ចាំមើល​អាជ្ញាធរ​ខេត្តសៀមរាប ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​បាន​ឬទេ​?

បទល្មើស​កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន បានកើត​ឡើងជា​ច្រើន​ខែ​មកហើយ មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ថ្មីៗ​នេះ​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប បាន​ព្រមាន​អ្នកមានអំណាច អ្នកមាន​លុយ និង​ប្រជាពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ឲ្យ​ដកខ្លួន​ចេញ​ជា​ប្រញាប់​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ទុកជាមុន​ថា ចំណាត់ការ​របស់​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តសៀមរាប ពុំមាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ព្រៃឈើ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ស្ទើរតែ​វិនាស​អស់​ទៅហើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល មន្ត្រី​បរិស្ថាន និង​សកម្មជន​ព្រៃឈើ បាន​សង្កេតឃើញថា បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នៅតែ​កើតឡើង​យ៉ាង​រាលដាល ព្រោះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី និង​កាប់​ដើមឈើ​ធំៗ​នៅលើ​ខ្នងភ្នំ​គូលែន​ដែលជា​តំបន់​ឧទ្យាន​ជាតិ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឃ្លាំមើល​បទល្មើស​ចាប់តាំងពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ ហើយ​បាន​រកឃើញថា ព្រៃឈើ​នៅ​ភូមិ​អន្លង់​ធំ ភូមិ​ថ្មី និង​ភូមិ​ព្រះអង្គ​ធំ ស្រុក​ស្វាយ​លើ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ណា​ទប់ស្កាត់​នោះទេ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ភួង លី​ណា បាន​ទទួលស្គាល់ថា បច្ចុប្បន្ន​ពិតជា​បទល្មើស​កាប់​ព្រៃ​នៅតាម​តំបន់​ខ្លះ​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ហើយ​ថា​ក្រុម​ល្បាត​ការពារ​ព្រៃឈើ​កំពុង​ចាត់វិធានការ​ពិនិត្យ​ជាក់ស្តែង​។ ជាមួយគ្នានេះ​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​ព្រមាន​ដល់​អ្នកមានអំណាច អ្នកមាន​លុយ និង​ប្រជាពលរដ្ឋ​ទាំងឡាយណា​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​រាន​ដីព្រៃ​នៅលើ​ខ្នងភ្នំ​គូលែន ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប ពុំមាន​ជំនឿ​លើ​វិធានការ​របស់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តសៀមរាប​នោះទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ដដែល​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ជាបន្ទាន់ ហើយ​ត្រូវ​ដាក់ទោស​តាមច្បាប់​ទៅលើ​ជនល្មើស​និង​ក្រុមមន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​៕

240លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប 8689dfee-4f9e-414b-b0c6-ac448d6534c4 image