រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆៃ​៖ ចង្រៃ​យ៎​! ស៊យ​មែន​វ៉ើ​យ ! អញ​គិត​ថា​បាន​ដើរតួ​ជា​វីរបុរស​មក​ជួយ​ឪ​ក្មេក​ទៅ​ហើយ​! ចុះ​អាណា​ក៏​ថ្លើមធំ​ម្លេះ​វ៉ើ​យ ! មក​កាត់មុខ​កាត់​មាត់​អញ​បាត់ !
ទ្រើ​ក​៖ ឆាប់​តាម​វា​ទៅ​លោក​បង ! ឲ្យ​ដឹង​ថា​វា​ជា​អ្នក​ណា !
ត្រុយ​៖ ឯង​ឆ្កួត​ទេ​ហ្អី​! ទៅ​តាម​ក្រោយ​ឲ្យ​គេ​សង្ស័យ​ថា​យើង​ដឹង​រឿង​ពុក​មេ​ភូមិ​ត្រូវ​ចោ​ប្លន់​ធ្វើ​អី ?
ឆៃ​៖ មែនហើយ ! បើ​យ៉ាងនេះ​យើង​ទៅ​តាម​មិន​បាន​ទេ​! មាន​តែ​បក​ទៅ​ផ្ទះ​វិញ ពិតជា​ស៊យ​អស់ទាស់​ហើយ​វ៉ើ​យ ! ពុក​អញ​ខំ​រៀប​ផែនការ​យ៉ាង​ស្អាត ! ឥឡូវ​គ្មាន​បាន​ផល​ស្អី​បន្តិច​!

ឆៃ​បក​ម៉ូតូ​ត្រលប់​ក្រោយ​វិញ ។
ផៃ​កាន់​ទូរស័ព្ទ​ដើរ​ចុះឡើង​ចុះឡើង​មុខ​បារម្ភ អើត​មើលទៅ​ទ្វាររបង​រួច​ចុច​ទូរស័ព្ទ     បណ្តើរ ផៃ​លើក​ទូរស័ព្ទ​ស្តាប់​ឮ​សូរ​សំឡេង​ពី​ខ្សែ​ម្ខាង
ម្លិះ​៖ ម៉ែ​! ម៉ែ​កុំ​ភ័យ​ពេក ។ ពួក​ខ្ញុំ​កំពុង​តាម​រក​ពុក​ហើយ មាន​គេ​ឃើញ​បង​ម៉ា​ប់​បើកឡាន​ទៅ​តាម​ផ្លូវ​ចម្ការ​យើង ផ្លូវ​នោះ​ជា​ផ្លូវ​កាត់​ឡើង​ទៅ​ភ្នំពេញ ។ ខ្ញុំ និង​ខាង​ប៉ូលិស​កំពុង​នាំ​គ្នា​ទៅ​រក​ពុក​នៅ​ទីនោះ​ហើយ ។
ផៃ​៖ អឺ ! យ៉ាងម៉េច​ៗ ប្រាប់​ម៉ែ​ផង​កូន ! កុំ​ឲ្យ​ម៉ែ​នៅ​ជ្រួលច្របល់​តែ​ម្នាក់​ញ្ចឹ​ង​។

លឺ​សូរ​សម្លេង​ម្លិះ​ពី​ខ្សែ​ម្ខាង
ម្លិះ​៖ ច៎ា​! ខ្ញុំ​ប្រញាប់​ទៅ​សិន​ហើយ​ម៉ែ !

អរុណ​បើកឡាន​ជី​មក​ដល់​ល្មម​ចួ​ល​ចត​មុខ​ទីធ្លា​ផ្ទះ ។ អរុណ​បើកទ្វារ​ឡាន​ចុះ រួច​ជួយ​គ្រាហ៍​សា​ម៉​ន និង ម៉ា​ប់​ចុះ​ពី​ឡាន​របៀប​ទ្រេតទ្រោត​ដូច​ពុល​ឡាន​។ ផៃ​បើកភ្នែក​ធំ​ៗ​មុខ​ត្រេកអរ ស្ទុះ​ចុះ​ជណ្តើរ​រត់​ទៅ​រកសា​ម៉​ន និយាយ​ទូរស័ព្ទ​បណ្តើរ
ផៃ​៖ ឈប់​ៗ ! កូន​ម្លិះ​ឈប់​សិន ពុក​កូន​មក​ដល់​ផ្ទះ​ហើយ​ៗ ឆាប់​មក​វិញ​មក​កូន !

