មុន​នេះ​បន្តិច ACU បញ្ជូន​មន្ត្រី​អា​ដ​ហុ​ក​និង​គ​.​ជ​.​ប មក​ដល់​តុលាការ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​តៀប​ចំការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ម្នាក់ បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ជូន​ជា​ថ្មី​ទៀត​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ដើម្បី​សាកសួរ​ពាក់​ព័​ន្ឋ​នឹង​ការ​ឆ្លើយ​ដាក់​របស់​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ​។

កាលពី​ថ្ងៃ​ទី​០១ ឧសភា​ម្សិលមិញ មន្ត្រី​ទាំង​៥​រូប​ខាងលើ បាន​ត្រូវ​តំណាង​អយ្យការ​ចោទសួរ​និង​ឆ្លើយ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ទើប​បញ្ចប់​និង​បញ្ជូន​ទៅ​ឃុំ​នៅ​ACU​វិញ ។

មន្ត្រី​ទាំង​៥​រូប​នោះ​រួម​មាន​៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក នី សុខា​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុនី  មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ។