ការអបអរត្រូវផ្អាក់សម្រាប់ Leicester ក្រោយពីស្មើ Man United

ការអបអរការឈ្នះពាន Premier League របស់ក្រុម Leicester ត្រូវបានពន្យារពេលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២៤ម៉ោងទៀត ក្រោយពីក្រុមកំពុងនាំមុខមួយនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Manchester United កាលពីថ្ងៃអាទិត្យ។
leicester
ក្រុមរបស់លោក Claudio Ranieri នឹងក្លាយជាម្ចាស់ជើងឯក ប្រសិនបើឈ្នះនៅកីឡដ្ឋាន Old Trafford ប៉ុន្តែ ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់វិលទៅកាន់ទឹកដីក្រុម Leicester វិញ និងស្របពេលអ្នកគាំទ្រថ្មីជាច្រើនលានអ្នកទូទាំងពិភពលោក បានទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍ ក្រុម Leicester បានដេញតាមពីក្រោយដោយគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Anthony Martial នៅនាទី ទី៨។ ខ្សែការពារ Wes Morgan របស់ក្រុម Leicester បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមភ្ញៀវជាមួយនឹងការតែតបាល់បញ្ចូលទីនៅនាទី ទី១៧ នៅមុនពេលខ្សែបម្រើ Danny Drinkwater របស់ក្រុមដែលមានរហស្សនាមថា កញ្ទ្រោងកំណាចមួយនេះ ត្រូវបានបណ្តេញចេញនៅជិតបញ្ចប់ការប្រកួត។
leicester2
បច្ចុប្បន្ន ក្រុមរបស់លោក Ranieri កំពុងតែនាំមុខ៨ពិន្ទុពីលើក្រុមឈរលេខ២ Tottenham ហើយនៅតែអាចឈ្នះពានក្របខ័ណ្ឌកំពូលជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររយៈពេល១៣២ឆ្នាំរបស់ពួកគេ ប្រសិនបើក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងមួយនេះ មិនអាចយកឈ្នះនៅលើទឹកដីក្រុម Chelsea នារាត្រីនេះទេនោះ។ បើទោះបីលទ្ធផលរបស់ក្រុម Tottenham បែបណាក៏ដោយ ក្រុម Leicester នឹងក្លាយជាម្ចាស់ជើងឯករបស់អង់គ្លេស ប្រសិនបើពួកគេផ្តួលក្រុម Everton នាកីឡដ្ឋាន King Power នាថ្ងៃសៅរ៍សប្តាហ៍ក្រោយ ឬក៏ឈ្នះនៅលើទឹកដីក្រុម Chelsea ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia