ​យ៉ាង​មាំទាំ​មួយ នៅ​ក្នុង​សំណុំរឿងជម្លោះ​ដែនទឹកនៃសមុទ្រចិនខាងត្បូង ដែលផ្ដល់ទំងន់ទៅឲ្យចិន។ ប៉ុន្តែបើធ្វើបែបនេះ នោះ​កម្ពុជា​ប្រាកដជាមានបញ្ហា ជាមួយវៀតណាម ដែលជាមហាមិត្តរួម«លេណដ្ឋាន» ធ្លាប់ប្រយុទ្ធស្មារ​ប្រកៀក​ស្មារ ប្រឆាំងអាណនិគមនិយម និងចក្រពត្តិនិយមចាស់ថ្មី ជាពិសេសប្រទេសវៀតណាម ដែល​បាន​ជួយ​គណបក្ស​ប្រជាជនកម្ពុជា ឲ្យបានឡើងកាន់អំណាច​ រហូតមកដល់សព្វថ្ងៃ។

ដូច្នេះ​ តើកម្ពុជា​ត្រូវជ្រើសរើសយកផ្លូវណា នៅក្នុងសំនុំរឿងជម្លោះដែនទឹក​នៃសមុទ្រចិនខាងត្បូង ដែលបន្ត​អូស​បន្លាយ ជាច្រើនទសវត្សន៍ រវាងប្រទេសចិន និងប្រទេសវៀតណាម (រួមនឹង​ប្រទេសក្នុង​តំបន់​ជា​ច្រើន​ទៀត) នោះ? វាជាការប្រទាំងប្រទើសថ្មីមួយទៀត ដែលកម្ពុជាខ្លួនឯង ម្ដងមុន​បានញញឹមស្វាគមន៍ជាមួយចិន និង​ក្រោយ​មក បែរជាបានបដិសេធ ថាខ្លួនមិនបានព្រមព្រៀងអ្វី ជាមួយចិននោះទេ ទាក់ទង​នឹង​សំនុំរឿង​ដ៏​ក្ដៅ​គគុក​នេះ។

នៅក្នុងសេចក្ដីថ្លែងមួយ ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា នារដ្ឋធានីវៀងចន្ទ ប្រទេស​ឡាវ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអះអាងថា ប្រទេសចំនួនបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែន​ជាបញ្ហា​រវាង​ប្រទេស​ចិន និងអាស៊ាននោះទេ។ សេចក្ដីថ្លែងរបស់លោករដ្ឋមន្ត្រី ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន «Xinhua» របស់ចិននោះ បានបញ្ជាក់បន្ថែម ដែលទំនងដូចជាការគម្រាមមួយថា បញ្ហាទាំងនេះ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​​ដល់​ការ​វិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាង​ប្រទេស​ចិន និងអាស៊ាន ដែលមានសមាជិក ១០​ប្រទេស​ឡើយ។

ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោក​បានធ្វើទស្សនកិច្ចមួយជុំ នៅក្នុង​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ កាលពីក្នុងអំឡុងសប្ដាហ៍ទី៣ នៃខេមេសា ឆ្នាំ២០១៦។

បើតាមលោក វ៉ាង យី ប្រទេស​ទាំង​បួនបានសម្រេចរួមគ្នាថា សិទ្ធិរបស់រដ្ឋអធិបតេយ្យដែលពាក់ព័ន្ធ នៅក្នុង​ជម្លោះ​​ដែនសមុទ្រចិនខាងត្បូង គួរត្រូវបានគោរព ក្នុងការ​ជ្រើសរើស​មធ្យោបាយ​​រៀងៗ​ខ្លួន ដើម្បី​ដោះ​ស្រាយ​ជម្លោះ​​ទឹកដី ដោយយោងតាមច្បាប់អន្តរជាតិ និងតាមសេចក្ដីប្រកាស នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Declaration on the Conduct of Paries in the South China Sea ហៅកាត់ថា DOC) ដែលចិនបាន​ចុះ​ហត្ថលេខា ជាមួយ​បណ្ដាប្រទេសអាស៊ាន កាលពីឆ្នាំ២០០២។ ប៉ុន្តែប្រទេសទាំងបួននេះ បានជំទាស់ទាំង​ស្រុង នូវ​រាល់​ការប៉ុនប៉ង ជា​​ឯកតោភាគីទាំងឡាយណា ដែលចង់​ដាក់​របៀបវារៈ​នៃ​បញ្ហាជម្លោះនេះ ទៅឲ្យប្រទេស​ដទៃ​ទៀត​​ធ្វើការ​ប្រតិបត្តិតាម។

ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន មិនបានធ្វើឲ្យប្រទេសដែលស្ថិតក្នុងជម្លោះ សប្បាយចិត្តនោះឡើយ ជា​ពិសេស​ប្រទេសវៀតណាម ដែលមានរបងព្រំដែន នៅជាប់នឹងប្រទេសកម្ពុជា និងឡាវ។ ទាក់ទង​នឹង​ករណី​ដ៏​រសើបនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានថ្លែង​បដិសេធ នៅចំពោះទីភ្នាក់ងារព័ត៌មានវៀតណាម «VNA» ថាកម្ពុជាមិនបានយល់ព្រម ធ្វើកិច្ចព្រមព្រៀងអ្វីថ្មី ជាមួយ​ប្រទេស​ចិន នៅក្នុងសំនុំរឿងជម្លោះ​ដែនសមុទ្រចិន​ខាងត្បូងនោះឡើយ។

ផ្ដល់កិច្ចសម្ភាស ទៅឲ្យអ្នកយកព័ត៌មានវៀតណាម ក្នុងថ្ងៃទី២៧ ខែមេសាកន្លងមក លោក ផៃ ស៊ីផាន បាន​បន្ត​បដិសេធទៀតថា មិនមានសេចក្ដីសម្រេចរួម ឬកិច្ចព្រមព្រៀង ឬការជជែកពិភាក្សាណាមួយ ទៅលើ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជានោះទេ។ អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី បានអះអាងថា ជំហររបស់កម្ពុជា ចង់ឲ្យមានការគោរពឲ្យបានខ្ជាប់ខ្ពួន និងឲ្យ​មាន​ប្រសិទ្ធ​ភាព នូវ​សេចក្ដី​ប្រកាសក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងអំពាវនាវឲ្យប្រទេសនៅក្នុងជម្លោះ ដោះ​ស្រាយ​បញ្ហា ដោយ​ប្រើ​វិធានការ​អហិង្សា។

បើទោះជាមានការបដិសេធបែបនេះក្ដី តែគេនៅតែមើលឃើញថា កម្ពុជានិងចិន មានចំណុចរួមគ្នាមួយ គឺត្រូវ​យក​សេចក្ដី​ប្រកាស​ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មកអនុវត្ត ខណៈប្រទេសក្នុងជម្លោះ រាប់ទាំងប្រទេស​វៀតណាម​ផង មានបំណងចង់ឲ្យអាស៊ាន ដែលមានប្រទេសទាំង១០ជាសមាជិក លូកយកសំនុំរឿង​ដែន​ទឹក​នេះ មក​ដោះ​ស្រាយ​រួមគ្នា ជាមួយចិន។ តែក្ដីបំណងនេះ ទើបនឹងត្រូវបានអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន លីវ ហ្សេនមីន (Liu Zhenmin) ព្រមានជាថ្មីទៀត នៅក្នុងជំនួប​ប្រជុំ​​ប្រចាំ​ឆ្នាំ​រវាង​អាស៊ាន​និងចិន នា​ក្រុង​សិង្ហបុរី កាល​ពី​ថ្ងៃទី២៧ ខែមេសានេះថា ប្រទេសហត្ថលេខី នៃ«DOC»ទាំងអស់ ត្រូវដោះស្រាយជម្លោះ​តាម​ផ្លូវ​ចរចា និង​​ការ​​ទូត ដើម្បី​លើក​កម្ពស់​សន្តិភាព ​និង​ស្ថិរភាព ក៏ដូចជា​​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ រវាង​ចិន​អាស៊ាន ​ដែល​​ត្រូវ​​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៅ​ឆ្នាំ​នេះ។

លោក លីវ ហ្សេនមីន បានបញ្ជាក់ថា ការ​​ងាក​ចេញ​​ពីសេចក្ដីប្រកាសនៃ​ក្រម​ប្រតិបត្តិ​នេះ នឹង​ផ្ដល់មកវិញ នូវ​ផលវិបាក​អវិជ្ជមាន​យ៉ាង​ច្រើន​ ជាក់​ជា​ពុំខាន៕