ផៃ​បិទ​ទូរស័ព្ទ​រួច​ស្ទុះ​ទៅ​ចាប់ដៃ​សា​ម៉​ន
ផៃ​៖ ពុក​វា​! មានរឿង​អី​ហ្នឹង ? ម៉េច​បានជា​ទ្រុត​ទ្រោម​យ៉ាងនេះ ?
សា​ម៉​ន​៖ កុំ​អាល​សួរ​ម៉ែ​វា ! រឿង​នេះ​វា​វែង​ឆ្ងាយ​ណាស់​ចាំ​ខ្ញុំ​ប្រាប់ ឥឡូវ​សុំ​សម្រាក​មួយ​ភ្លែត​សិន​! កំពុង​តែ​ហត់​អត់បាយ​អត់​ទឹក​មួយ​ថ្ងៃ​ហើយ នៅ​មក​ជិះឡាន​កន្ត្រាក់ កន្ត្រែង​ឲ្យ​ឯង​រឹតតែ​ស៊ី​សឺ​អស់រលីង !

អរុណ និង​ផៃ​ជួយ​ទប់ខ្លួន​សា​ម៉​ន​ឡើង​ទៅ​លើ​ផ្ទះ អា​ម៉ា​ប់​ឡើង​តាម​ក្រោយ​របៀប​អស់កំលាំង​ទន់ដៃទន់ជើង ពេល​ឡើងជណ្តើរ​បះដៃបះជើង​វិ​ស​និង​ធ្លាក់ ម៉ា​ប់​ខំ​ស្រវា​រតោង​បង្កាន់ដៃ​ជាប់​បើកភ្នែក​ធំ​ៗ ។

ដូរ​ទីតាំង​៖
ក្នុង​បន្ទប់ទទួលភ្ញៀវ ។ ផៃ អរុណ​នាំសា​ម៉​ន​ទៅ​អង្គុយ​លើ​កៅអី ដៃ និង​អាវ​របស់​អរុណ​រហែក ដៃ​មាន​របួស​មុត​នឹង​បន្លា​ឈាម​ច្រើន​កន្លែង ។ កែវ​ជិះ​ម៉ូតូឌុប​ម្លិះ ច័​ន្ទ្រ​ជិះ​កង់​ម្នាក់ឯង មាន​ប៉ូលិស​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ជាមួយ​ចូល​មក​ឈប់​នៅ​មុខ​ទីធ្លា​ផ្ទះ រួច​ទាំងអស់​គ្នា​រត់ឡើង​ទៅ​លើ​ផ្ទះ​ចូល​ទៅ​ដល់​បន្ទប់ទទួលភ្ញៀវ
ម្លិះ​៖ ពុក​ៗ !

ម្លិះ​រត់​ចូល​ទៅ​ឱប​សា​ម៉​ន​ជាប់ ។ សា​ម៉​ន​ឱប​ម្លិះ​វិញ​គោះ​ម្លិះ​តិច​ៗ
សា​ម៉​ន​៖ ពុក​មិន​អី​ទេ​កូន មិន​អី​ទេ !

ផៃ​ងក់ក្បាល​គួរសម​ដាក់​ប៉ូលិស​ទាំង​ពីរ​នាក់
ផៃ​៖ ក្មួយ​ប៉ូលិស​អង្គុយ​សិន​មក​! ខ្ញុំ​ក៏​កំពុង​តែ​សួរ​ពុក​វា​ដែរ​ថា​មានរឿង​អី​កើតឡើង តែ​គាត់​នៅ​មិន​ទាន់​បាន​និយាយ​អ្វី​ទេ !

