មន្ទីរពេទ្យ​កោះកុង​សុំ​បំភ្លឺ រឿង​ស្ត្រី​ម្នាក់​ត្រូវ​វះកាត់​សម្រាលកូន ទាមទារ​ឱ្យ​មាន​អ្នក​ជួយ​ផ្តល់​ឈាម

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​ចេញផ្សាយ​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ក្រោម​ចំណងជើង​ថា « ឱ ! មន្ទីរពេទ្យ​ខេត្តកោះកុង​អើយ​... មើលទៅ​អ្នក​ក្រីក្រ​រង់ចាំ​ថ្ងៃ​ស្លាប់​» ដោយ​បាន​ពិពណ៌នា ស្តី​ពី​ស្ត្រី​ម្នាក់​នាំ​កូនស្រី​ពរ​ពោះ​គ្រប់​ខែ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ ត្រូវ​បាន​ពេទ្យ​ពិនិត្យ ហើយ​ប្រាប់​ថា ត្រូវ​វះកាត់​សម្រាលកូន​ហើយ​ឱ្យ​រក​អ្នក​ផ្តល់​ឈាម ។ ដោយសារ​ពុំ​មាន​លទ្ធភាព​រក​អ្នក​ផ្តល់​ឈាម​បាន ស្ត្រី​ជា​ម្តាយ​អស់សង្ឃឹម​ក៏​នាំ​កូន​ចេញពី​មន្ទីរពេទ្យ ។ ប៉ុន្តែ​ជា​សំណាងល្អ​ត្រូវ​បាន​អ្នកកាសែត​ម្នាក់​សួរនាំ​ដឹង ក៏​បបួល​ប្អូនប្រុស​ម្នាក់​មក​ជួយ​ផ្តល់​ឈាម ក៏​ទទួល​បានការ​វះកាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ចេញផ្សាយ​មួយ​ឈុត​មក ការិយាល័យ​និពន្ធ​កោះសន្តិភាព​បាន​ទទួល​លិខិត​ឆ្លើយ​តប ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​នេះ ដែល​កោះសន្តិភាព​បាន​សម្រេច​ថតចម្លង​ចុះ​ផ្សាយ​ទាំងស្រុង​ដូច​ខាងក្រោម ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ ។

លិខិត​ឆ្លើយ​តបធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​នេះមាននៅខាងក្រោម ៖

  • នៅលើគេហទំព័រកោះសន្តិភាព ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១០:៣១

ឱ​!​ មន្ទីរពេទ្យ​ខេត្តកោះកុង​អើយ​...​មើលទៅ​អ្នក​ក្រីក្រ​រង់ចាំ​ថ្ងៃ​ស្លាប់

ខេត្តកោះកុង ៖ ស្រី្ត​ក្រីក្រ​ម្នាក់ ដែល​មាន​ប័ណ្ណ​ក្រីក្រ​របស់​អង្គការ​រ៉ា​ក់ បាន​នាំ​កូនស្រី​របស់​ខ្លួន​ដែល​ពរ​ពោះ​គ្រប់​ខែ​ចូល​សម្រាលកូន​នៅ​ក្នុង​ មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ មេ​សា ។ លុះដល់​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​ពិនិត្យ​ផ្ទៃពោះ​រួច បាន​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​មាន​ទំហំ​ធំ​ខុស​ប្រក្រតី តម្រូវ​ឲ្យ​វះកាត់​ជា​ចាំបាច់ ទើប​អាច​សង្គ្រោះ​ជីវិត​ម្តាយ​និង​កូនក្នុង​ផ្ទៃ​បាន ហើយ​តម្រូវ​ឲ្យ​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​ពរ​ពោះ​នោះ រក​អ្នក​ផ្តល់​ឈាម​ឲ្យ​បាន​សិន ទើប​អាច​វះកាត់​បាន ។

