ជញ្ជីង​ស្នេហា ៖ ចំណេះដឹង និង​ដុល្លារ​អូន​យក​មួយ​ណា?

តើ​អ្នក​យល់​ថា ឥឡូវ​ឪពុក​ម្តាយ​ខាង​ស្រី​ច្រើន​សួរ​សំណួរ​មួយ​ណា​អំពី​អនាគត​កូនកំលោះ​ដែល​នឹង​មក​រៀប​ការ​ជាមួយ​កូនស្រី​របស់​គាត់? តើ​កូនកំលោះ​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​កូនស្រី​របស់​គាត់​ដែរ​ឬទេ? តើ​កូនកំលោះ​រៀនសូត្រ​ដល់​ណា និង​មាន​អត្ត​ចរិត​បែប​ណា?

នៅ​ក្នុង​ចំណោម​សំណួរ​ទាំង​ពីរ​នេះ ឪពុក​ម្តាយ​ជា​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ជ្រើសរើស​សំណួរ​ទី​មួយ​សម្រាប់​ជា​ហេតុផល​ដល់​ការ​សម្រេចចិត្ត​ឱ្យ​កូនក្រមុំ​រៀប​ការ​ជាមួយនឹង​កូនកំលោះ​។ ដូច្នេះ​កូនកំលោះ​ដែល​មាន​លុយ​ដុល្លារ​ច្រើន ដោយ​មិន​គិត​ពី​ប្រភព​នៃ​លុយ​ដុល្លារ​នោះ ក៏​មាន​លទ្ធភាព​ច្រើន​ជាង​កូនកំលោះ​ដែល​មានចំណេះ​ដឹង​នៅ​ក្នុង​ការ​ទទួល​បានការ​យល់ព្រម​ឱ្យ​រៀប​ការ​ជាមួយ​កូនក្រមុំ​។

ស្ថានភាព​ជីវភាព​ពឹងផ្អែក​លើ​ហិរញ្ញវត្ថុ ដើម្បី​រស់នៅ​បាន​យ៉ាង​សមរម្យ​។ ការ​ពិបាក​រក​លុយកាក់​នៅ​ក្នុង​សង្គម​ខ្មែរ​ក៏​បាន​ធ្វើ​ឱ្យ​លុយ​កាន់តែ​សំខាន់​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​។ មនុស្ស​ដែល​រៀនសូត្រ​មានចំណេះ​ដឹង​ជ្រៅជ្រះ​មិន​ប្រាកដ​ថា នឹង​អាច​មានការ​ងារ​ដែល​មាន​ប្រាក់ខែ​ច្រើន ឬ​ក៏​ប្រកប​មុខរបរ​ត្រឹមត្រូវ​ដែល​អាច​រក​លុយ​បាន​ច្រើន​ឡើយ​។ បើសិនជា​អ្នកមាន​ចំណេះ​ហើយ​មិន​មាន​ខ្សែ មិន​មាន​ខ្នង ឬ​ក៏​មិន​មាន​បក្សពួក​នោះ គេ​នៅ​តែ​ពិបាក​នឹង​រក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​។ មាន​មនុស្ស​ជា​ច្រើន​មានចំណេះ​ខ្ពស់ តែ​មិន​អាច​រក​លុយ​បាន​ច្រើន​ឡើយ​។

ដូច្នេះ​ឪពុក​ម្តាយកូន​ក្រមុំ​ជា​ច្រើន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​លុយ​ដុល្លារ​ជា​ជាង​ចំណេះ ដើម្បី​សម្រេចចិត្ត​យល់ព្រម​ឱ្យ​កូន​រៀប​ការ​ជាមួយនឹង​បុរស​ម្នាក់​សម្រាប់​ជា​មិត្ត​១០០​ឆ្នាំ​។ ការ​សម្រេចចិត្ត​នោះ​ពេល​ខ្លះ​ក៏​មិន​ខ្វល់​ថា តើ​គេ​រក​លុយ​ដោយ​សុចរិត ឬ​តាម​អំពើ​ល្អ​ឡើយ​។

ប៉ុន្តែ​លុយ​មិនមែន​ជា​កត្តា​តែ​មួយ​មុខ​សម្រាប់​សុភមង្គល​នៃ​ការ​កសាង​ជីវិត​គ្រួសារ​ឡើយ​។ មានគ្រួសារ​ស្តុកស្តម្ភ​មួយ​ចំនួន​មាន​លុយ​ច្រើន ប៉ុន្តែ​ជីវិត​គ្រួសារ​ពោរពេញ​ដោយ​ភាព​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

ចំណែក​មនុស្ស​មានចំណេះ​ដឹង​ខ្ពស់​ច្រើន​មាន​សីលធម៌​ជាប់​នឹង​ខ្លួន ហើយ​មានគំនិត​ជ្រៅជ្រះ​។ ទោះបីជា​គេ​មិន​មាន​លុយ​កប់​ពពក ប៉ុន្តែ​ពួក​គេ​ដឹង​អំពី​របៀប​ចាយ​លុយ របៀប​រស់នៅ​ថ្លៃថ្នូរ និង​ប្រកបដោយ​សីលធម៌​។ ពួក​គេ​ជា​ក្រុម​មនុស្ស​ជិះឡាន​ថោក តែ​ចរិត​ថ្លៃថ្នូរ​។ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​ស្ថិត​នៅ​ក្ន​ង​វណ្ណៈ​កណ្តាល ដោយ​រក​ចំណូល​បានជា​មធ្យម ប៉ុន្តែ​ស្ថិតស្ថេរ និង​រឹង​មាំ​។ គេ​ក៏​ចេះ​ចាត់ចែង​លុយកាក់​បាន​ល្អ​។ ដូច្នេះ​ជីវិត​ពួក​គេ​មិន​លោភលន់​ឡើយ ហើយ​គេ​រស់នៅ​ប្រកបដោយ​សីលធម៌​ជាប់​នឹង​ខ្លួន​ដោយ​មិន​គិត​ទាល់តែ​សោះ​ដល់​ការ​រក​លុយ​តាម​របៀប​មួយ​ដែល​ធ្វើបាប​ដល់​មនុស្ស​ដទៃ​។

ដូច្នេះ​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្តាយ​ខាង​ស្រី​មិន​គួរ​ផ្តោត​តែ​ទៅ​លើ​លុយ​ដុល្លារ ឬ​សម្បត្តិ​មហាសាល​នោះ​ឡើយ​។ ចំណេះដឹង និង​អត្ត​ចរិត​ថ្លៃថ្នូរ​របស់​មនុស្ស​គួរ​ត្រូវ​បាន​យក​មក​ថ្លឹងថ្លែង​សម្រាប់​ការ​សម្រេចចិត្ត​នេះ​ផង​ដែរ​។

ប៉ុន្តែ​ស្នេហា​មួយ​នឹង​រឹតតែ​មាន​ន័យ បើសិនជា​អ្នក​អាច​មាន​ទាំង​លុយកាក់ ទាំង​ដៃគូរ​ជីវិត​មានចំណេះ​ដឹង និង​ថ្លៃថ្នូរ​៕