សា​ម៉​ន​គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត
សា​ម៉​ន​៖ នឹកឃើញ​ដល់​រឿង​នេះ​ខ្ញុំ​ដូច​ជា​ហួសចិត្ត​ដល់​ហើយ​! មិន​សម​នឹង​មានរឿង​អ​ញ្ចឹ​ង​សោះ​! ពី​ដើម​មក​ក្នុងភូមិ​យើង​នេះ​សុខ​ក្សាន្ត​ល្អ​ណាស់ ។
(​រូបភាព​ស្រមៃ​)

ម៉ា​ប់​បើកឡាន​ដឹក​ជី​កាត់​តាម​ផ្លូវ​ក្នុងភូមិ សា​ម៉​ន​ជិះ​ក្នុង​ឡាន​ជាមួយ ម៉ា​ប់​បើកឡាន​ផុត​ផ្លូវ​ក្នុងភូមិ​មក​ដល់​ផ្លូវ​មុខ​ចម្ការ​ស្ងាត់​ដាច់​ពី​ផ្ទះ​អ្នក​ភូមិ ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដេក​ស្ដូក​នៅ​ចំ​កណ្តាលផ្លូវ មាន​ម៉ូតូ​មួយ​ដួល​នៅ​ក្បែរ​នោះ ។ សា​ម៉​ន​បើកភ្នែក​ធំ​ៗ
សា​ម៉​ន​៖ អា​ម៉ា​ប់​ៗ ! មាន​មនុស្ស​ដួល​នៅ​កណ្តាលផ្លូវ ។

ម៉ា​ប់​ជាន់​ហ្វ្រាំង​ឡាន​ជាប់ ម៉ា​ប់​បើកទ្វារ​ឡាន​ចុះរ​ត់ទៅ​ឈ្ងោក​មើល​បុរស​ដែល​ដេក​ក្រាប​លើ​ផ្លូវ សា​ម៉​ន​ចុះ​ទៅ​តាម​ក្រោយ​ម៉ា​ប់​ដែរ ។ ម៉ា​ប់ និង​សា​ម៉​ន​កំពុង​តែ​នាំ​គ្នា​ចាប់​លើក​ប្រែ​បុរស​នោះ​បម្រុង​មើល​មុខ ។ សា​ម៉​ន និង​ម៉ា​ប់​ឃើញ​ដៃ​មនុស្ស​ពីរ​នាក់​មាន​កាន់​កន្សែង​ថ្នាំ​សន្លប់​លូក​មក​លូក​មក​ខ្ទប់​ច្រមុះ សា​ម៉​ន ម៉ា​ប់ ពីក្រោយ ។ សា​ម៉​ន និង​ម៉ា​ប់​នាំ​គ្នា​ខំប្រឹង​រើ​បាន​បន្តិច​ក៏​ទន់​ខ្លួន​ទាំងអស់​គ្នា ហើយ​ក៏​ដួល​សន្លប់​នៅ​លើ​ផ្លូវ ។
 (​បាត់​រូបភាព​ស្រមៃ​)

សា​ម៉​ន ផៃ ម្លិះ កែវ អរុណ ប៉ូ​លី​ស​ពីរ​នាក់​អង្គុយ​ជួបជុំ​គ្នា ម៉ា​ប់​ឈរ​ពីក្រោយ​សា​ម៉​ន​។ ប៉ូ​លី​សម្នាក់​មើល​មុខ​សា​ម៉​ន
ប៉ូ​លី​ស​ទី​មួយ​៖ អ​ញ្ចឹ​ង​លោក​មេ​ភូមិ​មិន​បានឃើញ​មុខ​ជនល្មើស​នោះ​ទេ មែន​ទេ ? សា​ម៉​ន​ងក់ក្បាល
សា​ម៉​ន ៖ បាទ ! មិន​បានឃើញ​ទេ ។ ឃើញ​តែ​ដៃ​វា​ប៉ុណ្ណឹង​ហ្នឹងឯង​ក៏​សន្លប់​ស្ដូក​បាត់​ទៅ​ហើយ ! ដឹងខ្លួន​ឡើង​ក៏​ឃើញ​ខ្លួនឯង​ជាប់​ចំណង​ក្នុង​ឡាន​កណ្តាល​ចម្ការ​ស្ងាត់​តែ​ម្តង ! ខ្ញុំ​ត្រូវ​អត់បាយ​ក្រហាយ​ទឹក​ដល់​ថ្មើរ​ណេះ​ចង់​ខ្យល់គ​ទៅ​ហើយ !

