អតីត​តារាភាពយន្ត​ដួង តារា​រាសី ចង់​ត្រឡប់ពី​បារាំង​មក​ធ្វើ​ជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត

រាជធានី​ភ្នំពេញ ៖ មើលឃើញ​ពី​ភាព​រីក​ចម្រើន​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ប៉ុន្តែ​អតីត​តារា​សម្តែង​អ្នក​នាង​ដួង តារា​រាសី យល់​ថា ហាក់​«​ខ្សត់​អ្នកចេះ​សម្តែង » នៅឡើយ ។  អ្នក​នាង​ដួង តារា​រាសី បាន​មក​លេង​មាតុភូមិ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​នាង​បាន​ទៅ​រស់នៅ​ប្រទេស​បារាំង​អស់​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។

អ្នក​នាង​ដួង តារា​រាសី បាន​បង្ហាញ​ស្នាដៃ​ភាពយន្ត​ឱ្យ​មហាជន​ស្គាល់​ក្នុង​អំឡុង​ទស​វត្ស​ទី​៩០ ជំនាន់​តារា​ជើង​ចាស់​ប្រុស​ស្រី​មួយ​ចំនួន​ទៀត​ដូច​ជា លោក​សម តារា អ្នក​នាង​អម្ពរ ទេវី អ្នក​នាង​សុខ ស្រី​មុំ និង​លោក​ខៃ ប្រសិទ្ធ​ជាដើម​។  អ្នក​នាង​ដួង តារា​រាសី សម្តែង​ជា​តួរង​ជា​ច្រើន​រឿង​នា​អំឡុង​ពេល​នោះ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព អ្នក​នាង​ដួង តារា​រាសី ឱ្យ​ដឹង​ថា នាង​ធ្លាប់​មក​លេង​ស្រុក​កំណើត​បី​បួន​ដង​ហើយ ឱ្យ​តែ​ទំនេរ​នាង​មក​សួរសុខទុក្ខ​បងប្អូន​នៅ​ស្រុក​ខ្មែរ​ដែល​ជា​ទឹកដី​ក​កំណើត​មិន​អាច​ចោល​បាន​ឡើយ ។ ទោះជា​រស់នៅ​ស្រុក​គេ​ក៏​អារម្មណ៍​នៅ​តែ​ស្រឡាញ់​ទឹកដី​អង្គរ ។

អ្នក​នាង​ដួង តារា​រាសី មក​លេង​ស្រុក​លើក​នេះ​រយៈពេល​១​ខែ អំឡុង​បុណ្យចូលឆ្នាំ​ថ្មី ហើយ​បាន​ដើរ​កម្សាន្ត​ជាមួយ​បងប្អូន និង​មិត្តភក្តិ ។

រស់នៅ​ប្រទេស​បារាំង​អ្នក​នាង​ដួង តារា​រាសី​មានកូន​ស្រី​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ និង​បែកបាក់​ស្វាមី​១០​ឆ្នាំ​ហើយ ។ បច្ចុប្បន្ន​នាង​នៅ​តែ​ម្នាក់ឯង​ដោយ​មិន​ទាន់​មើលឃើញ​បុរស​ណា​ទេ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ ។

នៅ​ស្រុក​បារាំង​អ្នក​នាង​ដួង តារា​រាសី ឆ្លៀតពេល​ធ្វើការ​ផង និង​ពេលទំនេរ​ឆ្លៀតពេល​ទៅ​សម្តែង​ក្នុង​ពិធីបុណ្យ​ទាន ម្តង​ៗ ។

អ្នក​នាង​ដួង តារា​រាសី កោតសរសើរ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​ហើយ​មាន​តារា​ច្រើន​ស្អាត និង​ទាន់សម័យ ។ ទាំង​សម្រស់ ទាំង​កម្ពស់ តារា​ខ្មែរ​ទាំងនោះ​មិន​ចាញ់​តារា​ស្រុក​គេ​ទេ ។ ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​តារា​រាសី​និយាយ​ថា «​ខ្ញុំ​សំណូមពរ​តារា​ជំនាន់​ថ្មី​នេះ​ចេះ​សម្តែង​ឱ្យ​បាន​ច្រើន​ទម្រង់​ដើម្បី​ឱ្យ​អ្នក​មើល​សរសើរ​ពី​ស្នាដៃ​របស់​យើង  ព្រោះថា​នៅ​មាន​ចន្លោះ​ខ្សត់​អ្នក​ពូកែ​លេង​ស្ទីល​សម្តែង​ច្រើន​។ ពោល​ខ្ញុំ​ចង់​ឲ្យ​តារា ថ្មី​ៗ​ជា​ច្រើន​ដួង​មានឈ្មោះ​ល្បី ហើយ​មហាជន​នៅ​ស្គាល់​យូរអង្វែង ។ ដូច​ជំនាន់​ខ្ញុំ​មាន​តារា​ច្រើន​ណាស់​មហាជន​ស្គាល់ ទោះ​មក​ដល់​ពេល​នេះ​នៅ​តែ​ចាំ​ឈ្មោះ នេះ​អារម្មណ៍​នាង​ខ្ញុំ​យល់​ថា​ជា​រឿង​ល្អ ។

បើ​និយាយ​ពី​តម្លៃ​ទីផ្សារ​សម្តែង​វិញ​គឺ​បាន​ប្រាក់​ច្រើន ហើយ​ឧបករណ៍​ថត​គឺ​ទំនើប នេះ​ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ភាព​ជឿនលឿន​របស់​ខ្មែរ ហើយ​មាន​តែ​ការ​ខំ​តទៅ​ទៀត​គឺ​ល្អ» ។

តារាភាពយន្ត​ដួង តារា​រាសី ចង់​ធ្វើ​ជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ  ។ មិនតែប៉ុណ្ណោះ​អ្នក​នាង​រាសី​ចង់​រួម​សម្តែង ប្រសិនបើ​មាន​ផលិតកម្ម​ណា​ត្រូវការ ។ អ្នក​នាង​ដួង តារា​រាសី គ្រោង​មក​នៅ​ស្រុក​ខ្មែរ​វិញ​នា​ពេល​អនាគត​គ្រា​ដែល​មាន​ប្រាក់​គ្រប់គ្រាន់​ទិញ​ដី​ទិញ​ផ្ទះ និង​សម្លឹង​មើល​មុខ​ជំនួញ​ណា​សម​សមត្ថភាព ។ «​គ្មាន​កន្លែង​ណា​ស្រួល​រស់នៅ​ជាង​មាតុភូមិ​របស់​ខ្លួន​ឡើយ ស្រប​ពេល​បច្ចុប្បន្ន​ស្រុក​ខ្មែរ​ក៏​កាន់តែ​រីក​លូតលាស់​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មាន​សុខ​សន្តិ​ភាពល្អ​ផង​នោះ​» ។  អ្នក​នាង​ដួង តារា​រាសី​និយាយ​បែប​នេះ ៕