សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​



កំពង់ឆ្នាំង ​៖ ជនសង្ស័យ​ជា​ចោរ​ប្លន់​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិ​ត​ធ្ងន់​ខេត្ត​ និង​នគរបាល​ស្រុក​ សហការ​គ្នា​ឃាត់ខ្លួន​បាន​ ខណៈ​ដែល​គេ​ធ្វើ​សកម្មភាព​រួច។ ហេតុការ​ណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​០១​ ខែឧសភា ឆ្នាំ​២០១៦​​នៅ​ចំ​ណុច​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ស្ថិត​ក្នុង​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ទី​១ ឈ្មោះ ​កឺ​ ភេទ​ប្រុស​ និង​ម្នាក់ទៀត​ ឈ្មោះ​ ក្រឹ​ង ​ស្រៀ​ង ភេទ​​ប្រុស ​អាយុ​៣៥​ឆ្នាំ ​អ្នក​ទាំងពីរ​រស់​នៅ​កន្លែង​កើតហេតុ​ខាងលើ ដោយឡែក​ជនរងគ្រោះ​ក្នុងករណី​ប្លន់​នេះ ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ តូច​ម៉ាលី​ ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ​ ប្ដី​ឈ្មោះ ​សំកុក ​​អាយុ​៤៧​ឆ្នាំ មាន​មុខរបរ​លក់​ឥវ៉ាន់​នៅផ្ទះ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយ​ប្ដី​រប​ស់​ជនរងគ្រោះ​មិន​នៅផ្ទះ​ ចេញទៅ​ឆ្លុះ​កង្កែប​ទុក​ឲ្យ​ស្ត្រី​រងគ្រោះ​នៅផ្ទះ​ម្នាក់ឯង ​លុះដល់​ម៉ោង​ខាង​លើ​ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់ ​បាន​ចូល​ក្នុងផ្ទះ​ស្ត្រី​រងគ្រោះ​ ដោយមាន​ឃ្លុំ​មុខ​ជិត ​និង​បាន​យក​កាំបិត​ ពូថៅ​ មក​គំរាម​ស្ត្រី​រងគ្រោះ​ឲ្យ​យក​លុយ​ឲ្យ​ពួក​គេ ​តែ​ស្ត្រី​រងគ្រោះ​ប្រកែក​ ត្រូវ​ក្រុម​ជនសង្ស័​យ​​ស្រែក​ថា​ ចុះ​លុយ​ដែល​គេ​យក​មក​ភ្ជាប់ពាក្យ​កូន​៣​លាន​នោះ​នៅឯណា ?​ ខណៈ​ដែល​ក្រុម​ជន​សង្ស័យ​បាន​យក​កាំបិត​ផ្លុង​នាង​ជាប់​ ដោយ​មាន​ការ​ភ័យ​ខ្លាច​ស្ត្រី​រងគ្រោះ​បាន​យក​លុយ​៣​លាន​ប្រ​គល់​ឲ្យ​ក្រុម​ជន​សង្ស័យ​អស់ ​ក្រោយ​ពី​បាន​លុយ​រួច​ក្រុម​ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​ទាំងយប់ ​និង​កំពុង​មេឃ​ធ្លាក់​ភ្លៀង​បាត់​ទៅ។ ក្រោយពេល​កើតហេតុ​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ប្ដី​រួច ​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ ​ខណៈ​ដែល​គេ​ស្គាល់​សម្លេង​ក្រុម​ជនសង្ស័យ​ច្បាស់​ព្រោះ២​នាក់​នេះ​ នៅ​ក្នុងភូមិ​ជាមួយគ្នា​ លុះ​ព្រឹក​ឡើង​សមត្ថកិច្ច ចុះ​ដល់​ផ្ទះ​ស្ត្រី​រងគ្រោះ​ និង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ការ​រាយការណ៍​របស់​ស្ត្រី​រងគ្រោះ ​ទើបបាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាមៗ​ផង​ដែរ​ យក​មក​អធិការ​នគរបាល​ស្រុក​ និង​បាន​បញ្ជូន​បន្ត​មក​ស្នងការ​នគរបាល​ខេត្ត​ទាំងយប់ ​ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​មិន​ព្រម​សារភាព។

ទោះ​ជា​យ៉ាងណា​សមត្ថកិច្ច​បន្ត​ការសាកសួរ​ស្រាវជ្រាវ​បន្ថែម​ទៀត​ជុំវិញ​ករណី​ខាង​លើ​នេះ​៕