ប៉ូ​លី​ស​ទី​ពីរ​ងាក​មើល​មុខ​ម៉ា​ប់
ប៉ូ​លី​ស​ទី​ពីរ​៖ ចុះ​ប្អូនប្រុស​ខាង​ណោះ អាច​ចំណាំ​មុខមាត់​គ្នីគ្នា​របស់​ជនល្មើស​ដែល​ធ្វើ​ជា​ដេក​ដួល​កណ្តាលផ្លូវ​ដែរ​ទេ ?
ម៉ា​ប់​៖ ចំណាំ​យ៉ាងម៉េច​ទៅ​លោក​ប៉ូលិស​! បើ​វា​ផ្កាប់មុខ​ធ្វើ​សន្លប់​ស្ដូក​នៅ​លើ​ដី ។ ពួក​វា​ច្បាស់​ជា​ស្គាល់​ខ្ញុំ និង​អ៊ុំ​មេ​ភូមិ​ច្បាស់​ណាស់​បានជា​វា​ដឹង​ថា អ៊ុំ​មេ​ភូមិ​ឧស្សាហ៍​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចម្ការ​នោះ ។

ប៉ូលិស​ទី​មួយ​ធ្វើ​កំណត់ហេតុ​បណ្តើរ
ប៉ូលិស​ទី​មួយ​៖ អ​ញ្ចឹ​ង​វា​អាច​ជា​អ្នក​ភូមិ​ស្រុក​យើង​ដែរ​ទេ ?

ម៉ា​ប់​គ្រវីក្បាល
ម៉ា​ប់​៖ ដូច​ជា​មិនមែន​ទេ ! ខ្ញុំ​ស្គាល់​មិន​ចន្លោះ​ទេ​ជា​ពិសេស​អ៊ុំ​មេ​ភូមិ គាត់​ឧស្សាហ៍​ជួបជុំ​រួម​គ្នា​ធ្វើ​ពិធីបុណ្យ ឬ​ក៏​ប្រជុំ​កិច្ចការ ផ្សេង​ៗ​ក្នុងភូមិ ប៉ុន្តែ​តាម​ខ្ញុំ​មើល​ភិនភាគ​អា​ម្នាក់​ដែល​ធ្វើ​ពុត​ដេក​កណ្តាលផ្លូវ​នោះ ការ​ស្លៀកពាក​របស់​វា​មិន​សមជា​អ្នក​នៅ​ក្នុងភូមិ​នោះ​ទេ ។
ប៉ូ​លី​ស​ទី​ពីរ ៖ ស្អែក​នេះ​សុំ​លោក​មេ​ភូមិ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​ឃុំ​ទៅ ពួក​ខ្ញុំ​និង​ស្រាវជ្រាវ​មនុស្ស​ដែល​ប្លែក​មុខ​នៅ​ក្នុងភូមិ​ស្រុក​យើង​នេះ ក្រែង​បាន​តម្រុយ​ខ្លះ !
សា​ម៉​ន​៖ អរគុណ​ហើយ​ក្មួយ ! ចាំ​ខ្ញុំ​ទៅ​ស្នាក់​ការ​ឃុំ​ស្អែក​នេះ​ចាំ​ជួប​គ្នា​នៅ​ទីនោះ​ចុះ !

ប៉ូ​លី​សទាំង​ពីរ​នាំ​គ្នា​សំពះលា​សា​ម៉​ន រួច​នាំ​គ្នា​ចេញ​ទៅ ។ ម្លិះ​ងាក​មើល​អរុណ​ញញឹម​ទន់​ភ្ល​ន់
ម្លិះ​៖ ខ្ញុំ​អរគុណ​បង​រុណ​ហើយ​ដែល​បាន​ជួយ​ពុក​ខ្ញុំ​ទាន់​ពេល ! បើ​ពុក​ត្រូវ​អត់បាយ​អត់​ទឹក​រហូត​ទាប​ភ្លឺ​នោះ​មិនដឹង​ជា​យ៉ាងណា​ទេ !

(​នៅ​មាន​ត​)