អ្នក​វាយ​ប្រហារ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​តុលាការ​កម្ពុជា​ថា​ពួក​គេ​ជា​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន

មានការបកស្រាយប្រាប់តុលាការកម្ពុជាឲ្យដឹងថា ទាហាន៣នាក់ដែលបានឡើងសវនាការនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមេសា ២០១៦ពីបទវាយប្រហារហិង្សាលើតំណាងរាស្ដ្របក្សប្រឆាំង២នាក់កាលពីឆ្នាំ២០១៥ គឺជាអង្គរក្សរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន។

កាសែត AFP រាយការណ៍ថា ពីមុនមកក្រុមអង្គរក្សការពារសន្ដិសុខលោក ហ៊ុន សែន បានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះទេ។

នៅពេលមេធាវីសាកសួរលោក ចាយ សារិទ្ធ អង្គរក្សម្នាក់ក្នុងចំណោម៣នាក់ដែលបានឡើងតុលាការបាននិយាយថា លោកជាសមាជិករបស់អង្គភាពអង្គរក្សរបស់នាយករដ្ឋមន្ដ្រី។ លោកបន្ដថា លោក ម៉ៅ ហឿន និងលោក ស៊ុត វណ្ណនី ក៏មកពីអង្គភាពរបស់លោកដែរ។

ជនទាំងបីនាក់នេះបានរងបទចោទប្រកាន់ថាបានទាញតំណាងរាស្ដ្របក្សប្រឆាំងលោក គង់ សភា និងលោក ញ៉យ ចំរើន ចេញពីរថយន្ដ ហើយវាយដំយ៉ាងសាហាវលើពួកគេ ក្រោយពីលោកទាំងពីរបានជិះឡានចេញពីសភាកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំមុន។

អង្គរក្សទាំងបីនាក់នេះបានជាប់ចោទពីបទប្រព្រឹត្ដិហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្ដិ ដែលអាចជាប់ពន្ធនាគារម្នាក់៥ឆ្នាំ។ លោក ចាយ សារិទ្ធ និយាយថា លោកមិនបានទទួលបញ្ជាឲ្យវាយប្រហារលើតំណាងរាស្ដ្រទេ ហើយក៏មិនបានដឹងថា ពួកគេទាំង២នាក់នោះជាអ្នកនយោបាយដែរ។

អ្នក​វាយ​ប្រហារ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​តុលាការ​កម្ពុជា​ថា​ពួក​គេ​ជា​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន

លោក ញ៉យ ចំរើន រងគ្រោះដោយសារអង្គរក្សនាយករដ្ឋមន្ដ្រី ហ៊ុន សែន វាយប្រហារហិង្សាកាលពីខែតុលា ឆ្នាំ២០១៥ នៅក្រៅរបងសភា (Credit: Audience Submitted)

ព្រឹត្ដិការណ៍វាយប្រហារយ៉ាងហិង្សានេះបានកើតឡើងក្រោយពីមានការធ្វើបាតុកម្មមួយរបស់អ្នកគាំទ្រលោក ហ៊ុន សែន រាប់រយនាក់ដែលបានទាមទារឲ្យលោក កឹម សុខា ចុះចេញពីតួនាទីអនុប្រធានទី១នៃរដ្ឋសភា។

លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិផងនោះ ត្រូវតំណាងរាស្ដ្របក្សកាន់អំណាចបោះឆ្នោតដកតំណែង៤ថ្ងៃបន្ទាប់ ហើយបញ្ហានេះ បានធ្វើឲ្យបក្សប្រឆាំង និងក្រុមអង្គការសិទ្ធិមនុស្សមានការខឹងមិនពេញចិត្ដលើចំណាត់ការនេះ។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្កើនចំណាត់ការប្រើយន្ដការតុលាការដើម្បីចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងដែលរិះគន់រដ្ឋាភិបាលតាមអ៊ីនធើរណិត។

ពីគ្រាមុនលោកនិយាយថា ការវាយប្រហារហិង្សាលើតំណាងរាស្ដ្របក្សប្រឆាំងមិនបានធ្វើឡើងដោយអ្នកគាំទ្រគណបក្សរបស់លោកទេ។

តុលាការកម្ពុជានឹងបន្ដសវនាការស្ដាប់ការបកស្រាយរបស់ចុងចោទដទៃទៀតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ៕

ប្រភពៈ radioaustralia