ACU បញ្ជូន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ទៅ​តុលាការ​ជា​លើក​ទី​៣

​មុននេះ​បន្តិច អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​មន្ត្រី​អាដហុក​៤​រូប​និង​មន្ត្រី​គ​.​ជ​.​ប ១​រូប ឆ្ពោះទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​សាជា​ថ្មី នៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែឧសភា​នេះ​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ជន​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ពួកគេ ដោយយោង​ទៅតាម​អង្គហេតុ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​។​

​នៅ​ព្រឹក​នេះ មន្ត្រី​អាដហុក គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី រួមទាំង​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប គឺ​លោក នី ចរិយា កំពុង​តែមាន​វត្តមាន​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ សារជាថ្មី​។ គេ​មិនទាន់​ដឹងថា ព្រះរាជអាជ្ញា​បន្ត​ការសាកសួរ​អ្នក​ទាំង​៥ ឬក៏​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នោះទេ​។​

​លោកស្រី គា សុផល មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក បាន​លើកឡើងថា កូនក្តី​របស់លោក​ស្រី មាន​ផ្លូវ​ពីរ នៅថ្ងៃនេះ​។ លោកស្រី​ពន្យល់ថា ទី​១ បើ​ព្រះរាជអាជ្ញា​លើកលែង​ការចោទប្រកាន់ ដោយ​តម្កល់​រឿ​មិន​ចាត់ការ នោះ​ពួកគេ​ទាំង​៥​នឹងមាន​សេរីភាព ហើយ​ទី​២ បើ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ​ល្មើស​ណាមួយ នោះ​សំណុំរឿង​នឹងត្រូវ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។

​សូម​រំឭកថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លើក​ទី​១ ប៉ុន្តែ​ពួកគេ​មាន​វត្តមាន​នៅក្នុង​តុលាការ​តែ​ជាង​១០​នាទី​ប៉ុណ្ណោះ ក៏​ត្រូវបាន​នាំខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​វិញ​។ នៅពេល​ព្រឹក ថ្ងៃទី​១​ឧសភា ឆ្នាំ​២០១៦​ អ្នក​ទាំង​៥ ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ​ជា​លើក​ទី​២​។ ក្រោយពី​បញ្ចប់​ការសាកសួរ​ជន​ទាំងនោះ​អស់​រយៈពេល​ជាង​១១ ម៉ោង ដោយ​មិនទាន់​ធ្វើការ​ចោទប្រកាន់ តុលាការ ក៏​បញ្ជូន​ពួកគេ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ នៅ​ម៉ោង​ប្រហែល​៧​និង​៣០ នាទី​យប់​។ ហើយ​នៅពេល​ព្រឹក ថ្ងៃទី​២ ខែឧសភា​នេះ មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​មេធាវី​ការពារ​ក្តី កំពង់​តែមាន​ស្ថិតនៅក្នុង​តុលាការ​ជា​លើក​ទី​៣ ដើម្បី​ឲ្យ​តុលារ​បន្ត​នីតិវិធី​របស់ខ្លួន​៕​