ដោយ​ពួក​គាត់​២​នាក់​ម្តាយ​និង​កូនស្រី​ម៉​ង់​ៗ គ្មាន​សាច់ញាតិ​មក​ជួយ​ផ្តល់​ឈាម ក៏​អង្គុយ​ធ្វើ​ភ្នែក​ភ្លឹះ​ៗ ក្រុម​គ្រូពេទ្យ​ក៏​បាន​ពន្យារ​ការ​វះកាត់​នេះ រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល ដោយ​មិន​អើពើ​ចំពោះ​ស្ត្រី​ត្រូវ​ឆ្លងទន្លេ ដោយ​ត្រូវការ​វះកាត់​នោះ​ឡើយ ។

ដោយ​អស់​ក្តី​សង្ឃឹម ទាំង​ពីរ​នាក់​ម្តាយ​និង​កូន បាន​សម្រេចចិត្ត​យក​បង្វិច​ខោអាវ​អោប​ដើរ​បំរុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ជា​ការ​ចៃដន្យ ពួក​គាត់​ដើរ​ចេញ​ដល់​មុខ​មន្ទីរពេទ្យ បាន​ជួបនឹង​បុគ្គលិក​ទូរ​ស្សន៍​អប្សរា​ជិះ​មក​ដល់ ហើយ​ឈប់​សួរនាំ ទើប​ដឹង​រឿងរ៉ាវ​ថា ពួក​គាត់​ត្រូវការ​អ្នក​ផ្តល់​ឈាម ដើម្បី​សម្រាលកូន​ដោយ​ការ​វះកាត់ បើ​គ្មាន​អ្នក​ផ្តល់​ឈាម ពេទ្យ​អត់​វះ​ឲ្យ​ទេ មាន​តែ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ផ្សង​តាម​កម្ម​ទៅ​ចុះ ។

ដោយ​មើលឃើញ​តម្រូវការ​ជីវិត​មនុស្ស​ចាំបាច់​ដូច្នេះ​លោក យិ​ន យឿ​ន បុគ្គលិក​ទូរទស្សន៍​អប្សរា បាន​សម្រេចចិត្ត​បរិច្ចាគ​ឈាម​ឲ្យ​គាត់ មិនតែប៉ុណ្ណោះ​បុគ្គលិក​ទូរទស្សន៍​រូប​នេះ ក៏​បាន​ហៅ​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​ទៀត ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈ្មោះ យិ​ន ដា​រ៉ា ចូល​មក​បរិច្ចាគ​ឈាម​ឲ្យ​ស្ត្រី​ក្រីក្រ​នោះ ទាំង​២​នាក់​បងប្អូន​បង្កើត​តែ​ម្តង ។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ក្រីក្រ​ត្រូវជា​ម្តាយ​ឈ្មោះ យឹ​ម សុភា អាយុ​៦០​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ថ្មី​ចាំ​យាម ឃុំ​ប៉ាក់​ខ្នង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មានមុខរ​បរជា​អ្នក​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ។ ចំណែក​កូនស្រី​ពរ​ពោះ​គ្រប់​ខែ ឈ្មោះ មឺ​ន វិធី​តា អាយុ​១៧​ឆ្នាំ ។ ស្ត្រី​ទាំង​ពីរ​នាក់​ម្តាយ​និង​កូន សុទ្ធតែ​ត្រូវ​បាន​ប្តី​បោះបង់​ចោល​ជួប​ប្រទះ​នូវ​ភាព​ក្រីក្រ​តស៊ូ​រស់នៅ​ យ៉ាង​លំបាក ដោយ​កម្លាំង​ពលកម្ម ។ ចំណែក​កូន​ស្ត្រី​ត្រូវ​វះកាត់​សម្រាលកូន​នេះ ត្រូវ​បាន​ប្តី​ហេងស៊យ រត់​ចោល​តាំងពី​នាង​ពរ​ពោះ​បាន​៦​ខែ​មក​ម្ល៉េះ ។ ការ​ព្រាត់ប្រាស់​គ្នា​នេះ ត្រូវ​បាន​ពួក​គាត់​ចាត់​ទុក​ថា ជា​រឿង​ព្រហ្ម​លិខិត​របស់​ពួក​គាត់​២​នាក់ ម្តាយ​និង​កូន​ទៅ​ចុះ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ព្រហ្ម​វិហារធម៌​របស់​គ្រូពេទ្យ ម្តេច​ក៏​ដាច់​មេត្តា​ម្លេ​៉ះ​ម្ចាស់​ថ្លើមខ្មៅ​អើយ​... ស្ត្រី​ពរ​ពោះ​ត្រូវ​វះកាត់ តាំងពី​ពេល​ព្រឹក​គ្រាន់តែ​គ្មាន​អ្នក​ផ្តល់​ឈាម ក៏​សម្រេចចិត្ត​បោះបង់​ជីវិត​២​នាក់ ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​ចោល ដោយ​គ្មាន​ធម៌​មេត្តា​ឡើយ ។ តែ​សំណាងល្អ​បាន​បុគ្គលិក​ទូរទស្សន៍ និង​បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ទាំង​២​នាក់​បងប្អូន បាន​ជួយ​ទាន់​ពេលវេលា ហើយ​សម្រេចចិត្ត​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ ។ ស្ត្រី​ត្រូវ​វះកាត់​នៅ​វេលា​ម៉ោង​៥​ថ្ងៃ​ដដែល ទើប​លេចមុខ​គ្រូពេទ្យ ចេញ​មក​ឃាត់​អ្នកជម្ងឺ​ឲ្យ​ដេក​រង់ចាំ​ការ​វះកាត់​នា​ថ្ងៃ​ទី​២៦ មេ​សា វិញ ។

ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ទម្លាយ​ថា ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង មានរឿង​អាស្រូវ​ច្រើន​ទៀត ដូច​ជា​ផ្នែក​ជម្ងឺ​ទឹកនោមផ្អែម គ្មាន​បន្ទប់​សម្រាប់​សម្រាល​ព្យាបាល​ទេ មាន​តែ​នៅផ្ទះ​គ្រូពេទ្យ​ឯកទេស​ទឹកនោម​ផ្អែក​តែ​ប៉ុណ្ណោះ  សូម​អញ្ជើញ ។ ម្យ៉ាងទៀត​កម្មករ​រោងចក្រ​ដែល​ដួល​សន្លប់​ត្រូវ​ដឹក​មក​មន្ទីរពេទ្យ មាន​ព័ត៌មាន​ខ្លះ​បាន​ធ្លោយ​ថា មាន​ដល់​ស្លាប់​ជា​ញឹកញាប់ ត្រូវ​បាន​បិទ​បាំង​យ៉ាង​សម្ងាត់ ។ ប្រភព​នេះ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ ពេល​អ្នក​សារព័ត៌មាន​សួរ​លោក​វេជ្ជបណ្ឌិត នាយក​មន្ទីរពេទ្យ​តែងតែ​ឆ្លើយ​ថា ចាំ​ស្រាវជ្រាវ​ៗ រហូត​ទៅ​ហោង ។

សូម​ថ្នាក់លើ​ពិនិត្យ​ស្រាវជ្រាវ​រឿងអាស្រូវ​នេះ​ភ្លាម​ទៅ ព្រោះ​ពលរដ្ឋ និង​មន្ត្រី​ក្នុង​ខេត្ត​បាន​ពេបជ្រាយ​យូរ​មក​ហើយ ។ ចំណែក​គ្រូពេទ្យ​ចំណាន​ៗ ដែល​ស្រឡាញ់​វិជ្ជាជីវៈ បាន​សុំ​ផ្លាស់​ចេញ​ទៅ​ភ្នំពេញ​ចង់​អស់ហើយ ។

ឱ​! មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​អើយ​...​ឱ​!​ក្រសួងសុខាភិបាល​សម័យ​ អភិវឌ្ឍន៍​អើយ​...​អី​ក៏​នៅ​មិន​ក្រោកពីដំណេក​សោះ? អីចឹង​បានជា​អ្នកជម្ងឺ​មាន​ប្រាក់ រត់​ទៅ​ក្រៅប្រទេស​ព្យាបាល​។ បើ​នៅ​សង្ឃឹម ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​....​ហេ​! ហេ​! ៕